ភ្នំពេញ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​រក​អ្នក​ផ្ញើ​សារ​ជា​សំឡេង​ដែល​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម ដែល​​​និយាយ​ថា ប៉ូលិស​ចរាចរណ៍​នៅ​សង្កាត់​ព្រែកលៀប បាន​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​ធ្វើ​ដំណើរ​​ម្នាក់​ចំនួន ២០ ម៉ឺន​រៀល ដោយសារ​មិន​បាន​ពាក់​ម៉ាស់ ខណៈ​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​ដែល​មិន​ពាក់ម៉ាស់​ណា​ម្នាក់​នៅ​ឡើយ​។

សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​គេ​​ចែកចាយ​បន្ត​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ថ្មីៗ​នេះ បាន​និយាយ​ថា៖ «អាស៊ី​ហា បងណល់​ហែង រឹង​ទៅ​ព្រែក​លៀប ផ្ទះ វណ្ណា​មិញ​ឥឡូវ​ប៉ូលិស​ផាក​អស់ ២០ ម៉ឺន (រៀល) ហើយ អត់​មាន​ម៉ាស់​កូន​ប្រាប់​ហើយ​ថា ប៉ា​ពាក់​ម៉ាស់​ប្រយ័ត្ន​គេ​ផាក​អស់ ២០ ម៉ឺន ​តែ​ប៉ា​វា​រឹង​អត់​ពាក់ម៉ាស់​ឥឡូវ​គេ​ផាក ២០ ម៉ឺន​ហើយ ឥឡូវ​មក​ដល់​ផ្ទះ​ហើយ»។

បន្ទាប់​ពី​មាន​ការ​ចែកចាយ​សំឡេង​នេះ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ចេវ ហាក់ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ យ៉ាង​ខ្លី​ថា សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​លោក ​ជិន ម៉ាលីន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ថា សារ​សំឡេង​នោះ ពុំទាន់​មាន​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទៅ​លើ​ករណី​នេះ តែ​បើ​មិន​ពិត​ទេ​ជន​នោះ​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

លោក​បាន​ថ្លែង​ថា៖ «ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​សំឡេង​ដែល​លើក​ឡើង​ថា ប៉ូលិស​ផាក​ពលរដ្ឋ (អត់​ពាក់​ម៉ាស់) ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ សុទ្ធតែ​ជា​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ទាំង​អស់ ហើយ​ប្រសិន​បើ​មាន​ប្រភព​ច្បាស់​លាស់ សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ថា នៅ​កន្លែង​ណា ពាក់ព័ន្ធ​ឈ្មោះ​ណា​ខ្លះ យើង​នឹង​ចាត់​ការ»។ លោក​ថា អ្វី​ដែល​លោក​ឃើញ​កន្លង​មក​ជា​សារ​សំឡេង គ្មាន​ប្រភព ហើយ​បច្ចុប្បន្ន​សារព័ត៌មាន​បំផ្លើស បំភ្លៃ ក្លែងក្លាយ ​គឺ​មាន​ច្រើន​រាប់​មិន​អស់ ដែល​ជា​ព័ត៌មាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម។

ទោះ​ជា​យ៉ាងណា​លោក​បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា តាម​ស្មារតី​នៃ​អនុក្រឹត្យ ដែល​ក្រសួង​សុខាភិបាល​បាន​ពន្យល់​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ និង​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ផង ការ​ពិន័យ​មិន​ពាក់​ម៉ាស់​មិនមែន​ធ្វើ​ជា​ទូទៅ​ទេ លុះត្រា​តែ​មាន​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​ថា កន្លែង​ណា​ត្រូវ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់។

លោក​បញ្ជាក់​ថា ​ក្រសួង​សុខាភិបាល​គេ​នឹង​រៀបចំ​សេចក្តី​សម្រេច ​និង​សេចក្តី​ប្រកាស​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​កំណត់​ពាក់ព័ន្ធ​ករណី​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​មិន​ពាក់​ម៉ាស់​នេះ។

លោក​ថ្លែង​ទៀត​ថា៖ «ថា​តើ​កន្លែង​ណា​ដែល​ជា​កាតព្វកិច្ច​ឱ្យ​ពាក់​ម៉ាស់ ហើយ​បើ​មិន​ពាក់​ម៉ាស់​នឹង​ត្រូវ​ទទួល​ពិន័យ​ទៅ​តាម​ស្មារតី​នៃ​ខ្លឹមសារ​អនុក្រឹត្យ​នេះ។ បើ​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​ដែល​ក្រសួង​សុខាភិបាល​កំណត់​នោះ​ទេ វិធានការ​ដំបូង​ការ​ព្រមាន​ការ​ណែនាំ ​ប្រសិន​បើ​នៅ​តែ​មិន​អនុវត្ត​ទៀត​គេ​នឹង​ពិន័យ»។

លោក​បន្ថែម​បន្ទាប់​ពី​អនុក្រឹត្យ ស្តីពី​វិធានការ​ការពារ​កូវីដ ១៩ ចូល​ជា​ធរមាន ពុំ​ទាន់​មាន​បុគ្គល​ណា​ត្រូវ​បាន​ផ្តន្ទាទោស ឬ​ផាកពិន័យ ដោយ​យោង​តាម​អនុក្រឹត្យ​នេះ​នៅ​ឡើយ​ទេ។

