ភ្នំពេញៈ សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យ និងនគរបាលមូលដ្ឋានកំពុងបន្ដស្រាវជ្រាវរកមូលហេតុពិតជុំវិញករណីអគ្គិភ័យ ឆេះរថយន្តសង្គ្រោះបន្ទាន់ចំនួន ៣ គ្រឿង នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសកាលពីល្ងាចថ្ងៃទី ១៥ តុលា ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកើតហេតុ។
លោក ព្រំ យ៉ន ប្រធានការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ករណីអគ្គិភ័យឆេះរថយន្តនៃមន្ទីរពេទ្យព្រះកុសុមៈដែលបណ្តាលឲ្យរងគ្រោះមនុស្សនោះ រហូតមកទល់ពេលនេះកម្លាំងជំនាញបានចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុនោះហើយ។ ការចុះស្រាវជ្រាវនេះ ដើម្បីរកឲ្យឃើញពីមូលហេតុពិតដែលបណ្ដាលឲ្យមានការឆេះនេះ។
លោកបានបញ្ជាក់ថា៖ «ក្រុមការងាររបស់ខ្ញុំកំពុងទៅពិនិត្យធ្វើកោសល្យវិច័យនៅទីនោះ។
យើងកំពុងពិនិត្យជាមួយម្ចាស់មូលដ្ឋានដើម្បីវាយតម្លៃពីការឆេះឲ្យបានជាក់លាក់»។
លោក ព្រំ យ៉ន បានលើកឡើងថា៖ «ពីមុនមកយើងមិនដែលជួបប្រទះករណីបែបនេះទេ មានតែឆេះរថយន្តប្រជាពលរដ្ឋតែនេះជាលើកទី ១ ហើយដែលឆេះរថយន្តពេទ្យ»។
ទោះជាយ៉ាងណាក្ដីលោក ឯល សាវុធ នាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់ ២ បានប្រាប់កាលពីម្សិលមិញដែរថាក្នុងហេតុការណ៍អគ្គិភ័យឆេះរថយន្តនោះ មានជនរងគ្រោះម្នាក់ឈ្មោះ ឈុន ទិត អាយុ ៣៨ ឆ្នាំ ជាប្រធានក្រុមបើកបររថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈ។
បើតាមលោក សាវុធ ជនរងគ្រោះរបួសស្ទើរពេញខ្លួនក្នុងនោះមានរលាកប្រអប់ជើងខាងឆ្វេង រលាកដៃទាំងសងខាងរួមនឹងជើងមួយចំហៀងខាងស្តាំរលាកខ្លាំង។
លោក សាវុធ បានបញ្ជាក់ថា៖ «ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យកើតហេតុនោះជួយសង្គ្រោះបន្ទាន់ ព្រោះគាត់ជាបុគ្គលិកមន្ទីរពេទ្យនោះស្រាប់»។
លោកបានរំឭកប្រាប់ថា ហេតុការណ៍ឆេះរថយន្តសង្គ្រោះបន្ទាន់នេះ បើតាមសម្តីជនរងគ្រោះបានប្រាប់ថា រថយន្តនោះជារថយន្តសង្គ្រោះបន្ទាន់ ហើយនៅក្នុងរថយន្តមានបំពាក់បំពង់ខ្យល់អុកស៊ីហ្ស៊ែនដែលជាឧបករណ៍សម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលជាកម្មសិទ្ធិរបស់មន្ទីរពេទ្យព្រះកុសុមៈ។
លោកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ាឡេតមកមួលក្បាលបំពង់ខ្យល់អុកស៊ីហ្ស៊ែនដើម្បីដោះដូរ ហើយក៏មានបែកផ្កាភ្លើងឡើង។ ដោយសារនៅក្បែរបំពង់ខ្យល់អុកស៊ីហ្ស៊ែននោះមានធុងដាក់អាល់កុលផងក៏បណ្តាលឲ្យឆាបឆេះជាអណ្តាតភ្លើងតែម្ដង។
លោកបានប្រាប់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩។
ប៉ុន្តែពេលនោះសមត្ថកិច្ចបានជួយទាន់ពេលដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន ៧ បំពង់ក្នុងការជួយអន្តរាគមន៍នោះ។
យ៉ាងណាក្ដីលោក សាវុធ បានបញ្ជាក់ថាក្នុងគ្រោះអគ្គិភ័យនោះបណ្ដាលឲ្យរថយន្តសង្គ្រោះបន្ទាន់ ១ គ្រឿងត្រូវភ្លើងឆេះខូចខាតទាំងស្រុង និងរថយន្ត ១ គ្រឿងទៀត ឆេះម៉ាស៊ីន និងតួរថយន្ត ១ កំណាត់ផ្នែកក្បាល ខណៈរថយន្ត ១ គ្រឿងទៀតខូចខាតមធ្យម៕