សៀមរាបៈ សមត្ថកិច្ចខេត្តសៀមរាបកំពុងបើកការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យម្នាក់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីជននោះបានវាយសម្លាប់ប្រពន្ធរបស់ខ្លួននៅយប់ថ្ងៃទី ១៩ ខែធ្នូ នៅចំណុចផ្ទះកម្មករ ស្នាក់នៅក្នុងក្រុម ២៧ ភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
លោក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឱ្យដឹងថា មកដល់រសៀលថ្ងៃទី ២០ ខែធ្នូ សមត្ថកិច្ចនគរបាលនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ។
លោក សុខា ថ្លែងថា៖ «យើងកំពុងស៊ើបអង្កេតស្វែងរកចាប់ខ្លួនជនសង្ស័យ ទោះបីពេលនេះមិនទាន់ចាប់បាន ប៉ុន្តែសមត្ថកិច្ចកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ»។
លោក អឿន ង៉ិក នាយរងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភួង ភាព អាយុ ៣៦ ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅខេត្តកំពង់ចាម ចំណែកជនរងគ្រោះមានឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ ១៩ ឆ្នាំមុខរបរកម្មករសំណង់ដូចគ្នាមានស្រុកកំណើតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អ្នកទាំង ២ ជាប្តីប្រពន្ធនឹងគ្នា។
លោក ង៉ិក ដែលបានដកស្រង់សម្តីសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ប្តីប្រពន្ធ ១ គូនោះតែងឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតថ្ងៃកើតហេតុម៉ោងប្រមាណ ៩ យប់ ជនសង្ស័យជាប្តីក៏បានវាយប្រពន្ធ ដោយប្រើដំបង និងដុំថ្ម វាយចំក្បាល ចំណុចសៀតផ្កាបណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម។
របាយការណ៍របស់នគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំបញ្ជាក់ថា មូលហេតុនៃរឿងឃាតកម្មនេះគឺបណ្តាលមកពីការមានទំនាស់គ្នារវាងប្តីប្រពន្ធ។ ក្នុងនោះតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញទៅលើសាកសពស្ត្រីរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសារករណីឃាតករ វាយសម្លាប់ពិតប្រាកដមែន៕