ពោធិ៍សាត់: សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ខេត្តពោធិ៍សាត់​កំពុង​​ស្វែងរក​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ ១ ​កន្លែង​ នៅ​ភូមិ​បំណក់ ឃុំ​ឈើតុំ ស្រុក​ក្រគរ បន្ទាប់ពី​បង្ក្រាប​ពីថ្ងៃ​ទី​ ២២ ខែមករា ដោយ​រឹបអូស​ឈើ​ចម្រុះ​ ១៣ ​ដុំ និង​ ៩០ ​សន្លឹក និង​សម្ភារ​បម្រើឱ្យ​អាជីវកម្ម​កែច្នៃ​ឈើ​មួយចំនួន​ទៀត ប៉ុន្ដែ​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​។

លោក នៅ សុជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​លោក​បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ឈើ​តុំ​ចុះបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ ១ ​កន្លែង​ដោយ​បាន​រឹបអូស​ឈើ​ចម្រុះ​ ១៣ ​ដុំ និង​ ៩០ ​សន្លឹក ផ្លែ​រណារយន្ត​ ៦ ​ខ្សែ ម៉ាស៊ីន​អារឈើ​ ១ ​គ្រឿង ម៉ូទ័រ​បូមទឹក​ ២ ​គ្រឿង កង់យោង​ម៉ាស៊ីន​ ២ ​គ្រឿង អាគុយ​ ២ ​ធុង កៅឡាក់​ ១ ​គ្រឿង និង​សម្ភារ​មួយចំនួន​ទៀត​។

លោក​ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​លួចលាក់​កែច្នៃ​ឈើ​ក្នុង​តំបន់​ហ្នឹង ដោយសារ​នៅពេល​សមត្ថកិច្ច​យើង​ចុះទៅ​ដល់​ទីតាំង​ហ្នឹង​ គឺ​អត់​ឃើញ​ជនល្មើស​ទេ គាត់​រត់​គេចខ្លួនបាត់​អស់ហើយ​។ ខ្ញុំ​អត់​ដឹងថា​ជនល្មើស​មាន​គ្នា​ប៉ុន្មាន​នាក់​ទេ យើង​ស្រាវជ្រាវ​សិន​»​។

បើតាម​លោក សុជាតិ វត្ថុតាង​ដែល​រឹបអូស​នេះ​ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃឈើ​តុំ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ ដោយ​បាន​ប្រគល់ជូន​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​ ដើម្បី​កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។ ​បន្ទាប់ពី​បង្ក្រាប​នៅ​ទីតាំង​នេះ សមត្ថកិច្ច​បាន​ស្វែងរក​កន្លែង​ក្បែរៗ​នោះ​បន្ថែមទៀត ប៉ុន្ដែ​មិនមាន​ឃើញ​បទល្មើស​ដូច​ករណីនេះ​ទេ​។

លោក​ ប៉ុល ចាន់ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​​ដែរ ប៉ុន្ដែ​សំណុំ​រឿងនេះ​បាន​ប្រគល់ជូន​មន្ត្រី​ឧទ្យានុរក្ស​ឈើតុំ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ជា​អ្នកចាត់ចែង​តាម​នីតិវិធី​ច្បាប់ និង​រក្សា​វត្ថុតាង​នោះ​។

លោក​បន្តថា ការបង្ក្រាប​បទល្មើស​នេះ​ដឹកនាំ​ដោយ​លោក នៅ សុជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំងចម្រុះ​ដោយបាន​ដកហូត​ឈើ​ចម្រុះ​ ១៣ ​ដុំ និង​ ៩០ ​សន្លឹក​ក៏ដូចជា​សម្ភារ​មួយចំនួន​ទៀត ប៉ុន្ដែ​ម្ចាស់​ទីតាំង​បាន​រត់គេចខ្លួន​។

លោក ចាន់ថា បញ្ជាក់​ថា​៖ «​ចំពោះ​វត្ថុតាង​ទាំងអស់ យើង​បានប្រគល់​ជូនទៅ​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ឈើ​តុំ​រក្សាទុក ហើយ​ប្រសិនបើ​គាត់​ចង់​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ក៏​ចាត់ចែង​តាម​ហ្នឹង​ទៅ​ព្រោះ​យើង​បាន​ប្រគល់ជូន​គាត់​ហើយ ...»​។

មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រកសត្វ​ព្រៃឈើ​តុំ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

ចំណែក​លោក គង់ ពុទ្ធីរ៉ា ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​ក៏​មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​​ជុំវិញ​ករណីនេះ​បានដែរ ដោយសារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​៕