ព្រះវិហារៈ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​មន្ត្រី​ជំនាញ​ផ្នែក​​រដ្ឋបាល​ព្រៃឈើ កំពុង​ស្រាវជ្រាវ​រកម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ចំនួន​ ២ ​កន្លែង​ផ្សេង​គ្នា បន្ទាប់ពី​ចុះបង្ក្រាប​ក្នុង​ថ្ងៃ​តែមួយ​នៅ​ស្រុក​រវៀង និង​ស្រុក​ជាំក្សាន្ត​ក្នុង​ខេត្ត​នេះ ដោយ​រឹបអូស​បាន​ឈើ​ប្រភេទ​លេខ​ ១ និង​លេខ​ ២ ​សរុប​ ២០៦ ​សន្លឹក និង​ដកហូត​គោយន្ត​បាន​ ៣ ​គ្រឿង ប៉ុន្ដែ​ម្ចាស់​ទីតាំង​បាន​គេចខ្លួន​បាត់​។

លោក កង សៅគុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ៣ ខែ​មេសា​ថ្មីៗ​នេះ កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក​ជាំក្សាន្ត និង​កងរាជ​អាវុធហត្ថ​ស្រុក​រវៀង​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក និង​ខេត្ត​ព្រះវិហារ​បាន​ចុះបង្ក្រាប​ករណី​កែច្នៃ​ឈើ​ ២ ​កន្លែង​ផ្សេងគ្នា និង​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ ប៉ុន្ដែ​ជនល្មើស​បាន​គេច​ខ្លួន​បាត់​។

លោក​បន្តថា សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ ២ ​កន្លែង​នោះ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ស្រុក​ជាំក្សាន្ត​ចុះ​បង្ក្រាប​នៅ​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំក្សាន្ត ដោយបាន​ដកហូត​វត្ថុតាង​ឈើ​ប្រភេទ​លេខ​ ១ (​ផ្ចឹក​) ​សរុប​ ៩៣ ​សន្លឹក ប៉ុន្ដែ​ម្ចាស់​បានគេច​ខ្លួន​។ រីឯ​កងរាជអាវុធហត្ថ​ស្រុក​រវៀង​បាន​ចុះបង្ក្រាប​គោយន្ត​កន្រៃ្ត​ចំនួន​ ៣ ​គ្រឿង​ ដែល​ដឹក​ផលអនុផល​ព្រៃឈើ​គ្មាន​ច្បាប់​នៅ​ឃុំ​​រមណីយ ស្រុក​រវៀង​ដោយ​ដកហូត​គោយន្ត​កន្រៃ្ត​បាន​ ៣ ​គ្រឿង ឈើ​អារ​ប្រភេទ​លេខ​ ២ (​ផ្តៀក​ឈើទាល​) ​ចំនួន​ ១១៣ ​សន្លឹក ហើយ​ម្ចាស់​ក៏​បាន​រត់​គេចខ្លួនបាត់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​វត្ថុតាង​ដែល​ទាំងនោះ​យើង​បាន​ប្រគល់ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រក្សាទុក​​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​។ ​សមត្ថកិច្ច​ពួកខ្ញុំ​កំពុង​ស៊ើប​រក​ម្ចាស់ និង​បន្ត​ចុះ​ស្រាវជ្រាវ​នៅតាម​ដែនជម្រក​សត្វព្រៃ​ព្រះរកា ព្រោះ​មួយរយៈ​នេះ​តែងតែ​មាន​របាយការណ៍​ពី​បទល្មើស​ព្រៃឈើ​។ ដូច្នេះ​ពួកខ្ញុំ​ធ្វើការ​មិន​បង្អង់​ដៃ​ទេ គឺ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ទៀត​តាម​ការណែនាំ​ពី​ថ្នាក់លើ​ដើម្បី​ការពារ​ព្រៃឈើ​របស់​យើង​»​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​កាលពី​​ថ្ងៃទី​ ៤ ​ខែ​មេសា​ថា វត្ថុតាង​ឈើ​ប្រភេទ​លេខ​ ១ (​ផ្ចឹក​) ​ចំនួន​ ៩៣​ សន្លឹក​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ជាំក្សាន្ត​ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​កាលពី​ថ្ងៃទី​ ៣ មេសា គឺ​បាន​ទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រំដោះ​ស្រែ​រួចហើយ​។

របាយការណ៍​បន្តថា​នៅ​ថ្ងៃខែ​ដដែល​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រវៀង​​ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​ក៏បាន​ចាប់​គោយន្ត​កន្រៃ្ត​ចំនួន​ ៣ ​គ្រឿង​ផងដែរ​ទាក់ទង​នឹង​ការដឹកជញ្ជូន​ផលអនុផល​ព្រៃឈើ​គ្មាន​ច្បាប់​នៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។ រីឯ​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន​គោយន្ត​កន្រៃ្ត​ ៣ ​គ្រឿង ឈើ​អារ​ប្រភេទ​លេខ​ ២ (​ផ្តៀកឈើទាល​) ​ចំនួន​ ១១៣ ​សន្លឹក​ហើយ​បានប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​។

លោក ពីង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះហើយ ប៉ុន្ដែ​លោក​មិនទាន់​បានឃើញ​របាយការណ៍​លម្អិត​នៅ​ឡើយ​ទេ ដោយសារ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំ​រឿង​ដើម្បី​ឲ្យ​លោក​ពិនិត្យ​មុន​បញ្ជូន​ទៅ​តុលាការ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​បាន​ចាំ​​ពី​ចំនួន​រោង​កែច្នៃ​ឈើ​ដែល​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះទៅ​បិទ និង​រឹបអូស​សម្ភារ​ទេ ព្រោះ​យើង​បាន​ធ្វើជា​បន្តបន្ទាប់ ហើយ​មាន​រោង​សិប្បកម្ម​តូច​មាន​ធំៗ​ជាច្រើន​ករណី បើ​ចង់​បាន​របាយការណ៍​បូកសរុប​គឺ​មានតែ​រង់ចាំ​នៅ​ចុងខែ ឬ​ចុងឆ្នាំ ទើប​ក្រុមការងារ​បូកសរុប​តែម្ដង​»​។

លោក​បន្ថែម​ថា នៅ​មុនពេល​ចុះបង្ក្រាប​ករណី​នេះ​សមត្ថកិច្ច​បាន​ចុះទៅ​រោង​កែ​ច្នែ​ឈើ​ទាំង​តូច និង​ធំ (​មិន​ចាំ​ចំនួន​) ដែល​បាន​បើក​នៅ​ក្បែរៗ​ដែនជម្រក​សត្វព្រៃ​ព្រះរកា ព្រៃឡង់ និង​ដែនជម្រកសត្វព្រៃ​ជាច្រើន​កន្លែង​ទៀត​។ ចំពោះ​ទីតាំង​ដែល​មាន​លក្ខណៈ​តូច ឬ​មួយ​ជា​លក្ខណៈ​គ្រួសារ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​ផ្សព្វផ្សាយ​។

រីឯ​ទីតាំង​ដែល​មាន​កម្មករ ឬ​លក្ខណៈ​ធំ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ដកហូត​សម្ភារ​ទាំងអស់​រួមទាំង​ឃាត់​មនុស្ស​ផងដែរ​៕