កំពង់ឆ្នាំង: សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​កាលពី​ម្សិលមិញ​បាននិង​កំពុង​សួរ​បុរស​ជា​ជនសង្ស័យ​ ២ ​នាក់​ នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​កំពង់លែង បន្ទាប់ពី​កម្លាំងចម្រុះ​ឃាត់ខ្លួន ករណី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង​កាលពី​ថ្ងៃទី​ ២៦ មេសា ប៉ុន្ដែ​​មន្ត្រី​មិនទាន់​អាច​បញ្ជាក់​ពី​ពេល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ទេ​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កំពង់លែង​កំពុង​សួរ​ជនសង្ស័យ​ ២ ​នាក់ និង​ដកហូត​បាន​ត្រាក់ទ័រ​ ២ ​គ្រឿង បន្ទាប់ពី​ឃាត់ខ្លួន​ករណី​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ទីតាំង​ខាងលើនេះ​។

លោក​បន្តថា ជនសង្ស័យ​ទី​១ មានឈ្មោះ​ វ៉ាន ហ៊ីង អាយុ​ ៣៦ ​ឆ្នាំ​ រស់នៅ​ភូមិ​ក្រឡោមភ្លុក ឃុំ​ព្រៃស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង និង​ទី​២ ​ឈ្មោះ ឈុំ សៀប អាយុ​ ៤០ ​ឆ្នាំ រស់នៅ​ភូមិ​អារ៉ែន ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ ផ្ទៃដី​ដែល​ពួកគេ​ត្រូវ​ឈូសឆាយ​មាន​ទំហំ​ ៥០ ​ហិកតា ប៉ុន្ដែ​ពួកគេ​ទើបតែ​ឈូសឆាយ​បាន​ប្រមាណ​ជាង​ ៣ ​ហិកតា​ប៉ុណ្ណោះ​។

លោក លី ឡា បញ្ជាក់​ថា​៖ «​មន្ត្រី​អាវុធហត្ថ​ស្រុក​កំពុង​​សាកសួរ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា ត្រូវ​បញ្ជូន​ទៅ​តុលាការ​ពេលណា​ទេ​។ ខ្ញុំ​យល់ថា ប្រសិន​បើ​​មន្ត្រី​អាវុធហត្ថ​សួរ​ចប់​នៅ​ថ្ងៃទី​ ២៧ ​នេះ​អ៊ីចឹង​នៅ​ថ្ងៃទី​ ២៨ ខែមេសា ខ្ញុំ​អាច​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ ប៉ុន្ដែ​បើ​ការងារ​សាកសួរ​មិនទាន់​ចប់​គឺ​មាន​តែ​រង់ចាំ​បញ្ជូន​នៅ​ថ្ងៃទី​ ២៩ តែម្ដង​។ យើង​បាន​សាកសួរ​គាត់​មួយចំនួន​ហើយ​គឺ​មិនមាន​អ្នក​នៅ​ពី​ក្រោយខ្នង​ទេ គឺ​គាត់​ជា​ពលរដ្ឋ​ចំណាកស្រុក ខ្វះ​ដី​ធ្វើស្រែ អ៊ីចឹង​គាត់​បាន​នាំគ្នា​មក​ទន្ទ្រាន​​ដី​នៅ​តំបន់​នេះ​តែម្ដង​»​។

លោក សាក់ សារ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​សមត្ថកិច្ច​ជំនាញ​របស់លោក​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​។ ប៉ុន្ដែ​មិនទាន់​ដឹងថា ធ្វើ​នៅពេល​ណា​​ឲ្យ​ជាក់លាក់​ទេ​។ ​ការឃាត់ខ្លួន​ជនសង្ស័យ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក និង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​នេះ​គឺ​មាន​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​។

លោក​ថា​៖ «​យើង​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​...​។ ​ចំពោះ​ការសួររក​អ្នក​នៅ​ពីក្រោយ​ខ្នង​នេះ ខ្ញុំ​មិនទាន់​ដឹង​ទេ ទុក​ឲ្យ​តុលាការ​ចាត់ចែង​ទៅតាម​នីតិវិធី​ច្បាប់ ហើយ​បើ​តុលាការ​គេ​បញ្ជា​មក​បែបណា​ទៀត ទើប​កម្លាំង​យើង​អនុវត្តតាម​ហ្នឹង​បន្តទៀត​»​។

លោក សំ ចាន់ថន អភិបាល​ស្រុក​កំពង់លែង​បាន​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​រួចរាល់​ហើយ និង​បានប្រគល់​សំណុំ​រឿងនេះ​ទៅ​មន្ត្រី​ជំនាញ​ស្រុក​ និង​ខេត្ត​សហការគ្នា​បំពេញ​​កិច្ចការ​នេះ​។ ប៉ុន្ដែ​លោក​មិនទាន់​បាន​ដឹង​ច្បាស់​ពី​របាយការណ៍​លម្អិត​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ដឹង​គេ​បញ្ជូន​ទៅ​តុលាការ​​ឬ​នៅទេ​។ ​ដី​តំបន់​នេះ​ជា​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅ​ខែវស្សា​មាន​ទឹក​ជន់​លិច​តំបន់​នេះ​ដែល​នៅក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​ជលផល​»​។

លោក​បាន​បន្ថែមថា ជនសង្ស័យ​ទាំងនេះ​ជា​ពលរដ្ឋ​មក​​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ តែ​បាន​ធ្វើ​ចំណាកស្រុក​មក​ប្រកប​ការងារ​នៅ​ខេត្ត​កំពង់ឆ្នាំង​។ ​ប៉ុន្ដែ​ប្រហែល​ពួកគាត់​ឃើញ​ដី​ទំនេរ ទើប​នាំគ្នា​ជួល​ត្រាក់ទ័រ​គេ​មក​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក​ថា ដី​នេះ​ត្រូវបាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​អាស្រ័យផល ប៉ុន្ដែ​មិនមាន​អ្នកណា​ហ៊ាន​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​នេះ​ទេ​៕