ភ្នំពេញៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញកំពុងបន្តការសាកសួរជនជាតិខ្មែរ និងចិនចំនួន ៦៥ នាក់ ក្រោយពីបង្ក្រាបបាននៅភោជនីយដ្ឋានមួយឈ្មោះ ហុកសិបប្រាំមួយដឺក្រេ ផាប&ឡោញ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ តុលា ដោយរឹបអូសបានសារធាតុញៀនមួយចំនួន ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «ឥឡូវយើងមិនទាន់អាចប្រាប់ព័ត៌មានលម្អិតជុំវិញករណីនេះបានទេព្រោះពេលនេះ ក្រុមការងារជំនាញកំពុងបន្ដសាកសួរ និងស៊ើបអង្កេតបន្តទៀត។ បច្ចុប្បន្នក្រុមសមត្ថកិច្ចជំនាញកំពុងបន្តការសាកសួរពួកគាត់ (ជនជាតិខ្មែរ និងចិន ៦៥ នាក់) នៅស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញ»។
បើតាមលោក សុខសីហា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែតុលា កម្លាំងស្នងការដ្ឋាននគរបាលរាជធានី-ភ្នំពេញបានចុះបង្ក្រាបនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ ហុកសិបប្រាំមួយ ដឺក្រេ ផាប & ឡោញ។
នៅក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចឃាត់បានជនជាតិខ្មែរ និងជនជាតិចិនសរុបចំនួន ៦៥ នាក់ (ស្រី ២១ នាក់ប្រុស ៤៤ នាក់) និងថ្នាំញៀនមួយចំនួនធំ។ ក៏ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតពីករណីបាននៅឡើយទេ។
លោកបានថ្លែងថា៖ «យើងយកបានភ័ស្ថុតាងមួយចំនួនហើយក្នុងនោះក៏មានសារធាតុញៀនផងដែរ។ ប៉ុន្ដែពេលនេះ យើងកំពុងស្រាវជ្រាវបន្ថែមទៀតសិន ព្រោះការងារនេះយើងមិនអាចបញ្ជាក់ខ្លីក្នុងពេលនេះបានទេ»។
លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងកាលពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញការបង្ក្រាបករណីនេះ ដោយលោកគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា ការងារនេះកំពុងស្ថិតនៅក្នុងសមត្ថកិច្ចរបស់នគរបាលរាជធានី៕