ភ្នំពេញៈ នគរបាលខណ្ឌសែនសុខកាលពីម្សិលមិញនៅកំពុងបន្តសាកសួរបុរសស្ត្រីជនជាតិចិន ២ នាក់ មកពីកោះតៃវ៉ាន់ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី ៥-៦ ខែមករា នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខពាក់ព័ន្ធនឹងការរក្សាទុកសារធាតុផ្សំគីមីកែច្នៃ ដើម្បីប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀន។
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខប្រាប់ពីម្សិលមិញថាជនសង្ស័យទាំង ២ នាក់ដែលជាជនជាតិចិនមកពីកោះតៃវ៉ាន់ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ ២១ ឆ្នាំ ជាអ្នកទេសចរ និងម្នាក់ទៀតឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ ៤១ ឆ្នាំ ជាអ្នកបើកកន្លែងអ៊ីនធឺណិតស្នាក់នៅផ្ទះជួលលេខ ៥៨ ផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកថ្លែងថា៖ «ជនសង្ស័យទាំង ២ នាក់កំពុងឃុំខ្លួននៅអធិការដ្ឋានដើម្បីបន្តស្រាវជ្រាវរកគូកនរបស់ពួកគេទៀត»។
លោកបានឲ្យដឹងទៀតថានៅវេលាម៉ោង ៩ កន្លះយប់ថ្ងៃទី ៥ ខែមករាសមត្ថកិច្ចរបស់លោកបានបើកប្រតិបត្តិការដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃក្រោមការសម្របសម្រួលផ្នែកផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចាប់ខ្លួនឈ្មោះ លី តាយឈាវ នៅចំណុចផ្ទះជួលលេខ ៥៨ ផ្លូវ P៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានអាវុធខ្លីចំនួន ២ ដើមដែល ១ ដើម ម៉ាក ZORAKIM906 ពណ៌ខ្មៅលាយទឹកប្រាក់លេខ ០០០១៣០៧ និងម៉ាកឡុកអីទ្រីស លេខ PAD529 ពណ៌ខ្មៅ។ អាវុធទាំង ២ ដើមនោះមានបង់ ២ និងមានគ្រាប់ចំនួន ១៨ គ្រាប់ និងសំបកគ្រាប់ទទេមានចំនួន ៣៥ គ្រាប់ លិខិតឆ្លងដែនចំនួន ៤ ក្បាល។
លោកបន្តថា ក្រៅពីឆែកឆេររកឃើញអាវុធខ្លីហើយនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យក៏រកឃើញមានម្សៅពណ៌សថ្លាចំនួន ៤៨ ដបជ័រ, ថ្នាំគ្រាប់ពណ៌ក្រហម ៥ គ្រាប់, ក្រាមសថ្លា ១ កូនថង់តូច, ម្សៅម៉ដ្ឋពណ៌ស ១ កញ្ចប់តូច, ម្សៅពណ៌ក្រាមសថ្លា ៣០៧ ដបតូច,ថ្នាំគ្រាប់ពណ៌ទឹកក្រូច ១៥ គ្រាប់, ម្សៅពណ៌ទឹកដោះគោកន្លះដបជ័រ និងសម្ភារមួយចំនួនទៀតដែលសង្ស័យថា ជាសារធាតុប្រើសម្រាប់កែច្នៃធ្វើជាគ្រឿងញៀន។
លោក ម៉េងវ៉ាង ឲ្យដឹងទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់នោះ ហើយសមត្ថកិច្ចចម្រុះក៏សួរចម្លើយជនសង្ស័យរកគ្នីគ្នាគេបន្តទៀតទើបនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១ កន្លះរសៀលកម្លាំងនគរបាលខណ្ឌសែនសុខរបស់លោកបានសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ី អាយអី ភេទស្រីនៅផ្ទះជួលលេខ ៥៨ ផ្លូវ P៩ នៅចំណុចតាមផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពាក់ព័ន្ធនឹងវត្ថុតាងដែលសមត្ថកិច្ចដកហូតបានខាងលើ៕