កំពង់ធំៈ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបាននិងកំពុងស្រាវជ្រាវរកម្ចាស់ឈើ និងម្ចាស់រថយន្តធុនធំ ១ គ្រឿងដែលបានដឹកធ្យូងលួចបង្កប់ឈើខុសច្បាប់ប្រភេទលេខ ២ ប្រមាណពី ៥ ទៅ ៦ ម៉ែត្រគុប បន្ទាប់ពីសមត្ថកិច្ចបានឃាត់រថយន្តនៅភូមិកកោះ ឃុំកកោះ ស្រុកសន្ទុកកាលពីថ្ងៃទី ២២ ខែមីនាដែលខណៈនោះអ្នកបើកបររថយន្តបានរត់គេចខ្លួន។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បាននិងកំពុងបន្តធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់ឈើ និងអ្នកបើកបររថយន្តធុនធំ ១ គ្រឿងចំណុះ ៥ តោនម៉ាក Hyundai ដែលបានដឹកធ្យូង ហើយលួចបង្កប់ឈើពីក្រោមធ្យូងប្រមាណពី ៥ ទៅ ៦ ម៉ែត្រគុប។ រថយន្តនេះបានចេញដំណើរពីខេត្តព្រះវិហារឆ្ពោះទៅរាជធានីភ្នំពេញ។ ខណៈមកដល់ភូមិកកោះត្រូវបានសមត្ថកិច្ចស្ទាក់ផ្លូវឃាត់ ក្រោយពីភ្នាក់ងារសម្ងាត់របស់សមត្ថកិច្ចរាយការណ៍ជុំវិញការដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកបន្ថែមថា ការស្ទាក់ចាប់រថយន្តនេះមានការស្នើសុំការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំទើបធ្វើការឃាត់ឆែកឆេរឃើញមានធ្យូងដាក់ពីលើ។ ពេលនោះសមត្ថកិច្ចបន្តបើកទ្វាររថយន្តហើយរើទម្លាក់ធ្យូងមួយចំនួនក៏ប្រទះឃើញឈើប្រភេទលេខ ២ (ឃ្នាប និងក្តារ) គឺជាគ្រឿងឈើសម្រាប់សាងសង់ផ្ទះ។ បន្ទាប់មកសមត្ថកិច្ចបានយកវត្ថុតាងពីកន្លែងឃាត់ទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង។
លោក សុធី បញ្ជាក់ថា៖ «ពេលនេះយើងកំពុងស្រាវជ្រាវរកម្ចាស់ឈើ និងអ្នកបើកបរមកទទួលខុសត្រូវតាមច្បាប់ ហើយមន្ត្រីយើងកំពុងរើធ្យូង និងឈើចេញពីឡាន។ ប៉ុន្ដែចំនួនធ្យូង ខ្ញុំមិនទាន់ដឹងច្បាស់ទេ ហើយចំនួនឈើក៏មិនទាន់រាប់អស់ដែរ តែបើតាមការស្មានរបស់ខ្ញុំគឺអាចប្រមាណជា ៥ ទៅ ៦ ម៉ែត្រគុប។ ពេលឃើញសមត្ថកិច្ចឈរចាំនៅខាងមុខស្រាប់តែអ្នកបើកបរឈប់ឡានបើកទ្វាររត់គេចខ្លួនបាត់»។
លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំពីម្សិលមិញបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកអះអាងថា កំពុងជាប់រវល់ប្រជុំមិនអាចនិយាយទូរស័ព្ទបានទេ។
ចំណែកលោក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុកពីម្សិលមិញក៏បដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះដែរ ដោយលោកថាកំពុងជាប់រវល់ប្រជុំ ប៉ុន្តែលោកបញ្ជាក់ថាមិនទាន់បានដឹងករណីនេះទេ។
លោកស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុកបានបញ្ជាក់ថា៖ «ខ្ញុំឃើញព័ត៌មានគេចុះផ្សាយរឿងហ្នឹងដែរប៉ុន្ដែខាងមន្ត្រីជំនាញមិនបានស្នើសុំខាងកម្លាំងខ្ញុំឲ្យជួយផង។ អ៊ីចឹងរបាយការណ៍នានាទាក់ទងរឿងនេះខ្ញុំអត់ដឹងទេទាល់តែទៅខាងមន្ត្រីជំនាញយើងបានដឹង»។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
តាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីម្សិលមិញថា ម្ចាស់ឈើឈ្មោះ ឌី ដែលតែងតែអះអាងថា ខ្លួនគឺជាក្មួយអ្នកធំម្នាក់ដែលមានងារជាឯកឧត្តម។ កន្លងមកបុគ្គលរូបនោះបានអន្តរាគមន៍ឲ្យដោះលែងឡានដឹកឈើខុសច្បាប់ជាច្រើនលើកច្រើនសាមកហើយ ដែលធ្វើឲ្យបុគ្គលរូបនេះកាន់តែគឃ្លើនមិនខ្លាចញញើតសមត្ថកិច្ចនោះទេ៕