កំពង់ស្ពឺៈ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺកំពុងស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធអំពើឃាតកម្មដុតសម្លាប់បុរសម្នាក់ក្នុងព្រៃរបោះដែលស្ថិតនៅភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីពលរដ្ឋប្រទះឃើញសាកសពពីថ្ងៃទី ២៨ ខែកុម្ភៈ។
លោក សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ករណីឃាតកម្មនេះ សមត្ថកិច្ចរបស់លោកកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីរកមុខសញ្ញាជនប្រព្រឹត្តល្មើសក៏ដូចអត្តសញ្ញាណជនរងគ្រោះ។ ក្រោយពីមន្ត្រីជំនាញពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព បង្ហាញថាជនរងគ្រោះត្រូវបានគេធ្វើទារុណកម្មមុនពេលដុតសម្លាប់។
ក៏ប៉ុន្តែលោកបានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះសមត្ថកិច្ចយើងនៅមិនទាន់ទទួលបានលទ្ធផលពីអត្តសញ្ញាណរបស់ជនរងគ្រោះទេ ហើយយើងក៏សកម្មក្នុងការស្វែងរកជនល្មើសដែរ។ យើងក៏មិនទាន់អាចកំណត់ថាចំនួនជនល្មើសប៉ុន្មាននាក់ដែរ»។
លោក សម សាក់ បានបន្តថា តាមការពិនិត្យសាកសពគឺជនរងគ្រោះមានអាយុប្រហែល ២៥ ឆ្នាំមានសម្បុរស សក់វែង តែត្រូវភ្លើងឆេះអស់ខ្លះហើយ។ ជនរងគ្រោះត្រូវបានជនសង្ស័យរុំនឹងកន្ទេលនីឡុង ហើយដុតសម្លាប់ចោលក្នុងព្រៃសហគមន៍ទឹកធ្លាក់ចំបក់ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើពិនិត្យមើលស្ថានភាពនៅក្បែរទីតាំងសពជនរងគ្រោះគឺមានសភាពស្ងាត់ដែលជនល្មើសអាចមានឱកាសប្រព្រឹត្តបទល្មើសលើជនរងគ្រោះបាន។
ដោយឡែកលោក ភោគសម្បត្តិ នាយការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមកាលពីម្សិលមិញដែរថា សាកសពមានដាំត្បូងនៅធ្មេញលើផ្នែកខាងផ្នែកស្តាំ ពាក់អាវក្រណាត់ ពណ៌ស និងមានអាវយឺតពណ៌ក្រហមនៅខាងក្នុង។
សាកសពត្រូវបានជនល្មើសរុំកន្ទេលនីឡុងពណ៌ស លាយពណ៌ខៀវដុតស្ទើរតែឆ្អិនសាច់ និងមានស្នាមចាក់នៅលើទ្រូងចំនួន ៨ កន្លែង ដើមដៃឆ្វេង ១ កន្លែង ស្នាមវាយលើថ្ងាសឆ្វេង ១ ថ្ងាសស្តាំ ១ និងក្បាលខាងលើច្រើនកន្លែងទៀត។
ទោះយ៉ាងណា លោក សាយប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចប្រាប់ពីម្សិលមិញថា សាកសពជនរងគ្រោះត្រូវបានអ្នកភូមិប្រទះឃើញនៅម៉ោងជាង ១ រសៀលថ្ងៃទី ២៨ ខែ កុម្ភ: ឆ្នាំ ២០២១ ខណៈពេលភ្លើងកំពុងឆេះលើសាកសព ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច៕