សប្បុរជនមួយចំនួន ដែលភាគច្រើនជាឧញ៉ា បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ ដែលកំពុងមានការរីករាលដាលក្នុងសហគមន៍។ ការបរិច្ចាគនេះ ស្របពេលប្រទេសអាល្លឺម៉ង់ ក៏បានប្រកាសផ្តល់ថវិកាចំនួន ៤,៨ លានអឺរ៉ូ ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ផងដែរ។
សប្បុរជនដែលបានប្រកាសផ្តល់ថវិកាដើម្បីជួយដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះមានដូចជា លោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ចំនួន ៣ លានដុល្លារ លោក គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ចំនួន ៣ លានដុល្លារ ក្រុមហ៊ុនជីពម៉ុងចំនួន ៣ លានដុល្លារ លោក ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មីចំនួន ៣ លានដុល្លារ លោក ចេន ហ្ស៊ី ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ចំនួន ៣ លានដុល្លារ និងលោក ថោង សារ៉ាត់ ចំនួន ១០ ម៉ឺនដុល្លារ រួមនឹងសប្បុរជនមួយចំនួនទៀត។
លោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ១១ មីនា ថា លោកបានបរិច្ចាគថវិកាតាមរយ:លោកនាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ចំនួន៣លានដុល្លារ។
លោកសរសេរថា៖ «ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថិរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ។ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា។ សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា»។
លោក ឡេង ណាវ៉ាត្រា បញ្ជាក់ថា លោកមិនមែនជាអ្នកមានលុយច្រើននោះទេ តែលោកមានបេះដូងស្រឡាញ់ប្រទេសជាតិ ហើយក៏មិនអាចឱបដៃឈរមើលថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែរ។
ចំណែកលោក ហុង ពីវ អគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី បានប្រកាសដែរថា៖ «សូមអរគុណដល់អតិថិជនដែលបានគាំទ្របុរីពិភពថ្មី ដែលនាំឱ្យយើងទាំងអស់គ្នាមានថវិកាចំនួន ៣ លានដុល្លារ បរិច្ចាគចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ»។
ទាក់ទងនឹងការបរិច្ចាគថវិកាជាបន្តបន្ទាប់ពីសប្បុរជនដែលភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិច្រើននេះ លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងនៅថ្ងៃនេះថា ការបរិច្ចាគនេះ ជាកាយវិការរបស់អ្នកមានចិត្តសប្បុរសធម៌របស់អ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានក្នុងប្រទេសកម្ពុជា។ ពួកគាត់មានលុយច្រើនក្នុងការដោះស្រាយបញ្ហារបស់រដ្ឋាភិបាល ដែលប្រទេសកម្ពុជាកំពុងជួបនូវការរីករាលដាល នៃជំងឺកូវីដ ១៩ នេះ ហើយក៏ដូចជាការឆ្លើយតបនឹងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងតែប្រឈមមុខនឹងបញ្ហាថវិកាផងដែរ។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖«សម្រាប់មហាជនពួកគាត់ចង់ឃើញនូវការបង្ហាញក៏ដូចជាការយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មាននៃការចាត់ចែងថវិកាដែលបានមកពីសប្បុរសជនទាំងអស់នេះប្រកបដោយតម្លាភាព គណនេយ្យភាពផងដែរ ក្នុងការប្រើប្រាស់ទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ»។
ទន្ទឹមនឹងនេះដែរ ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំទីក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី១១ ខែមីនា ថា ប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ថវិកាចំនួន៤,៨លានអឺរ៉ូបន្ថែមទៀតដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងកូវីដ ១៩ របស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
ថវិកាបន្ថែមនេះនឹងត្រូវអនុវត្តដោយកម្មវិធីចំនួន៣ផ្សេងគ្នានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់រហូតដល់ដំណាច់ឆ្នាំ ២០២១ ក្នុងនោះមាន ១,៨ លានអឺរ៉ូ ដើម្បីបង្កើនសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឃ្លាំមើលការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
បើតាមសេចក្តីប្រកាសនេះ ១ លានអឺរ៉ូ ជួយដើម្បីឱ្យមានភាពប្រសើរឡើងសម្រាប់ស្ថានភាពចំណូលនៃពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញនិងកំពុងគ្មានការងារធ្វើ និងថវិកា២លានអឺរ៉ូទៀត គឺដើម្បីពង្រឹងការកំណត់អត្តសញ្ញាណតាមការស្នើសុំថ្មី ដែលចាំបាច់ក្នុងការកំណត់អត្តសញ្ញាណប្រជាជនដែលធ្លាក់ចូលក្នុងភាពក្រីក្រដោយសារជំងឺរាតត្បាត។
យោងតាមសេចក្តីប្រកាសនេះគិតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់បានគ្រាំទ្រការឆ្លើយតបនឹងជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជា ជាមួយនឹងទឹកប្រាក់ជាង ១៧ លានដុល្លារ ជាចំនួនបន្ថែមពីលើការងារសហប្រតិបត្តិការអភិវឌ្ឍដែលកំពុងដំណើរការកន្លងមក។
ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏បានប្រកាសពីការផ្អាកចាក់វ៉ាក់សាំងកូវី ១៩ ស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិនសម្រាប់អ្នកចាក់លើកទី១ ជាបណ្តោះអាសន្នសិន ដោយក្រសួងមានភាពចំាបាច់ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងនេះសម្រាប់ការចាក់លើកទី២ (ដូសទី២) ដល់ក្រុមមនុស្សមួយចំនួនដែលពួកគាត់បានចាក់លើកទី១ រួចហើយ។
ក្រសួងបានប្រកាសនូវទីតាំងនិងកាលបរិច្ឆេទកំណត់ពីការផ្អាកការចាក់វ៉ាក់សាំងស៊ីណូហ្វាមនេះនៅតាមមន្ទីរពេទ្យរាជធានី-ខេត្តចំនួន ៣០ ដែលការផ្អាកនេះ ចាប់ផ្តើមពីថ្ងៃទី ១០ ខែមីនា ដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១។
ក្រសួងនឹងបន្តជម្រាបជូនដំណឹងឡើងវិញនូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់លើកទី១ (ដូសទី១) នៅពេលដែលមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ។
ចំណែកការចាក់វ៉ាក់សាំងកូវីសែល (Civisheld) ដែលទទួលអាជ្ញាបណ្ណផលិតដោយក្រុមហ៊ុន AstrZeneca សម្រាប់ក្រុមមនុស្សអាយុចាប់ពី ៦០ ឆ្នាំឡើង នៅបន្តចាក់ជាធម្មតាទៅតាមទីតាំងដែលបានកំណត់ដដែល៕