ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌចំការមនកំពុងសាកសួរបុរសជនជាតិចិន ២ នាក់ បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធផ្ទុះអាវុធខ្លី ១ គ្រាប់ កាលពីយប់ថ្ងៃទី ២៨ មីនា នៅទីក្រុងកោះពេជ្រ ខណៈមន្ត្រីសង្គមស៊ីវិលថា សមត្ថកិច្ចគួរមានវិធានការរឹតបន្តឹងចំពោះអ្នកប្រើប្រាស់អាវុធទៅតាមច្បាប់។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានឲ្យដឹងកាលពីម្សិលមិញថា ករណីផ្ទុះអាវុធនៅទីក្រុងកោះពេជ្រនោះសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបុរសជនជាតិចិនបាន ២ នាក់ ហើយពេលនេះកំពុងបន្តសួរពួកគេ។ ក៏ប៉ុន្តែលោកថាករណីនេះមិនទាន់អាចប្រាប់មកពីមូលហេតុបានទេ ដោយសារកំពុងស្ថិតក្នុងនីតិវិធីសាកសួរ។ រីឯឈ្មោះរបស់ជនសង្ស័យក៏លោកមិនទាន់ប្រាប់បានដែរ។
លោកថា៖ «យើងកំពុងធ្វើការរឿងនេះ ហើយយើងក៏មិនទាន់ដឹងច្បាស់ថា ការផ្ទុះអាវុធនោះបណ្តាលមកពីមូលហេតុអ្វីដែរ។ ចាំខ្ញុំធ្វើការចប់សព្វគ្រប់សិន»។
ទាក់ទងនឹងការប្រើប្រាស់អាវុធនេះលោក ធាម ប៊ុនសេង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះក្រសួងមហាផ្ទៃមិនអាចសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ដោយលោកប្រាប់ថា កំពុងជាប់រវល់ចាក់វ៉ាក់សាំង។ តែយ៉ាងណាលោកធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍កន្លងមកថា កម្ពុជាមានច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រឿងរំសេវដែលមាន ៦ ជំពូក និង ២៦ មាត្រាតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
លោកបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់ឱ្យមានប្រសិទ្ធភាពយើងត្រូវប្រើវិធានការក្ដៅដោយដើរល្បាតត្រួតពិនិត្យតាមគោលដៅមុខសញ្ញាដាក់ប៉ុស្ដិ៍ឆែកឆេរតាមដងផ្លូវ និងកន្លែងសំខាន់ៗដើម្បីបង្ក្រាបការដឹកជញ្ជូន និងការធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ ខុសច្បាប់»។
លោក អំ សំអាត នាយករងអង្គការលីកាដូបានឱ្យដឹងពីម្សិលមិញដែរថាក្នុងរយៈពេលចុងក្រោយនេះករណីហិង្សាដោយប្រើអាវុធបានកើតជាញឹកញាប់គួរឱ្យបារម្ភ។ កត្កានេះអាចមកពីការខ្វះចន្លោះក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ។
លោកបន្តថា អ្នកមានអាវុធជាប់ខ្លួនខ្លះបានអួតអាងអំណាច និងអាងមានសែស្រឡាយរង់ចាំជួយអន្តរាគមន៍ ដោយពួកគេតែងតែយកអាវុធទៅគំរាមកំហែងបាញ់សម្លាប់ដៃគូទំនាស់ ឬគំរាមពលរដ្ឋស្លូតត្រង់ដើម្បីទាមទារប្រយោជន៍អ្វីមួយតាមអំពើចិត្ត។ ជាពិសេសអ្នកមានអាវុធក្នុងដៃតែងយកអាវុធទៅបង្ហាញអំណាច និងឥទ្ធិពលឱ្យអ្នកដទៃកោតខ្លាចជាដើម។
លោកបញ្ជាក់ថា៖ «បើយើងនៅតែគ្រប់គ្រងអាវុធគ្មានប្រសិទ្ធភាពបែបនេះគឺការប្រើប្រាស់អាវុធក្លាយទៅជារឿងអនាធិបតេយ្យនៅកម្ពុជាដូច្នេះមន្ត្រីជំនាញគួរតែយកចិត្តទុកដាក់បន្ថែមទៀត»។
តាមមាត្រា ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធចែងថា ជនណាដែលបំពាក់ដាក់តាមខ្លួនកាន់កាប់អាវុធប្រើប្រាស់លក់-ទិញ ខ្ចីពីគេចែកចាយជួសជុលដំឡើងអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ខែដល់ ២ ឆ្នាំ ដោយត្រូវពិន័យជាប្រាក់ពី ៥០ ម៉ឺនរៀល ដល់ ២ លានរៀលដោយមិនទាន់គិតពីបទល្មើសព្រហ្មទណ្ឌ។
ចំណែកមាត្រា ២៣ ជនណាដែលធ្វើពាណិជ្ជកម្មដោយនាំចូល ឬ នាំចេញនាំឆ្លងកាត់ ឬស្តុកអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ៕