ក្រចេះ: មន្ត្រីបាននិយាយថា សត្វព្រៃរស់ ៣០ ក្បាល ដែលរួមទាំងប្រភេទសត្វមានដោយកម្រផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើអូរក្រៀងក្នុងស្រុកសំបូរ នៃខេត្តក្រចេះសហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ ប្រគល់ទៅឲ្យអង្គការ Wildlife Alliance ដើម្បីនាំយកទៅលែងនៅក្នុងព្រៃធម្មជាតិវិញ ក្រោយពីបង្ក្រាប និងចាប់រឹបអូសបានពីបទល្មើសកាលពីថ្ងៃអង្គារ។
លោក ជួប សាវុធ មន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១០ មេសា ក្រុមការងាររបស់លោកបានទទួលព័ត៌មានពីក្រុមមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើអូរក្រៀង ដែលស្នើសុំជួយអន្តរាគមន៍ស្ទាក់ចាប់រថយន្ត១គ្រឿងដែលសង្ស័យមានដឹកជញ្ជូនបទល្មើសសត្វព្រៃ។
លោក សាវុធ បានបន្តថា ១៥ នាទីក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ ក្រុមការងាររបស់លោក បានប្រទះឃើញរថយន្តសង្ស័យ ប្រភេទកាមរីឆ្លាមពណ៌ស្ករ១គ្រឿងពាក់ស្លាកលេខព្រះសីហនុ 2A-2647 បើកតាមបណ្ដោយផ្លូវជាតិ ៧A។
លោកបញ្ជាក់ថា៖ «ក្រោយឃើញកម្លាំងសមត្ថកិច្ចយើងដាក់ពង្រាយតាមដងផ្លូវដើម្បីត្រួតពិនិត្យនៅលើដងផ្លូវ អ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បានចុះពីរថយន្ត ហើយដើរចូលទៅក្នុងភូមិគេចខ្លួនបាត់តែម្ដង»។
លោកបន្តថា៖ «ក្រោយការត្រួតពិនិត្យ និងឆែកឆេរដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្នុងរថយន្តសង្ស័យនោះបានរកឃើញសត្វព្រៃរស់សរុប ៣០ ក្បាល ក្នុងនោះមានសត្វសំពោចក្រអូប (Common Palm Civet) ចំនួន ៨ ក្បាលទម្ងន់ ១៧ គីឡូក្រាម និងសត្វស្លាបមិនស្គាល់ឈ្មោះចំនួន ២២ ក្បាល»។
ជាមួយគ្នានេះ លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរក្រៀង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វស្លាបទាំង ២២ ក្បាលនោះ មាន ២០ ក្បាល ជាសត្វអកព្រៃច្រើនពណ៌ និង ២ ក្បាលទៀតជាសត្វអកព្រៃខ្មៅ។
លោកបញ្ជាក់ថា៖ «សត្វស្លាបទាំងនេះ ជាប្រភេទសត្វស្លាបដែលមានដោយកម្រ និងរងការគំរាមកំហែង ស្ទើរឈានទៅរកភាពជិតផុតពូជ និងត្រូវបានចាត់បញ្ចូលទៅក្នុងចំណាត់ថ្នាក់ទី II នៃឧបសម្ព័ន្ធរបស់អនុសញ្ញាសាយតេស»។
លោកបន្តថា កាលពីថ្ងៃពុធ សត្វទាំងនោះត្រូវបានប្រគល់ទៅឲ្យខាងអង្គការ Wildlife Alliance ដើម្បីនាំយកទៅដោះលែងនៅក្នុងព្រៃធម្មជាតិវិញក្នុងតំបន់ភ្នំគូលេន ខេត្តសៀមរាប។ ឯរថយន្តដឹកបទល្មើសត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