ភ្នំពេញៈ សភាអឺរ៉ុបលើកយកករណីលោក កឹម សុខា មកពិភាក្សា និងសម្រេចនាថ្ងៃនេះ ខណៈដែលឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានឆ្លើយតបទៅនឹងមន្ត្រីនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា រឿងដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងអ្នកជាប់ឃុំថ្មីៗនេះគឺផ្អែកលើកិច្ចមនុស្សធម៌ និងជាការអនុវត្តនីតិរដ្ឋ។
តាមសំណើដែលសភាអឺរ៉ុបបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី ១១ ខែកញ្ញាក្រុមសមាជិកសភាអឺរ៉ុបបានលើកឡើងនូវសេចក្តីយោង និងសំអាងហេតុមួយចំនួនដែលរួមមានការទទួលបានជ័យជម្នះ ១០០ ភាគរយរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ការចាប់ខ្លួន និងចោទប្រកាន់លោក កឹម សុខា ការពន្យារការឃុំខ្លួនការរួមតូចនៃលំហប្រជាធិបតេយ្យក្រោយមានការអនុម័តច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ការបិទសារព័ត៌មានឯករាជ្យនិងរឹតបន្តឹងសេរីភាពលើបណ្ដាញសង្គម ការរឹតបន្តឹងការជួបជុំរបស់សហជីព ការទទួលបានការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP និង EBA ជាដើម។
ដោយផ្អែកលើសំអាងហេតុនេះក្រុមសមាជិកសភាអឺរ៉ុបបានសុំការសម្រេចពីសភាអឺរ៉ុបទៅលើចំណុចមួយចំនួនដែលរួមមាន ការបង្ហាញក្តីបារម្ភអំពីការបោះឆ្នោតឆ្នាំ ២០១៨ ទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសង្គមស៊ីវិលបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើក្រុមប្រឆាំង និងធ្វើឲ្យមានកិច្ចសន្ទនាជាមួយក្រុមប្រឆាំង ធានានូវឯករាជភាពនៃប្រព័ន្ធតុលាការ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតជំរុញឲ្យមានការបន្តស៊ើបអង្កេតអំពីការរំលោភដីធ្លីនៅកម្ពុជា និងជំរុញឲ្យបេសកកម្មស្វែងរកការពិតរាយការណ៍ពីការរកឃើញរបស់ខ្លួនទៅកាន់សភាអឺរ៉ុប និងស្នើឲ្យព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រសិនបើកម្ពុជាបានរំលោភសិទ្ធិមនុស្ស។
លើសពីនេះទៀតក៏មានការស្នើឲ្យសេវាកម្មការងារក្រៅប្រទេសរបស់អឺរ៉ុប (EEAS) និងគណៈកម្មការអឺរ៉ុប «ដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិបុគ្គលដែលទទួលខុសត្រូវចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតរួមទាំងមន្ត្រីដែលស្ថិតក្នុងបញ្ជីរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលចេញផ្សាយនៅខែមិថុនា ឆ្នាំ ២០១៨»។
សំណើនេះក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តអនុស្សរណៈនៃការយោគយល់ក្នុងការដាក់ការិយាល័យឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (OHCHR) ដែលនឹងត្រូវអស់សុពលភាពនៅចុងខែធ្នូខាងមុខ។
ប៉ុន្តែលោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំ អ.ស.ប ក្នុងសម័យប្រជុំលើកទី ៣៩ ថ្ងៃទី ១១ កញ្ញា របស់ អ.ស.ប នាទីក្រុងហ្សឺណែវ លោកក៏បានពន្យល់អំពីស្ថានភាពកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយថា ជាការអនុវត្តក្រោមលក្ខខណ្ឌរបស់តុលាការ និងស្របតាមឆន្ទានុសិទ្ធិរបស់ចៅក្រម។ ស្របពេលនោះដែរលោកបានប្រតិកម្មតបទៅនឹងលោកស្រី Michelle Bachelet ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សដែលទើបត្រូវបានតែងតាំងថ្មី ដែលនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជាដោយលោកស្រីបានស្នើឲ្យដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកនយោបាយទាំងអស់។
