មណ្ឌលគិរីៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក កែវ សុភគ៌ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ភ័ស្ដុតាង​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនល្មើស​ដែល​បាន​បាញ់​សម្លាប់សត្វ​ទន្សោង និង​សត្វ​ខ្ទីង​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុតពូជ​ពី​ផែនដី​នេះ​។

កាលពី​ថ្ងៃទី​ ១៣ ខែ​ ឧសភា ឆ្នាំ​ ២០២០ សត្វ​ទន្សោង​ញី​ ២ ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​នៅក្នុង​តំបន់​ដីសម្បទាន​របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ពូជ្រៃ​ ស្រុក​ពេជ្រាដា​ ខណៈ​សត្វ​ខ្ទីង​ ១ ​ក្បាល ត្រូវបាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​កែវសីមា​ប្រទះឃើញ​ងាប់​សល់​តែ​គ្រោងឆ្អឹង​នៅ​ចំណុច​តំបន់​ការពារ​ធម្មជាតិ​ ១ ​កន្លែង​ស្ថិត​ក្នុង​ភូមិ​​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​។

លោក សុភគ៌ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​សត្វទន្សោង​ ២ ​ក្បាល​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ងាប់​នៅក្នុង​បរិវេណ​ដី​របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នោះ គឺ​ងាប់​ដោយសារ​ការបរបាញ់ ព្រោះ​សមត្ថកិច្ច​យើង​បាន​រកឃើញ​វត្ថុតាង​សម្បក​គ្រាប់កាំភ្លើង AK-47 មួយ​គ្រាប់​នៅ​ចម្ងាយ​ប្រមាណ​ ៥០ ​ម៉ែត្រ​ ពី​ទីតាំង​ដែល​សត្វ​ទន្សោង​បាន​ងាប់​។ ចំណែក​សត្វ​ខ្ទីង​ក៏​ងាប់​ដោយសារ​គ្រាប់កាំភ្លើង​ដែរ ព្រោះ​នៅ​ទីតាំង​ដែល​ត្រូវ​បាន​ប្រទះឃើញ​នោះ​ជា​វាលស្មៅ​»​។

លោក​បាន​បន្តថា ខ្មោចសត្វ​ទន្សោង និង​សំណាក​សត្វខ្ទីង​នោះ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ជំនាញ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ឯកភាព​គ្នា​កប់​ទុក​នៅក្បែរ​ទីតាំង​កើតហេតុ និង​បាន​បន្ត​រួម​សហការ​គ្នា ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​នៃ​ក្រុម​ជនល្មើស ដើម្បី​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ឲ្យ​តុលាការ ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

លោក​ សុភគ៌ ​បាន​បញ្ជាក់ថា​៖ «​យើង​មាន​តម្រុយ​មួយចំនួន ដែល​អាចឈាន​ទៅដល់​ការកំណត់​មុខសញ្ញា​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ ២ ​ទៅ​ ៣ ​នាក់ ប៉ុន្តែ​នៅពេល​នេះ​សមត្ថកិច្ច​យើង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ភ័ស្ដុតាង​ដាក់បន្ទុក​មួយ​ចំនួន​បន្ថែមទៀត ដើម្បី​ឈានដល់​ការចាប់​ឃាត់ខ្លួន​ពួកគេ​បញ្ជូន​ឲ្យ​តុលាការ ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​»​។

បើតាម​លោក​ សុភគ៌ ​បទល្មើស​លួច​បរបាញ់​សត្វព្រៃ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី​បាន​ផ្ទុះ​កក្រើក​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់​នា​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ​។ ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​សត្វព្រៃ​និង ព្រៃឈើ​គ្រប់​រូបភាព​។ លោក​ថ្លែងថា​៖ «​ការការពារ​សត្វព្រៃ​ និង​ព្រៃឈើ​មិនមែន​ជា​តួនាទី​របស់​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ ឬ​ក្រសួង​បរិស្ថាន​ផ្ដាច់មុខ​នោះទេ​តែ​វា​ជា​ការទទួលខុសត្រូវ​រួម​របស់​យើង​ទាំងអស់​គ្នា​»៕