ភ្នំពេញៈ សព​នាយទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ការឆ្លង​ជំងឺ​កូវីដ ​១៩ ក្នុង​ប្រទេស​ម៉ាលី​ នឹងត្រូវ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខខន្ធ នៅក្នុង​បន្ទាយ​កងទ័ព​មួក​ខៀវ​របស់​ UN ប្រចាំ​ប្រទេស​ម៉ាលី​នៅ​ថ្ងៃទី ០៣-០៤ ខែមិថុនា​ ខាងមុខ​ ខណៈ​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ៥ ​នាក់​ផ្សេង​​ទៀត​ ដែល​បាន​ឆ្លង​ជំងឺ​នេះដែរ​នោះ​បាន​ជាសះស្បើយ​។

លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ម្សិលមិញ​ថា លោក ស សាវី អាយុ ៦៣ ​ឆ្នាំ​ ជា​នាយទាហាន​ថ្នាក់ជាតិ និង​ជា​យោធិន​ដ៏ឆ្នើម​របស់​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​ការងារ​មនុស្សធម៌​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី បាន​ទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ ឧសភា ឆ្នាំ ២០២០ ដោយសារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​ សុវណ្ណនី ថ្លែងថា​៖ «​នៅពេល​នេះ​សព​លោក ស សាវី កំពុង​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៃ​សាធារណរដ្ឋ​ម៉ាលី រៀបចំ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូវីដ​ ១៩ និង​ធ្វើការ​វេចខ្ចប់​ទៅ​តាម​ស្តង់ដា​បច្ចេកទេស និង​កំពុង​តម្កល់ទុក​ក្នុង​បន្ទប់​ក្លា​ស្សេសព ដើម្បី​ត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដ៏ធំ​មួយ​ក្នុង​បន្ទាយ​កងទ័ព​មួកខៀវ​របស់ UN ប្រចាំ​ប្រទេស​ម៉ាលី ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ០៣-០៤ ខែ​មិថុនា​ ខាងមុខ​»​។

បើ​តាម​លោក សុវណ្ណនី ក្រុម​កងទ័ព​មួក​ខៀវ​នៃ​បណ្ដា​ប្រទេស​ទាំងអស់​ដែល​ស្ថិតក្រោម​ឆត្រ​ UN និង​ដែល​កំពុង​បំពេញ​បេសកកម្ម​មនុស្សធម៌​ក្នុងប្រទេស​ម៉ាលី​ កំពុង​ត្រៀមខ្លួន​ចូលរួម​នៅក្នុង​ពិធី​នេះ​។ មរណភាព​របស់​លោក​ ស សាវី «​គឺជា​ការបាត់បង់​ធនធាន​កងទ័ព​មួក​ខៀវ​ដ៏មាន​បទពិសោធ​ម្នាក់​ក្នុង​ការបោសសម្អាត​មីន ដើម្បី​ស្ដារ​សុខសន្តិភាព​ជូន​ប្រជាជន​ក្នុង​ពិភពលោក​»​។

លោក ស សាវី បាន​ដឹកនាំ​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​ ២៣១ ​ទៅ​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៩ ហើយ​ត្រូវ​បញ្ចប់​បេសកកម្ម​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ខែមេសា ឆ្នាំ​ ២០២០ កន្លងទៅ ប៉ុន្តែ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នៅ​ទូទាំង​​ពិភពលោក​ទើប​ធ្វើឲ្យ​ការវិលត្រឡប់​ត្រូវ​ពន្យារពេល​។

លោក សុវណ្ណនី ថ្លែង​ថា​៖ «​ដោយសារ​លោក ស សាវី ស្លាប់​ក្នុងករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ដូច្នេះ​យើង​មិន​ដឹងថា ខាង​ក្រុមគ្រូពេទ្យ​ជំនាញ និង​ក្រុម​ជំនាញ UN ប្រចាំ​ប្រទេស​ម៉ាលី​ នឹង​សម្រេច​បែបណា​ចំពោះ​សំណើ​របស់​យើង​ក្នុង​ការនាំ​សព​គាត់​ត្រឡប់​មក​កម្ពុជា​វិញ​នោះទេ​។ ប៉ុន្តែ​ខាង UN ថា​នឹង​ផ្ដល់ដំណឹង​មក​យើង​នៅ​ក្រោយ​ថ្ងៃ​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​»​។

បើតាម​លោក សុវណ្ណនី កងទ័ព​មួកខៀវ​កម្ពុជា​នៅ​សាធារណរដ្ឋ​ម៉ាលី​មាន​ចំនួន ៦ ​នាក់​រួមទាំង​លោក ស សាវី បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ពួកគេ​បានជា​សះស្បើយ​ធម្មតា​ឡើង​វិញ​អស់ហើយ លើកលែង​តែ​លោក ស សាវី ម្នាក់​គត់ ដែល​មាន​សភាព​ឈឺធ្ងន់ធ្ងរ​ជាងគេ​ដែល​ត្រូវបាន​ទទួល​មរណភាព​។

បច្ចុប្បន្ន​កងកម្លាំង​មួកខៀវ​របស់​កម្ពុជា​ចំនួន ៥ ​កង​ធំៗ សរុប​ជិត ៨០០ ​នាក់​ ក្នុង​នោះ​នារី​ជិត ៨០ ​នាក់​ បាន​និង​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន ៤ ​រួមមាន លីបង់​, ស៊ូដង់​ខាងត្បូង​,​ ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។

ជាមួយ​គ្នា​នេះ​លោកស្រី Pauline Tamesis តំណាង​អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​សារលិខិត​របស់​លោកស្រី​ថា​៖ «​ចាប់តាំងពី​ឆ្នាំ ១៩៤៨ មក​មាន​ទ័ព​មួកខៀវ​ចំនួន ៣ ៩០០ ​នាក់​ បាន​បាត់​បង់ជីវិត​ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព​ក្នុង​នោះ​រាប់ទាំង​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ ៩ ​នាក់​ផងដែរ​»៕