ភ្នំពេញៈ សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ២ រូបគឺលោកស្រី ជា ច័ន្ទទេវី និងលោក សួន មាន ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រឱ្យធ្វើជាសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី ៤ នៅក្នុងកិច្ចប្រជុំពេញអង្គកាលពីម្សិលមិញ ហើយសមាជិកទាំង ២ រូបនេះនឹងត្រូវចូលកាន់តំណែងនៅព្រឹទ្ធសភានាពេលខាងមុខជាមួយនឹងសមាជិកព្រឹទ្ធសភាចំនួន ៦០ រូបផ្សេងទៀត។
តាមច្បាប់សមាជិកព្រឹទ្ធសភាត្រូវមានចំនួនពាក់កណ្តាលនៃសមាជិករដ្ឋសភា ពោលគឺមានចំនួន ៦២ រូបសម្រាប់អាណត្តិថ្មីនេះក្នុងនោះមាន ២ រូបត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ ២ រូបត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង ៥៨ រូបទៀតត្រូវដាក់ឱ្យបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសមាជិករដ្ឋសភាដែលជាអង្គបោះឆ្នោត។
ដោយសារតែការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នេះពុំមានវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយគណបក្សកាន់អំណាចដោយសារតែគណបក្សប្រឆាំងមួយនេះត្រូវបានរំលាយបានធ្វើឲ្យគណបក្សប្រជាជនបានឈ្នះអាសនៈទាំងអស់ នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ នេះ។
សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី ១០ នីតិកាលទី ៥ កាលពីម្សិលមិញធ្វើឡើងក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាដោយមានសមាជិករដ្ឋសភាចំនួន ១១៤ រូបចូលរួម។
បន្ទាប់ពីការបោះឆ្នោតលោក ហេង សំរិន បានថ្លែងថាសន្លឹកឆ្នោតសរុបមានចំនួន ១១៤ សន្លឹកនៃសមាជិករដ្ឋសភាទាំងមូលដោយបានបោះជូនលោកស្រី ជា ច័ន្ទទេវី ចំនួន ១០៤ សំឡេង សន្លឹកឆ្នោតមិនព្រមមានចំនួន ៩ សំឡេង សន្លឹកឆ្នោតអនុបវាទចំនួន ១ សំឡេង។ ចំណែកលោក សួន មាន ទទួលបានការគាំទ្រចំនួន ១០៤ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូលសន្លឹកឆ្នោតមិនព្រមចំនួន ៧ សំឡេង សន្លឹកឆ្នោតអនុបវាទ ៣ សំឡេង។
លោក ហេង សំរិន បានប្រកាសថា៖ «តាមលទ្ធផលនៃការបោះឆ្នោត នាពេលនេះខ្ញុំសូមប្រកាសថាលោកជំទាវ ជា ច័ន្ទទេវី និងឯកឧត្តម សួន មាន ត្រូវបានអង្គសភាជាតិបោះឆ្នោតជាប់ជាសមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី ៤ ជ្រើសតាំងដោយសភាជាតិ»។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថា លោកសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋសភាដែលបានបោះឆ្នោតផ្ដល់ឱកាសដល់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចបានចូលបម្រើការងារជូនជាតិ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់លើសមត្ថភាព និងបទពិសោធសមាជិកថ្មីទាំង ២ រូបនេះព្រោះកន្លងមកពួកគាត់ក៏ធ្លាប់ធ្វើជាមន្ត្រីរាជការជាន់ខ្ពស់ដែរ ហើយនៅពេលពួកគាត់ចូលធ្វើការក្នុងព្រឹទ្ធសភា ពួកគាត់នឹងដកស្រង់បទពិសោធការងារនៅទីនោះបន្ថែមដោយផ្អែកលើចំណេះដឹងរបស់ពួកគាត់ដែលមានស្រាប់»។
លោកស្រី ជា ច័ន្ទទេវី និងលោក សួន មាន មិនបានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននោះទេ។
លោក យឿង សុធារ៉ា អតីតមន្ត្រីផ្នែកច្បាប់ និងឃ្លាំមើលនៅអង្គការខុមហ្វ្រែលយល់ថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយសមាជិករដ្ឋសភានេះគ្រាន់តែជាការបង្ហាញពីសម្ព័ន្ធភាពរបស់គណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីរក្សាការបំភាន់នៃលទ្ធិប្រជាធិបតេយ្យពហុបក្សក៏ដូចជាការធានាស្ថិរភាពនៅក្នុងគណបក្សកាន់អំណាចប៉ុណ្ណោះ។
លោក សុធារ៉ា បាននិយាយថា៖ «ការតែងតាំងដោយរដ្ឋសភា គឺ...ដើម្បីចៀសវាងការរិះគន់»។
នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី ១០ នីតិកាលទី ៥ កាលពីម្សិលមិញលោក ហេង សំរិន ក៏បានអានព្រះរាជសារព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ ដែលមានខ្លឹមសារថា៖ «ខ្ញុំ ព្រះករុណាខ្ញុំ សូមសាទរដល់រាជរដ្ឋាភិបាលដែលតែងតែបានប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីជាតិ ដើម្បីរួបរួម ពួតដៃគ្នារវាងប្រជាជាតិកម្ពុជាទាំងអស់ ទាំងក្នុង និងក្រៅប្រទេសលើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយដើម្បីកសាង និងការពារជាតិ សមិទ្ធផលសង្គម និងការធានាឲ្យមានឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព»។
ក្រៅពីការបោះឆ្នោតគាំទ្របេក្ខភាពសមាជិកព្រឹទ្ធសភា និងការអានព្រះរាជសាររបស់ព្រះមហាក្សត្រ រដ្ឋសភា ក៏បានអានរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី ៩ និងលើកទី ១០ នីតិកាលទី ៤ និងក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាប័ណ្ណបញ្ជា សម្រាប់សុខភាពសាធារណៈផងដែរ៕