លោក​ថា៖ «សង្កេត​ជាទូទៅ ពុំ​ទាន់​មាន​ឃើញ​ថា មាន​ការ​ឃាត់ ​ឬ​ផាក​ពិន័យ​ពាក់ព័ន្ធ​អនុក្រឹត្យ​នៅ​ឡើយ​ទេ។ មាន​តែ​ការ​បង្ហោះ​ចែកចាយ​សារ​សំឡេង​ព័ត៌មាន ដែល​គ្មាន​ប្រភព​ថា ផាកពិន័យ​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​នេះ កន្លែង​នោះ​សុទ្ធតែ​ជា​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ទាំង​អស់។ មិន​ដឹង​ថា ព័ត៌មាន​ពិត ​ឬ​មិន​ពិត ក៏​ប៉ុន្តែ​ព័ត៌មាន​ផ្លូវ​ការ​ពី​សមត្ថកិច្ច​តែ​ម្តង​ដូចជា​មិនទាន់​ឃើញ​មាន​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ​ម៉ាលីន ចាត់​ទុក​ថា ការ​បំផុស​ព័ត៌មាន​មិន​ពិត ដែល​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​បង្ក​ភាព​ចលាចល ឬ​ក៏​បំផ្លាញ​នូវ​វិធានការ​របស់​រដ្ឋាភិបាល មិន​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ពាក់ព័ន្ធ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ការ​ឆ្លង​កូវីដ ១៩ នឹង​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ។

រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃទី ១២ ខែមីនា បាន​ចេញ​អនុក្រឹត្យ​ថ្មី ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ផ្សេង​ទៀត ដែល​មាន ៩ ជំពូក និង ៣៩ មាត្រា ព្រម​ទាំង​បាន​និរាករណ៍​អនុក្រឹត្យ​ចាស់។ អនុក្រឹត្យ​នេះ​ចែង​លម្អិត​អំពី​វិធានការ​នានា រាប់​ចាប់​ពី​ការ​ធ្វើ​អនាម័យ ការ​វាស់​កម្ដៅ ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត ការ​យក​សំណាក​ទៅ​ពិនិត្យ ការ​ធ្វើ​ចត្តាឡីស័ក ការ​ព្យាបាល ការ​ចាក់​វ៉ាក់សាំង ការ​គ្រប់គ្រង ​និង​ការ​ចាត់ចែង​សព​ជាដើម។

តាម​មាត្រា ១៩ នៃ​អនុក្រឹត្យ​នេះ​ចែង​ថា បុគ្គល​ដែល​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​ចាំបាច់​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ពី ២ សែន ​រៀល ទៅ ១ លាន​រៀល ប្រសិន​បើ​បុគ្គល​នោះ មិន​ធ្វើ​តាម​ការ​ព្រមាន​លើក​ទី១។

ចំណែក​មាត្រា ២១ នៃ​អនុក្រឹត្យ​នេះ​ចែង​ថា៖ «ត្រូវ​ផ្តន្ទាទោស​ជាក​ពិន័យ​អន្តរការណ៍​ពី ១ លាន​រៀល ទៅ ៥ លាន​រៀល ចំពោះ​បុគ្គល​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ ១៩ ដូច​មាន​ចែង​ក្នុង​មាត្រា ១០ នៃ​អនុក្រឹត្យ​នេះ។ ការ​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​នេះ មិន​ធ្វើ​ឱ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ រួច​ផុត​ពី​កាតព្វកិច្ច​ក្នុង​ការ​ឱ្យ​មន្ត្រី​សុខាភិបាល​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ ១៩ នោះ​ទេ»។

អ្នក​ជំងឺ​កូវីដ ១៩ ដែល​មិន​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​ព្យាបាល​ក៏​នឹង​ត្រូវ​ផាកពិន័យ​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល​ផង​ដែរ ដូច​មាន​ចែង​ក្នុង​មាត្រា ២៤ នៃ​អនុក្រឹត្យ។ ការ​ផាក​ពិន័យ​ក៏​ធ្វើ​ឡើង ចំពោះ​បុគ្គល​ដែល​ចាត់ចែង​សព​មាន​ផ្ទុក​កូវីដ ១៩ ល្មើស​នឹង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដោយ​ផាក​ពិន័យ​ពី ៥ លាន ​ទៅ ២០ លាន​រៀល។ នេះ​បើតាម​មាត្រា ២៥។

ចំណែក​មាត្រា ២៦ ចែង​ថា៖ «ត្រូវ​ផ្តន្ទាទោស​ពិន័យ​អន្តរការណ៍​ពី ១០ លាន​រៀល ទៅ ៥០ លាន​រៀល ​ចំពោះ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ទាំង​អស់ ដែល​មិន​បាន​ធ្វើ​ការ​ជូន​ដំណឹង​បន្ទាន់​ទៅ​ក្រសួង​សុខាភិបាល​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា អ្នក​ជំងឺ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង​គ្រឹះស្ថាន​របស់​ខ្លួន​មាន​តម្រុយ​បញ្ជាក់​ថា ជា​អ្នក​ជំងឺ​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​កំពុង​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក»។

បើ​តាម​មន្ត្រី អនុក្រឹត្យ​នេះ ធ្វើ​ឡើង​ដើម្បី​អនុវត្ត​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់ ស្ដីពី​វិធានការ​គ្រប់គ្រង​កូវីដ ១៩ និង​ជំងឺ​កាច​សាហាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេង​ទៀត ដែល​ប្រមុខ​រដ្ឋស្ដីទី​លោក សាយ ឈុំ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី ១១ ខែមីនា៕

វីដេអូ៖