ក្រចេះ/ស្ទឹងត្រែងៈ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកំពុងបន្ដស៊ើបអង្កេតករណីរថយន្ដធុនធំ ៩ គ្រឿង ផ្ទុកឈើប្រណីតលេខ ១ និងលេខ ២ ក្រោយពីឃាត់បានកាលពីម្សិលមិញនៅស្រុកស្នួល ខេត្ដក្រចេះ ខណៈរថយន្តនេះកំពុងដឹកឈើឆ្លងដែនឆ្ពោះទៅកាន់ប្រទេស វៀតណាម។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា៖ «យើងកំពុងបន្ដធ្វើការលើករណីនេះ។ ពេលនេះយើងមិនទាន់ដឹងថា យ៉ាងម៉េចទេ។ ខ្ញុំកំពុងធ្វើការលើការងារនេះ»។ លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបដិសេធធ្វើការបកស្រាយជុំវិញករណីនេះ។
យ៉ាងណាក្តីលោក ហេង ស្រស់ សកម្មជនព្រៃឈើថ្លែងកាលពីម្សិលមិញថា ឈើកែច្នៃនាំចេញចំនួន ៩ រថយន្តធំជារបស់ក្រុមហ៊ុនសៀម៉ុន (ខេមបូឌា) អេហ្គ្រីកខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបម៉ិន CO.LTD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។
លោកអះអាងថា រថយន្តដឹកឈើទាំង ៩ គ្រឿងនេះបានដឹកឈើកែច្នៃប្រភេទលេខ ១ និងលេខ ២ ដោយគ្រោងដឹកចេញពីក្រុមហ៊ុន សៀម៉ុនដែលមានទីតាំងក្នុង ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនត្រពាំងស្រែព្រំដែនប្រទេស វៀតណាម។ រថយន្តដឹកឈើទាំងនេះត្រូវបានកម្លាំងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់ដើម្បីត្រួតពិនិត្យ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញថា ឈើទាំងអស់នេះមានច្បាប់ដឹកជញ្ជូនត្រឹមត្រូវចេញពីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងក្រុមហ៊ុនមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្មឲ្យនាំឈើកែច្នៃចេញក្រៅប្រទេសផងដែរ។
លោក ស្រស់ បានឲ្យដឹងថាមកដល់ល្ងាចថ្ងៃចន្ទម្សិលមិញសមត្ថកិច្ចនៅមិនទាន់អនុញ្ញាតឲ្យរថយន្ដដឹកឈើទាំង ៩ គ្រឿងនោះដឹកចេញទៅប្រទេសវៀតណាមនៅឡើយទេ។
លោកបញ្ជាក់ថា៖ «បើសិនជាសមត្ថកិច្ចបើកដៃឲ្យរថយន្តដឹកឈើនោះអាចទឹកឈើចេញទៅប្រទេស វៀតណាម បានគឺជាការមើលស្រាលចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលធ្លាប់បានចាត់វិធានការក្ដៅដើម្បីទប់ស្កាត់ បទល្មើសធនធានធម្មជាតិ»។
គួររំឭកថាលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ៨ ខែ សីហា បានប្រាប់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ និងក្រុមគ្រួសារកុំឲ្យយកខ្លួនទៅពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទោះក្នុងករណីឈើមានច្បាប់ ឬគ្មានច្បាប់ក៏ដោយ ព្រោះគណៈកម្មការជាតិកំពុងធ្វើការត្រួតពិនិត្យ៕