លោកថ្លែងថា៖ «ហេតុដូច្នេះហើយការដោះលែងលោក កឹម សុខា កាលពីម្សិលមិញ (១០ កញ្ញា) ក្រោមលក្ខខណ្ឌតុលាការគឺធ្វើទ្បើងដោយផ្អែកលើកិច្ចមនុស្សធម៌ដោយស្របតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ហើយការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសថ្មីៗនេះគឺជាការអនុវត្តនីតិរដ្ឋ ដែលជាកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងរដ្ឋទាំងអស់ដែលមានមោទនភាពថាខ្លួនជាអ្នកប្រកាន់នីតិរដ្ឋ»។
លោកស្រី Michelle Bachelet ដែលបាននិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជាបានស្វាគមន៍ចំពោះការដោះលែងលោក កឹម សុខា អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងសមាជិកគណបក្សប្រឆាំង។ ជាមួយគ្នានេះលោកស្រីស្នើឲ្យដោះលែង និងទម្លាក់បទចោទលើអ្នកនយោបាយទាំងអស់ ឬពលរដ្ឋសាមញ្ញដែលត្រូវបានចាប់ខ្លួនដោយសារការអនុវត្តសិទ្ធិរបស់ពួកគេ។
អង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចក៏បានស្វាគមន៍ការដោះលែងលោក កឹម សុខា ដោយថាវាជាជំហាននៃទិសដៅមួយដ៏ត្រឹមត្រូវ។ ពួកគេក៏បានអំពាវនាវឲ្យមានការទម្លាក់បទចោទលើលោក កឹម សុខា ទាំងស្រុង។
លោកស្រី Barbel Kofler ប្រតិភូសិទ្ធិមនុស្សនៃរដ្ឋាភិបាលអាល្លឺម៉ង់ថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍ការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌទៅលើលោក កឹម សុខា...។ វាជាជំហានទី ១ នៃទិសដៅដ៏ត្រឹមត្រូវ។ ការទម្លាក់បទចោទដែលគ្មានមូលដ្ឋានទាំងអស់ និងដកការរឹតត្បិតទាំងអស់គឺជាជំហានបន្ទាប់។ ចូរយើងនាំគ្នាក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងត្រឡប់ក្រោយលើលម្ហស៊ីវិលដែលកំពុងធ្លាក់ចុះ»។
ស្ថានទូតស៊ុយអែតក៏បានស្វាគមន៍ដែរហើយថា វាជាចំណុចឆ្ពោះទៅរកការទម្លាក់បទចោទ និងដកការរឹតត្បិតលើលោក កឹម សុខា។
«ការដោះលែងលោក កឹម សុខា គឺជាផ្នែកមួយនៃជំហានវិជ្ជមានដែលត្រូវបានធ្វើទៅលើអ្នកនយោបាយប្រឆាំង និងសកម្មជនដែលយើងសង្ឃឹមថានឹងបន្តដើម្បីធានាបានថា ការប្រឆាំងផ្នែកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលអាចអនុវត្តតួនាទីរបស់ខ្លួនដោយសេរី»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគឺជាការអនុវត្តដំណើរការនីតិវិធីរបស់តុលាការ។ វាមិនមែនដូចការលើកឡើងថាជាជំហានត្រឹមត្រូវ ឬដោយសារសម្ពាធអន្តរជាតិទេ។
លោកថ្លែងថា៖ «អ៊ីចឹងទេ ការស្នើសុំឲ្យទម្លាក់បទចោទអីនោះ ក៏វារឹតតែមិនអាចទៅរួចទៀតហើយពីព្រោះនេះជាការសម្រេចរបស់តុលាការដោយផ្អែកលើទឡ្ហីករណ៍ សាក្សី ភ័ស្តុតាង និងមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់»។
លោកបញ្ជាក់ថា៖ «ចៅក្រមស៊ើបសួរត្រូវស៊ើបសួរបន្ថែមស៊ើបទាំងដាក់បន្ទុក ស៊ើបទាំងដោះបន្ទុក ប្រសិនបើគាត់ស៊ើបទៅឃើញថា មិនមានទឡ្ហីករណ៍ ភ័ស្តុតាង សាក្សី តាមផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ ចៅក្រមស៊ើបសួរអាចចេញសេចក្តីសម្រេចលើកលែងការចោទប្រកាន់នោះបាន ហើយព្រះរាជអាជ្ញាអ្នកចោទអាចប្តឹងឧទ្ធរណ៍ទៀតបាន បើមិនសុខចិត្ត»។
លោកថា៖ «បើសិនអន្តរជាតិចង់ជួយលោក កឹម សុខា គឺមានតែចូលរួមក្នុងដំណើរការនីតិវិធីទេផ្តល់សក្ខីកម្មទឡ្ហីករណ៍ភ័ស្តុតាងថ្មីដែលមានមូលដ្ឋានច្បាប់រឹងមាំដើម្បីការពារគាត់ឲ្យរួចផុតពីបទចោទអាហ្នឹងទើបជាការអនុវត្តត្រឹមត្រូវតាមនីតិវិធី និងបញ្ញត្តិច្បាប់របស់កម្ពុជា»៕