តាកែវ៖​ ​សមត្ថ​កិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​​​បាននិង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​បន្ទាប់​ពី​កាប់​បងថ្លៃ​​ខ្លួនឯងស្លាប់​កាល​ពី​យប់ថ្ងៃ​ទី​២៣​មេសា​ ដោយ​សារ​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹកស៊ី​ នៅ​​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ​ខេត្ត​តាកែវ​។

លោក ​ប៉ិច ​វណ្ណ ​អធិការរង​នគរបាល​​ស្រុក​ទ្រាំង​​ប្រាប់​​ភ្នំពេញេប៉ុស្តិ៍នៅថ្ងៃ២៦មេសាថា ​​ជន​សង្ស័យ​នោះ ឈ្មោះ​ យន់​ រ​ង្សី​ ភេទ​ប្រុស​ អាយុ​​ ២០​ឆ្នាំ(​​ត្រូវជា​ប្អូន​ថ្លៃ​)។ ​រីឯជនរងគ្រោះ​ ​ឈ្មោះ ​សោ​ វុទ្ធី ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ​ពួក​គេ​ជា​កសិករ​​និង​រស់​នៅ​ក្នុង​ភូមិ-ឃុំ​​កើត​ហេតុ​ខាង​លើ​។

លោក​ថា​៖«យើង​ចាប់​គេ​មិន​ទាន់​បាន​ទេ​​ប៉ុន្តែ​យើង​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ហើយ​ហើយ​កម្លាំង​សមត្ថ​កិច្ច​របស់​​យើង​កំពុង​ស្វែង​រក​ចាប់​ជន​​រូប​នោះ​ហើយ​»​។

លោករំ​ឭក ​ប្រាប់​តាម​សម្តី​សាច់​​ញាតិ​របស់​ជនរងគ្រោះ​ថា​កាល​ពី​ថ្ងៃ​កើត​ហេតុ​ក្រុម​គ្រួសារ​​ជន​សង្ស័យ​និង​ជន​រងគ្រោះ​​បាន​ជួប​ជុំ​គ្នា​ផឹក​ស្រា​​តាំង​ពី​ម៉ោង​៤​រសៀលរ​ហូត​យប់​ដោយ​មាន​វត្ត​មាន​ប្រពន្ធ​ជន​សង្ស័យ​និង​ប្រពន្ធ​​ជនរងគ្រោះចូលរួម​ផង​។​លុះផឹក​ស្រវឹងរៀង​ៗ​ខ្លួន​​ជន​រង​គ្រោះ​បាន​និយាយ​​ទៅ​ជន​សង្ស័យ​​ថា​​៖«​​មួយ​ថ្ងៃ​ៗ​គិតតែ​ផឹក​មិន​ចេះ​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ​»​។ ​ក្រោយ​មក​ក៏​មាន​ជម្លោះ​ដោយ​ជន​សង្ស័យ​ថា​៖​«និយាយ​មើល​ងាយ​ខ្ញុំ​ហើយ​»​។​

លោក​ សុវណ្ណ​បន្ត​ថា​ រីឯ​ជន​រងគ្រោះ​​ក៏​ស្រែ​ក​ខ្លាំង​ៗ​ទៅ​ជន​សង្ស័យ​វិញ​ថា​​៖​«គ្រាន់​តែ​អញ​ថា​ប៉ុណ្ណឹង​​អ្ហែង​ខឹង​អញ​​ឥឡូ​​វ​ចង់​ធ្វើ​ម៉េច​អញ​»​។

ភ្លាម​ៗ​នោះ​​ភាគីទាំង២​បាន​ស្ទុះ​ទៅយក​កាំបិត​ប៉័ង​​តោរៀង​ៗ​ខ្លួន​​ប្រុងកាប់​គ្នា​។បន្ទាប់មកស្រាប់តែជន​សង្ស័យ​កាប់​មុនមួយ​​ទំហឹង​​​លើ​ជនរងគ្រោះ​​​ចំនួន​៣​កាំបិត​គឺ​ត្រូវ​ត្រង់​ក្បាល​១​កន្លែង​គល់​ថ្គាម​ត្រង់​រង្វះ​​មាត់ ក្រោម​ត្រចៀក​​ខាង​ស្តាំ​​​១​កន្លែង​ និង​ត្រង់​ឆ្អឹង​ជំនី​​រផុត​​ខាង​ឆ្វេង​១​កន្លែង​ដួល​​ស្លាប់​ភ្លាមៗតែម្ដង​​។​

លោក​ប្រាប់​តាម​សម្តី​សាក្សី​ថា​ហេតុ​ការណ៍​នេះបាន​​កើត​ឡើង​​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​​យប់​ថ្ងៃ​កើតហេតុហើយ១៥​នាទី​ក្រោយ​មក​ទើប​សមត្ថ​កិច្ច​លោ​ក​ទទួល​បាន​សេច​ក្តី​រាយ​ការ​ណ៍​ពី​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ប៉ុន្តែ​ដោយ​សារ​ពី​ស្នាក់​ការ​​នគ​របាល​ប៉ុស្តិ៍​​ទៅ​កន្លែង​​កើ​​តហេតុ​ឆ្ងាយ​ ដូច្នេះ​ទម្រាំ​សម​ត្ថកិច្ច​ទៅ​ដល់​​គឺជន​សង្ស័យ​រត់​គេច​ខ្លួន​បាត់​​។

លោក​ថ្លែង​ថា​៖​«យើង​ឃើញ​​​ថា​ការផ្តល់​ព័ត៌មាន​​ឲ្យ​សមត្ថកិច្ច​យើង​វា​យឺត​ពេល​ប៉ុន្តែ​ការ​អង្កេត​របស់​យើង​មិន​ឃើញ​មាន​តម្រុយ​ណា​លាក់​​កំបាំង​បទ​ល្មើស​ទេ​គ្រាន់​តែ​រាយ​ការណ៍​យឺត​»។

លោក​បន្ត​ថា​បច្ចុប្បន្ន​សមត្ថ​កិច្ច​របស់​អធិកា​រដ្ឋាន​នគរ​បាល​ស្រុក​ទ្រាំង​រួម​ទាំង​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​តាកែវ​​កំពុងបន្ត​ស្រាវ​ជ្រាវ​ដើម្បី​កំណត់​គោល​ដៅ​​ដែល​ជន​សង្ស័យ​ទៅ​សម្ងំ​លាក់​ខ្លួន​។ បើ​ទោះជា​​ចាប់​​ជន​បង្ក​​បទ​ល្មើស​មិន​បា​នក្តី​ក៏​សមត្ថ​កិច្ច​​បាន​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​អយ្យ​កា​រអម​សា​លា​ដំបូង​ខេត្ត​តាកែវ​​ដើម្បី​ទុក​ជូន​តុលា​ការ​បន្ត​នីតិវិ​ធី​។​ ករណី​នេះ​ក្រោយ​តុលា​ការ​ទទួល​បាន​កំណត់​ហេតុ​អស់​ហើយ​គឺ​មាន​តែ​តុលា​ការ​ចេញ​ដី​កា​ស្វែង​រ​ក​ចាប់​ខ្លួន​ជន​សង្ស័យ​៕