ស្វាយរៀងៈ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​អំពើ​ជួញដូរ​គ្រឿងញៀន ដែល​ជា​ក្រុម​តែមួយ​បន្ទាប់ពី​បង្ក្រាប​កាលពី​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២០ នៅ​ក្រុង​បាវិត​ដោយ​រំដោះ​ជនជាតិ​វៀតណាម​រងគ្រោះ​ចំនួន​ ១៥ ​នាក់​។

លោក​ គឹម ឡៃ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ប្រាប់​ពី​ម្សិលមិញ​ថា ពាក់ព័ន្ធ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្តទៀត​ដើម្បី​ស្វែងរក​អ្នកប្រព្រឹត្ត ហើយ​ប្រតិបត្តិការ​នេះ​មិន​ទាន់​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​បានទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា សមត្ថកិច្ច​របស់​លោក​មាន​ភារកិច្ច​តែ​ផ្នែក​ព្រហ្មទណ្ឌ​ទេ រីឯ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​គឺ​លោក​មិន​បានធ្វើ​ទេ​។ «​ប្រតិបត្តិការ​នោះ​យើង​រំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន​ ១៥ ​នាក់​ក្នុងនោះ​មាន​មនុស្ស​ស្រី​ ៣ ​នាក់​ដែល​គេ​បង្ខាំង​ពួកគាត់​»​។

លោក កែវ សុថា ស្នងការរង​ទទួល​ផែន​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា​ប្រតិបត្តិការ​នេះ គឺ​សមត្ថកិច្ច​បាន​បង្ក្រាប​នៅ​ថ្ងៃទី​ ៣១ មីនា ឆ្នាំ​ ២០២០ រីឯ​វត្ថុតាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​របស់​លោក​រឹបអូស​បាន​នោះ​គឺ​ស្ថិតនៅ​ទីតាំង​ដោយឡែក​ពី​គ្នា​ទេ ប៉ុន្តែ​ជា​ក្រុម​តែមួយ​។ ចំពោះ​បញ្ហា​បង្ក្រាប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​កំពុង​មាន​ចំណាត់ការ​បន្តទៀត​។

លោក​បាន​ប្រាប់ថា​៖ «​ករណី​បង្ខាំង​ជនរងគ្រោះ​នៅ​បន្ទប់​ផ្សេង​ដាច់ដោយ​ឡែក​ទេ​។ អ៊ីចឹង​ទេ​ក្រោយពី​ត្រួតពិនិត្យ​នៅ​ទីតាំង​ដែល​យើង​សង្ស័យថា បង្ខាំង​ហ្នឹង​ខាង​ព្រហ្មទណ្ឌ​គាត់​ជា​ម្ចាស់​ករណី​ហើយ​គាត់​បន្ត​នីតិវិធី​របស់គាត់​ទៅ​។ ចំណែក​យើង​បន្ត​ការងារ​ដាច់​ដោយ​ឡែក​មួយ​មិនទាន់​ចប់​ទេ​»៕