ភ្នំពេញៈ សភា​អឺរ៉ុប​នឹង​រៀប​ចំ​កិច្ច​​ប្រ​ជុំ​​មួយ​ ស្តី​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​នីតិ​រដ្ឋ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ ទី ១៣ ខែ​កញ្ញា​នេះ​ដែល​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​គឺ​ពិ​ភាក្សា​ អំពី​កម្ពុជា​ដោយ​​ផ្តោត​ទៅ​លើ​ការ​ ចាប់​ឃុំ​ខ្លួន​អតី​ត​មេ​ដឹក​នាំ​គ​ណ​បក្ស​ប្រឆាំងលោក កឹម សុខា ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ នៅ​អ៊ូ​ហ្គង់​ដា​ និង​ការ​កាត់​ទោស​អ្នក​សារ​ព័ត៌​មាន​​រ៉យ​ទ័​រ ២ នាក់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា។

នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សភា​អឺ​រ៉ុប ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ៦ ខែ​កញ្ញាដោយ​បាន​បញ្ជាក់​ថា ​ដំណោះ​ស្រាយ​មិន​​មែន​នីតិ​ប្បញ្ញត្តិ​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​។

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំងលោក កឹម សុខា​ ត្រូវ​បាន​​ចាប់​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​​គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន ទី ៣ ខែ​កញ្ញា​ឆ្នាំ ២០១៧មក ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ​»ដ៏ចម្រូង​ចម្រាស។ តុលា​ការ​បាន​បដិ​សេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​លើក​ទី ៥ របស់​គាត់​ កាលពី​ខែ​មុន។

បណ្តា​ប្រទេស​លោក​ខាង​លិ​ច​ជាច្រើន​ និង​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នា​នា​បាន​ទាម​ទារ​ជា​ដដែល​ៗ​ឱ្យ​ដោះ​លែង​លោក​ កឹម​សុខា​ ហើយ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​នោះ​ថា​ធ្វើ​តាម «​អំ​ពើ​ចិត្ត​​»។

សហ​ភាព​អឺ​រ៉ុប​ក៏​កំ​ពុង​ពិនិត្យ ឡើង​វិញ​នូវ«ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ EBA)» ចំពោះ​ប្រទេស​កម្ពុជា ​ដោយ​បាន​អំ​ពាវ​នាវ​ឱ្យ​ដោះ​លែង​លោក​កឹម​ សុខា ​និង​ស្ដារ​សិទ្ធិ​នយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ដែល​​ត្រូវ​បាន​តុលា​ការ​កំពូល​សម្រេច​​រំ​លាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​មុន​​​។

ជា​មួយ​គ្នា​ផង​ដែរ នៅ​ចុង​ខែ​នេះ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ក៏​នឹង​បើក​កិច្ច​ប្រជុំ​លើក​ទី ៣៩ របស់ ខ្លួន​ចាប់ពី​ថ្ងៃ ទី ១០ ដល់​ថ្ងៃទី ២​៨ ខែកញ្ញា ហើយ​ចំពោះ​ស្ថាន​ភា​ព​​សិ​ទិ្ធ​មនុស្សនៅ​​កម្ពុជា​​ក៏​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅ​ថ្ងៃទី ២៦ខែកញ្ញា។ នេះ​បើ​យោង​តាម របៀប​វារៈ​បណ្តោះ​អា​សន្ន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​អង្គ​ការ​សហ​ប្រជា​ជាតិ UNHRC។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក ផៃ ស៊ី​ផាន​ បាន​ថ្លែង​ថា ​មិន​ថា​ការ​សម្រេច​ចិត្ត​បែប​ណា​នោះ​ទេ​ប្រទេស​កម្ពុជា​នឹង​មិន​ស្តាប់​បង្គាប់​នរណា​ម្នាក់​ឡើយ​ពី​ព្រោះ​កម្ពុជា​​ជា​រដ្ឋ​ឯក​រាជ្យ ​ហើយ​ពន្ធ​អនុ​គ្រោះ EBA នឹង​បញ្ចប់​ដោយ​ខ្លួន​ឯង។

