ភ្នំពេញ: សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសចំនួន ២ នាក់ ពាក់ព័ន្ធអំពើឃាតកម្មបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់កាលពីយប់ឈានចូលថ្ងៃទី ៣០ ខែធ្នូ ដែលផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញបានរកឃើញរថយន្តរបស់ជនល្មើសជិះធ្វើសកម្មភាពដែលយកមកលាក់ទុកនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប៉ុន្ដែមិនទាន់ចាប់ជនល្មើសបានទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់អាចប្រាប់ពីនីតិវិធីរបស់សមត្ថកិច្ចជំនាញបានទេ ដោយសារយើងកំពុងស្រាវជ្រាវយ៉ាងមមាញឹក ប៉ុន្ដែយើងនៅមិនទាន់កំណត់អត្តសញ្ញាណជនបង្កហេតុនៅឡើយ។ ទោះយ៉ាងណា យើងនៅតែបន្តការងារស្រាវជ្រាវរបស់យើង»។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយ ជុំវិញករណីនេះដោយលោកថា កំពុងជាប់រវល់។ ប៉ុន្តែ បើតាមរបាយការណ៍របស់លោក ជ្រេង ធី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី ២ បានឱ្យដឹងពីម្សិលមិញថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែធ្នូ មានករណីឃាតកម្មបាញ់សម្លាប់ដែលបង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធខ្លី ១ ដើមដែលជិះរថយន្ត Lexcus RX300 ពាក់ស្លាកលេខសៀមរាប 2A-4546។
ជនសង្ស័យ ២ នាក់ មិនស្គាល់អត្តសញ្ញាណមានភិនភាគទម្រង់មុខធំល្មម មាឌធំ សម្បុរស ពាក់វ៉ែនតាមីញ៉ូបពណ៌ស អាយុប្រហែល ៣៨ ឆ្នាំ ជនជាតិខ្មែរពាក់អាវដៃខ្លីវែងសឆ្នូតស្លៀកខោជើងវែង កាត់សក់ខ្លី ចិញ្ចើមស្ដើងរាងខ្លី ប្រើអាវុធខ្លីមិនស្គាល់ម៉ាក ១ ដើមពណ៌ប្រាក់។ បក្ខពួករាងស្គមខ្ពស់ល្មម សម្បុរសខ្មៅ ខោក្រណាត់ជើងខ្លី អាវយឺតក្រណាត់ដៃខ្លីពណ៌ក្រហមមុខរាងជ្រុងស្រួច ភ្នែកធំ ចិញ្ចើមស្ដើង អាយុប្រហែល ៣០ ឆ្នាំ។
ចំណែកជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ហៅ ញ៉ក់ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរជាមន្ត្រីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេបាញ់ពីក្រោយខ្នងចំនួន ៣ គ្រាប់ធ្លាយមកមុខ និងថ្ងាស ១ គ្រាប់ធ្លាយមកក្រោយ។ ចំណែកអាវុធខ្លីម៉ាក Glock 19 លេខ AALU204 របស់ជនរងគ្រោះបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន។
លោក ជ្រេង ធី បន្ថែមថាមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិឈ្មោះ ង៉ាន់ ភីលីន ភេទប្រុសអាយុ ២៩ ឆ្នាំ បានចេញពីហាងហូបស៊ុបនៅម្ដុំវត្តភ្នំ ហើយបានបើករថយន្ត Ford Raptor ចេញដំណើរដល់ចំណុចកើតហេតុ ក៏មានរថយន្តជនបង្កមានអ្នករួមដំណើរចំនួន ៥ នាក់ ក្នុងនោះមានប្រុស ២ នាក់ ស្ត្រី ២ នាក់ និងកុមារាម្នាក់ដោយរថយន្តជនបង្កបានបុករថយន្តជនរងគ្រោះខាងឆ្វេងពីក្រោយ បណ្ដាលឱ្យខូចខាតតិចតួច។ ក្រោយមក ជនរងគ្រោះជិះវ៉ារថយន្តជនបង្ក ហើយទៅបាំងពីមុខរថយន្តជនសង្ស័យ ហើយជនរងគ្រោះក៏ដកកាំភ្លើងភ្ជង់លើជនសង្ស័យឱ្យឈប់រថយន្ត ដើម្បីឱ្យឈប់ដោះស្រាយគ្នា។ លោកបន្ថែមថា ភាគីទាំង ២ បានចរចា និងព្រមព្រៀងគ្នាដោយយករថយន្តជនរងគ្រោះទៅជួសជុល ដើម្បីបញ្ចប់រឿង។
ភ្លាមៗនោះជនបង្កបានប្រាប់ឱ្យអ្នករួមដំណើរជាស្ត្រី ២ នាក់ និងកុមារាម្នាក់ជិះម៉ូតូកង់បីទៅផ្ទះមុន។ ចំណែកជនរងគ្រោះ និងឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលចំណុចខូចខាតរថយន្តខ្លួនស្រាប់តែជនសង្ស័យបានដកកាំភ្លើងពីចង្កេះបាញ់សំដៅមកជនរងគ្រោះពីក្រោយចំនួន ៤ គ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនល្មើស ២ នាក់ បានរត់ឡើងរថយន្តជិះគេចខ្លួនបាត់។ ប៉ុន្ដែឈ្មោះ ង៉ាន់ ភីលីន បានរត់ទៅដកកាំភ្លើងពីជនរងគ្រោះមកបាញ់តបតវិញដែរ។
បើតាមលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យផ្នែកកោសល្យវិច័យនៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយអំពើឃាតកម្មបាញ់សម្លាប់៕