ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​ជនល្មើស​ពាក់ព័ន្ធ​ករណី​បើក​រថយន្ត​ស៊េរី​ទំនើប​បុក​យុវតី​ជា​សិស្សសាលា​ស្លាប់​ ២ ​នាក់​នៅ​​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​ ១១ ​ធ្នូ ឆ្នាំ ២០១៩ ខណៈ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផងដែរ​។

លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សមត្ថកិច្ច​របស់លោក​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស បន្ទាប់ពី​ជន​នោះ​បើករថយន្ត​បុក​ជនរងគ្រោះ​ហើយ​រត់គេចខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​​ហ្នឹង​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​លោក​កំពុងបើក​ការស្រាវជ្រាវ​ហើយ​»​។

រីឯ​លោក សៀម សុត្ថាវុធ អធិការនគរបាល ខណ្ឌ​ជ្រោយចង្វារ​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កំពុង​បង្ក​ឲ្យ​មាន​ភាព​រំជើបរំជួល​ដោយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ចុះផ្សាយ​បំផ្លើស​ខ្លាំងពេក ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ក្មេងរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​ទេ​។

លោក​បាន​ប្រាប់ថា​៖ «​សារព័ត៌មាន​ដែល​ចុះ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មើលទៅ​ដូចជា​មិន​សមរម្យ​ទេ​។ គ្មាន​ភ័ស្តុតាង​ណា​ដែល​ត្រូវ​ចោទប្រកាន់​គេ​ទេ​...»​។

លោក សៀម សុត្ថាវុធ បញ្ជាក់ថា ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន​នោះ​គ្មាន​មូលដ្ឋាន​ណា​ច្បាស់លាស់​ទេ ហើយ​មុន​ចុះផ្សាយ​គឺ​គាត់​មិន​បាន​សួរ​ព័ត៌មាន​ពី​សមត្ថកិច្ច​ទេ​។

លោក​ថ្លែង​ថា​៖ «​ពួកខ្ញុំ​ធ្វើការងារ​នេះ​ផ្ទាល់​តែ​គាត់​អត់​បាន​សួរ​ពួក​ខ្ញុំ​ទេ​»​។

ប៉ុន្តែ​បើតាម​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ដកស្រង់​សម្ដី​សាក្សី​នៅ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា​កាលពី​ម៉ោង​ប្រមាណ​ជា​ ៧ ​យប់​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០១៩ យុវតី​ឈ្មោះ ខេន កូរ៉ា អាយុ ១៣ ​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី ​៨ ​និង​ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ ១២ ​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​​ ៧ ​នៃ​សាលាបឋមសិក្សា​ក្នុង​ភូមិ​រនះ សង្កាត់​កោះដាច់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​គួរ​ភាសា​អង់គ្លេស​ត្រឡប់​មក​ផ្ទះ​វិញ​។

ប៉ុន្តែ​ពេល​កំពុង​ជិះ​តាមផ្លូវ​ក៏​ស្រាប់​តែមាន​រថយន្ត​ទំនើប​ ១ ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បុក​ក្មេងរងគ្រោះ​ទាំង​​ ២ ​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បាន​បើក​គេចខ្លួនបាត់​។

ដោយឡែក​លោក ជុំ សំណាង នាយរង​នគរបាល​ប៉ុស្តិ៍​កោះដាច់​បញ្ជាក់ប្រាប់​ពី​ម្សិលមិញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​លោក​កំពុង​បន្ត​ស្រាវជ្រាវ ខណៈ​មាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​កំពង់ដ​កោះដាច់​។ ប៉ុន្តែ​លោក​ថា ក្មេងរងគ្រោះ​មិនមែន​ត្រូវ​រថយន្តបុក​ដាច់​ក្បាល​ដូច​ការផ្សព្វផ្សាយ​នោះទេ​។

លោក​ប្រាប់ថា​៖ « វីដេអូ​នោះ​ឃើញ​រូបភាព​ឡាន​ច្បាស់​តែ​មិន​ច្បាស់​ត្រង់​ស្លាក​លេខ​»​។

ទាក់ទង​ករណី​នេះដែរ បើតាម​លិខិត​សរសរ​ដោយ​ដៃ និង​មាន​ស្នាម​ផ្តិតមេដៃ​មួយច្បាប់ តែ​គ្មាន​កាលបរិច្ឆេទ​របស់​ឈ្មោះ ព្រេម សុភ័ណ និង​ឈ្មោះ សៀប សោភា​, ឈ្មោះ សូ ស្រីមុំ និង​ឈ្មោះ គាំ គឹមសុង ដែលថា​ជា​ឪពុកម្តាយ​ក្មេងរងគ្រោះ​ទាំង​ ២ ​នាក់​បាន​ជម្រាបជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា ពួកគាត់​មិនទាន់​ទទួល​បាន​តម្រុយ​យុត្តិធម៌​ឡើយ ដោយសារ​សមត្ថកិច្ច​អះអាង​ថា មិនអាច​កំណត់​អត្តសញ្ញាណ​ជនបង្ក​បាន​ទោះបី​មាន​វីដេអូ​ពី​កាមេរ៉ា​ថត​ជាប់​រថយន្ត​ជនបង្ក​ក្ដី​។

លិខិត​នោះបាន​រៀបរាប់​ទៀតថា វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​កំពង់ដ​កោះដាច់​។ ប៉ុន្តែ​នៅ​​ពេល​សួររក​វីដេអូ​ (​ម្ចាស់​កំពង់ដ​) ​ព្រម​ប្រគល់​ឲ្យ​ត្រឹមតែ​វីដេអូ​ព្រាលៗ​មិន​ច្បាស់​មួយ​ចំនួន​ដល់​សមត្ថកិច្ច​។ ​រីឯ វីដេអូ​មួយ​ចំនួន​ទៀត​ដែល​ច្បាស់ គេ​បាន​អះអាង​ថា លុបចោល​ហើយ​។ អាស្រ័យ​ហេតុ​នេះ «​សូម​សម្តេច​តេជោ មេត្តា​ជួយ​អន្តរាគមន៍​ដោយ​ក្តី​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​» ៕