ភ្នំពេញៈ សមត្ថកិច្ចខណ្ឌបឹងកេងកងបានកំពុងស្វះស្វែងកំណត់អត្តសញ្ញាណជនសង្ស័យករណីជិះម៉ូតូឆក់កាបូបរបស់ស្ត្រីម្នាក់រងគ្រោះត្រូវដួលម៉ូតូស្លាប់កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានឲ្យដឹងកាលពីម្សិលមិញថា ករណីនេះសមត្ថកិច្ចត្រូវប្រមូលព័ត៌មានដើម្បីធ្វើយ៉ាងណាកំណត់អត្តសញ្ញាណរបស់ជនសង្ស័យដើម្បីចាប់ខ្លួន។
លោកថ្លែងថា៖ «គេកំពុងតែធ្វើកិច្ចការងារនេះហើយ ហើយនៅថ្ងៃទី ៨ មេសានេះ ខ្ញុំបានប្រាប់ទៅលោកអធិការដែរហើយប៉ូលិសមិនទាន់ធ្វើការងារនេះចប់»។
លោក សូយ សាមិត្ត នាយនគរបាលប៉ុស្តិ៍សង្កាត់បឹងកេងកង៣បានឲ្យដឹងកាលពីម្សិលមិញដែរថា ទាក់ទងបញ្ហានេះសមត្ថកិច្ចខណ្ឌបឹងកេងកងកំពុងស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញការបង្កបទល្មើសនេះហើយរួមទាំងឆែកមើលតាមកាមេរ៉ាសុវត្ថិភាពផងដែរ។ ប៉ុន្តែទុករឿងនេះឲ្យសមត្ថកិច្ចធ្វើការងារសិន។
ទោះយ៉ាងណាបើតាមមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកង ៣ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា តាមសាក្សីនៅកន្លែងកើតហេតុថាហេតុការណ៍បានកើតឡើងនៅប្រហែលជាម៉ោងជាង ៨ យប់ថ្ងៃទី ៧ ខែមេសា នៅចំណុចមុខផ្ទះលេខ ៩៦ ផ្លូវលេខ ៣១០ ក្រុមទី ៣៧ ភូមិ ១៣ សង្កាត់បឹងកេងកង៣។
មុនពេលកើតហេតុគេឃើញនារីរងគ្រោះឈ្មោះ លីវ ឡៃហួយ អាយុ ២៣ ឆ្នាំជាបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកយីហា K៤ បានជិះម៉ូតូម្នាក់ឯង ១ គ្រឿងម៉ាកហុងដាសេ ១២៥ តាមបណ្តោយផ្លូវខាងលើ។ ស្របពេលនោះគេបានឃើញម៉ូតូ ១ គ្រឿងជិះទៅអែបជិតម៉ូតូរបស់ស្ត្រីរងគ្រោះហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីរងគ្រោះបណ្តាលឲ្យដួលហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