លោក​បញ្ជាក់​ថា៖«យើង​ដឹង​ខ្លួន​យើង​ហើយ​ថា​ពន្ធ​អនុ​គ្រោះ EBA នឹង​បញ្ចប់​ដោយ​ផ្អែក​លើ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា។ វា​មិន​​អាច​ចៀស​វាង​បាន​ទេ​ថា​ វា​នឹង​ត្រូវ​ឈាន​ដល់​កម្រិត​ទី ១ ហើយ​​ទី ២ និង​​កម្រិត​ទី ៣ នឹង​នៅ​តែ​មាន​ដោយ​មាន​​ពន្ធ​ទាប​តិច​តួច​»។

ប៉ុន្តែ​លោក​ស្រី​ មូរ ​សុខ​ហួរ អនុ​ប្រធាន​​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ លោកស្រី​រំពឹង​ថានឹង​មាន​ការ​លើក​ឡើង​ខ្លាំង​ៗ ពី​សហ​ភាព​អឺរ៉ុប​ និង​អង្គការ UNHRC។

លោក​ស្រី​ថ្លែង​ថា៖ «ការស្លាប់​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ នៅ​តែ​មាន​​កម្រិត​ខ្ពស់​នៅ​ឡើយ​ចំពោះ​សហ​ភាព​អឺ​រ៉ុប​ និង​អង្គ​ការ UNHRC ហើយ​នឹង​មាន​ការ​លើក​ឡើង​ធ្ងន់​ៗឲ្យ​ដោះ​លែង​លោក​ កឹម​ សុខា​ ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ»។

លោក Phil Robertson នា​យក​រង​អង្គ​ការ​ឃ្លាំ​មើល​សិទិ្ធ​​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អា​ស៊ី​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​កំពុង​ប្រ​ឈម​នឹង​ផ្លូវ​មួយ​ដ៏​លំ​បាក នៅ​ខែ​ក្រោយ​នៅ​ឯ​សហ​ភាព​អឺ​រ៉ុប ​និង​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ហើយ​ដំណោះ​ស្រាយ​ទំនង​អាច​មាន​ការ​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ និង​អន្ត​រាគមន៍​របស់​រដ្ឋា​ភិ​បាល​បរទេស ចំពោះ​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​របស់​ទី​ក្រុង​ភ្នំពេញ និង​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ចំពោះ​​ការ​បោះ​ឆ្នោត​ថា​ «ក្លែង​ក្លាយ​​មិន​សេ​រី​ និង​មិន​យុត្តិ​ធម៌»​។

លោក​បន្ត​ថា៖«សភា​អឺរ៉ុប​ក៏​ទំនង​នឹង​មាន​ដំណោះ​ស្រា​យ​​​ឆ្លើយ​តប​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​ខ្លាំង ​ទៅ​លើ​​កា​រធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្ម​ការ​អឺ​រ៉ុប ​ថា​តើ​ត្រូវ​ចាប់​ផ្ដើម​ពិនិត្យ​ឡើង​វិញ​ជា​ផ្លូវ​ការ​ ដើម្បី​ដក​ហូត​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅ​ក្រោម​ប្រព័​ន្ធ​​អនុ​គ្រោះ​ពន្ធ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ឬ​យ៉ាង​ណា​​​​? កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ​ក៏​អាច​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ផង​ដែរ ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស»​។

លោក Robertson ថ្លែងថា​ ក្រុម​អ្នក​ការ​ទូត​បរទេស​​ទាំង​នៅ​ក្នុង​ទី​ក្រុង​ប្រ៊ុច​សែល​ និង​ទី​ក្រុង​ហ្សឺ​ណែវ​ មិន​ជឿ​អំពី​ការ​លើក​ឡើង​របស់​កម្ពុ​ជា​​អំពី​រឿង​បដិវត្តន៍​ពណ៌​នោះទេ៕ NS