បន្ទាយមានជ័យ៖ សមត្ថកិច្ចកំពុងសាកសួរបុរសជាមេខ្យល់ ២ នាក់ ខណៈពលករប្រុសស្រី ១៧ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក បន្ទាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២២ ឧសភា នៅភូមិជោគជ័យ ឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលបម្រុងនាំគ្នាឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់នៅរសៀលថ្ងៃទី ២៣ ឧសភាថា មេខ្យល់ទាំង ២ នាក់ នោះ ទី១- ឈ្មោះ ពៅ បូរី អាយុ ៤១ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ និងទី២- ឈ្មោះ ម៉ៅ ដែន អាយុ ២៦ ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកថ្លែងថា៖ «បុរសមេខ្យល់ទាំង ២ នាក់នេះ កំពុងត្រូវមន្ត្រីជំនាញសាកសួរ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ»។
ដោយឡែក លោក ម៉ាន់ ធី អធិការរងស្រុកអូរជ្រៅ និងជាសមាជិកគណៈកម្មការទប់ស្កាត់ពលករឆ្លងដែនឱ្យដឹងនៅរសៀលថ្ងៃទី ២៣ ឧសភាថា កាលពីយប់ថ្ងៃទី ២២ ឧសភា ខណៈកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅចំណុចគោលដៅស្ថិតនៅភូមិជោគជ័យឃុំអូរ ៣ ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឃើញមនុស្ស ១ ក្រុម បាននាំគ្នាលួចដើរឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចបម្រុងឆ្លងដែនចូលទៅប្រទេសថៃ។ នៅពេលនោះកម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់បានមនុស្សប្រុសស្រីរួមទាំងក្មេងតូចម្នាក់សរុប ១៧ នាក់ និងមានបុរស ២ នាក់ ជាមេខ្យល់ផង។
លោកបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរាប់ចំនួនឃើញមានមនុស្សស្រីចំនួន ៨ នាក់ (រាប់ទាំងក្មេងស្រីតូចម្នាក់ផង) និងប្រុស ១១ នាក់ ក្នុងនោះមានទាំងមេខ្យល់ ២ នាក់ផង។
លោកប្រាប់ថា៖ «ចំពោះពលករទាំង ១៧ នាក់ គឺសមត្ថកិច្ចចម្រុះយើងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកអូរជ្រៅហើយ។ ពលករយើងមិនបានចាប់ពួកគាត់បញ្ជូនទៅតុលាការទេ ព្រោះពួកគាត់ចាញ់បោកគេដែរ»។
ពាក់ព័ន្ធនឹងចំនួនពលករសរុបដែលលួចឆ្លងដែនខុសច្បាប់ និងចំនួនមេខ្យល់ដែលត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ភ្នំពេញ ប៉ុស្ដិ៍ មិនអាចទាក់ទងលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការត្រួតពិនិត្យពលករឆ្លងដែនខុសច្បាប់បានទេ នៅរសៀលថ្ងៃទី ២៣ ឧសភា ដោយសារទូរស័ព្ទលោកស្រីគ្មានអ្នកទទួល៕