ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរ​បាល​ខេត្ត​ព្រះសីហនុកំពុង​បន្ត​នីតិវិធី​សាក​សួរ​​ជន​សង្ស័យ​​ ដែល​មាន​ទាំង​ខ្មែរ​និង​បរទេស​ជិត​ ៤០០​ នាក់ ​​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​ពេល​ឆ្មក់​ចូល​បង្ក្រាប​ក្នុងក្លិប​​កម្សាន្ត​មួយ​នៅ​ក្រុង​ព្រះ​សីហនុ​ កាល​ពី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី ​៣០ ខែកញ្ញា​ ដោយ​រក​ឃើញ​គ្រឿង​ញៀន​មួយ​ចំនួន​ធំ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ លោក ជួន ណារិន្ទ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​ទី ​១​ ខែ​តុលា​​ ថា មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​ឆ្មក់​ចូល​ក្នុង​ទីតាំង​ក្លិប​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ ​៤ សង្កាត់​លេខ​ ៤ ក្រុង​ព្រះ​សីហនុ ​នៅវេ​លា​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជិត​ ៤០០​ នាក់ រក​ឃើញ​គ្រឿង​ញៀន​មួយ​ចំនួន​ធំ និង​កាំភ្លើង​ខ្លី​ ២ ​ដើម​។

​​​បើតាម​លោក ជួន ណារិន្ទ ​ ​ម​ក​ដល់​រៀល​ថ្ងៃទី​ ១ ខែតុលា​ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពេញ​លេញ​ជុំវិញ​ករណី​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​ខ្មែរ និង​បរទេស​នេះ​ទេ ព្រោះ​សមត្ថ​កិច្ច កំពុង​បន្ត​នីតិវិធី​រកឲ្យឃើញ​​អ្នក​ដែល​ជា​មេក្លោង​ចែក​ចាយ​គ្រឿង​ញៀន និង​អ្នក​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ផ្សេង​ទៀត ដើម្បី​ញែក​ឲ្យដាច់​និង​ចាត់​ការ​តាម​នីតិវិ​ធី។

លោក ណារិន្ទ បញ្ជាក់​ថា អ្នក​ដែល​មិន​ពាក់​ព័ន្ធ​សារធាតុ​ញៀន និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន សមត្ថកិច្ច​នឹង​កំណត់​តាម​នីតិ​វិធី ហើយ​អប់រំ​ណែ​នាំ មុន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​។

លោក ថ្លែង​យ៉ាង​ដូ​ច្នេះ​ថា៖ «​សូម​អធ្យា​ស្រ័យ​ពេល​នេះ​យើង​កំពុង​បន្ត​នីតិវិធី ដោយ​មាន​ការ​ចូល​រួមពី​មន្ត្រី​ជំនាញ​ ដើម្បី​ធ្វើ​តេស្ត វេច​ខ្ចប់ និង​ថ្លឹង ដូច្នេះ​ឥឡូវ​កំពុង​ដំណើរ​ការ មិន​ទាន់​ដឹង​ច្បាស់​ពិស្តា​ថា ជាគ្រឿង​ញៀន​ប្រភេទ​អ្វី មាន​ប៉ុន្មាន​មុខ ហើយទម្ងន់​ប៉ុន្មាន​នៅឡើយ​ទេ​» ។

បើ​តាម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ ក្នុង​ប្រតិ​បត្តិការ​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ ​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត និង​មាន​ការ​សម្រប​សម្រួល​ដោយ លោក ពេញ ពិសិទ្ធ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​។

លោក ពេញ ពៅ ស្នង​ការរ​ង​ខេត្ត​ព្រះ​សីហនុ ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច និង​គ្រឿង​ញៀន បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​ទី​ ១​ ខែ​តុលា ​​ថា​ ​លោក​មិន​ទាន់​អាចផ្ត​ល់​ព័ត៌មាន​បាន​ទេ ព្រោះ​កំពុង​ជាប់​រវល់​ខ្លាំង​ក្នុង​ការ​ធ្វើ​កិច្ច​ការ​​ងារ​នេះ​តាម​នីតិវិធី​។

ប៉ុន្តែ​បើ​យោង​តាម​របាយ​ការណ៍​បឋម​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ធ្វើ​ការ​ចុះ​ឆែក​ឆេរ​ភោជនីយ​ដ្ឋាន​ស៊ីន​ខាយ​សៀន​មិន ជាកម្មសិទ្ធ​ិរបស់​ឈ្មោះ Bao Fangze (ជន​ជាតិ​ចិន) និង​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣៨១ នាក់ និង​ដក​ហូត​បាន​គ្រឿង​ញៀន​មួយ​ចំនួន​ធំ រួម​ទាំង​មាន​អាវុធ​ខ្លី​ ២ ​ដើម​៕ ​