ភ្នំពេញៈ ក្មេងស្រីជាសិស្សសាលាម្នាក់ដែលគេឃើញស្លាប់អណ្តែតទឹកប្រឡាយក្បែរសាលារៀនបាខៅក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី ១៩ ខែកុម្ភៈត្រូវបាននគរបាលជំនាញបញ្ជាក់កាលពីម្សិលមិញថា គឺជាករណីរំលោភសម្លាប់។
លោក អ៊ុក ផាត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រៃវែងបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីជំនាញផ្នែកកោសល្យវិច័យអះអាងប្រាប់លោកថា ក្មេងស្រីរូបនេះត្រូវបានគេរំលោភហើយសម្លាប់។
លោកថ្លែងដោយស្រង់តាមសម្តីមន្ត្រីជំនាញម្នាក់ថា៖ «នៅលើខ្លួនប្រាណសពក្មេងរងគ្រោះផ្នែកអាវខាងលើមានសភាពធម្មតាទេ ដោយឡែកខោបានដាច់រហែកនៅត្រង់បរិវេណប្រដាប់ភេទ។ ដូច្នេះសមត្ថកិច្ចបានដាក់ការសង្ស័យថា ពិតជាករណីរំលោភសម្លាប់ក្មេងរងគ្រោះមែន»។
ក្មេងស្រីរងគ្រោះឈ្មោះ សុខ ចាន់ថង អាយុ ១៣ ឆ្នាំរៀននៅថ្នាក់ទី ៦ នៃសាលាបឋមសិក្សាបាខៅ និងមានលំនៅក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ។
បើតាមលោក ខាត់ ចាន់រិទ្ធី នាយប៉ុស្តិ៍ស្តៅកោង បាននិយាយប្រាប់តាមសម្តីបុរសឈ្មោះ សុខ និន អាយុ ៥៨ ឆ្នាំ ជាជីតារបស់ក្មេងរងគ្រោះថានៅថ្ងៃទី ១៥ កុម្ភៈចៅស្រីរបស់គាត់បានត្រឡប់មកពីសាលារៀនហើយប្តូរសម្លៀកបំពាក់រួចចេញទៅឃ្វាលគោ ហើយបានបាត់មិនឃើញមកផ្ទះវិញឡើយ។ លុះព្រឹកឡើងថ្ងៃទី ១៦ កុម្ភៈទើបគាត់រាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ច។
លោកនាយប៉ុស្តិ៍បន្តថា ក្មេងរងគ្រោះត្រូវប្រទះឃើញស្លាប់នៅក្នុងស្រះទឹកកំប្លោក នៅក្បែរសាលារៀនហើយសមត្ថកិច្ចធ្វើកោសល្យវិច័យសាកសពក៏ប្រគល់ទៅក្រុមគ្រួសារក្មេងរងគ្រោះ ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់៕