ព្រះ​សីហ​នុៈ ​សមត្ថ​កិច្ច​ខេត្ដ​ព្រះ​សី​ហនុ​កំពុង​បន្ត​ការ​សាក​សួរ​បុរស​ ៤ នាក់​ ក្រោយ​ពី​ឃាត់​ខ្លួន​បាន​ពេល​កំពុង​កាប់​ទន្រ្ទាន​ ​ឆ្កា​រព្រៃ​​ ក្នុង​គោល​បំណង​កាន់​កាប់​ជា​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់​នៅ​ទីតាំង​​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់។​ ​នេះ​បើ​តា​ម​លោក​ ឃាង ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​សាលា​ខេត្ដ​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពីម្សិល​មិញ​។​

សេច​ក្ដី​ប្រកាស​ព័ត៌​​មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះ​សី​ហនុ​កាល​ពី​ថ្ងៃ​ទី​ ​២៨ ​ខែ​កក្កដា​​ បាន​ឲ្យ​ដឹង​ថា កន្លង​មក​សកម្ម​ភាព​បទ​ល្មើស​កាប់​ឆ្ការ​ព្រៃ ដាំ​ដំណាំ​ ​សង់​ខ្ទម​ និង​បោះ​បង្គោល​របង​ហ៊ុំ​ព័ទ្ធ​កាន់​កាប់​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចុះ​អនុវត្ដ​វិធាន​ការ​ទប់​ស្កាត់​បាន​ជា​បន្ត​បន្ទាប់​។​ជាក់​ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​ ​២៨​ ខែ​កក្កដា​​ កម្លាំង​មន្រ្ដី​ឧទ្យា​នុរក្ស​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​ រាម​ បាន​ចុះ​ល្បាត​ត្រួត​ពិនិត្យ​បទ​ល្មើស​បាន​ជួប​ប្រទះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម​មាន​គ្នា​​ ៤ នាក់​ ​(ប្រុស​)​ ដែល​កំពុង​កាប់​ទន្រ្ទាន​ ឆ្ការ​ព្រៃ ​ក្នុង​គោល​បំណង​កាន់​កាប់​ជា​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់​ ស្ថិត​​​នៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃ​ន​ប់។

លោក ​ឃាង ​ភារម្យ ​បាន​ថ្លែង​ថា៖ «មនុស្ស​ទាំង​ ៤ ​នាក់​ រួម​ទាំង​វត្ថុតាង (កាំបិតផ្គាក់)​ ដែល​កម្លាំង​មន្រ្ដី​ឧទ្យា​នុរក្ស​នាំ​ខ្លួន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ដ​ព្រះ​សីហនុ​ គឺ​កំពុង​តែ​សួរ​នាំ​ទៅ​តាម​នីតិ​វិធី​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​នៅ​ឡើយ​ទេ»​។​

យោ​ង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​មន្ទីរ​បរិ​ស្ថាន​ខាង​លើ​ដដែល​បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ថ្មីៗ​នេះ ​សកម្ម​ភាព​នៃ​ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ ជា​លក្ខណៈ​​ក្រុម​ទន្រ្ទាន​កាប់​ឆ្ការ​ព្រៃ ​ឈូស​ឆាយ​ ដាំ​ដំណាំ ​​សង់​ខ្ទម​ និង​បោះ​បង្គោល​របង​ហ៊ុំ​ព័ទ្ធ​កាន់​កាប់​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ដោយ​ខុស​ច្បាប់​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សីហនុ «រាម»​ មាន​ការ​កំ​រើក​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ជា​ពិសេស​នៅ​តំបន់​ភូមិ​សាស្រ្ដ​ឃុំ​រាម​ និង​ឃុំ​អូរ​ជ្រៅ ​ស្រុក​ព្រៃ​ន​ប់​ ​ខេត្ត​ព្រះ​សី​ហនុ​។​

រដ្ឋ​បាល​សាលា​ខេត្ត​ព្រះ​សី​ហនុ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ចុះ​ថ្ងៃទី​ ​២៨​ ​កក្កដា​ នេះ​ដែរ​​ថា​ កម្លាំង​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ​ សហ​ការ​ជា​មួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ បាន​ចុះ​រុះរើ​ខ្ទម​អនា​ធិប​តេយ្យ ​ចំនួន​ ​៤៣​ ខ្ទម​ ដែល​ក្រុម​អ​នា​ធិ​តេ​យ្យ​មាន​គ្នា​ប្រមាណ ​២០​ នាក់​ សាង​សង់​ក្នុង​ចេត​នា​រំលោភ​យក​ដី​ ជា​កម្មសិទ្ធិ​ឯក​ជន​របស់​ប្រជា​ពលរដ្ឋ​ មួយ​កន្លែង​ នៅ​តំបន់​អូរ​ត្រាវ ភូមិ ១​ ​សង្កាត់​លេខ ​១​ ក្រុង​និង​ខេត្ត​ព្រះ​សី​ហនុ​។​

រដ្ឋ​បាល​សាលា​ខេត្ត​ព្រះ​សីហនុ​បញ្ជាក់​ថា ​ធ្លាប់​បាន​ចុះ​អប់រំ​ណែនាំ ​និង​រុះរើ​ខ្ទម​អនា​ធិប​តេយ្យ​នៅ​ទីតាំង​ខាង​លើនេះ​​ម្តង​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​កក្កដា​។ ​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ ​បាន​ស្នើសុំ​​ធ្វើ​ការ​រុះរើ​ដោយ​ខ្លួន​ឯង។​

រដ្ឋ​បាល​សាលា​ខេត្ត​បញ្ជាក់​ថា៖​ «​ក្នុង​អំឡុង​ពេល​ចុះ​រុះរើ​នៅ​ថ្ងៃទី​ ​២៧​ កក្កដា​ កម្លាំង​សមត្ថ​កិច្ច​ បាន​ជួប​ប្រជា​ពល​រដ្ឋ​នៅ​ទី​តាំង​ជាក់​ស្តែង​ប្រហែល​ ២០​ នាក់​ ហើយ​ពួក​គាត់​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​ទី​តាំង​នោះ​ដោយ​សន្តិ​វិធី ​និង​មិន​មាន​​ការ​តវ៉ា​អ្វី​នោះ​ឡើយ​»​។​

លោក​ ​ឃាង​ ​ភារ​ម្យ​ បន្ថែម​ថា​៖‍​ «​ករណី​ដែល​មាន​ការ​កាប់​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ ​គឺ​យើង​មាន​ច្បាប់​ស្តី​អំពី​តំបន់​​ការ​ពារ​ធម្ម​ជាតិ​ ដែល​ត្រូវ​ឲ្យ​សមត្ថ​កិច្ច ចុះ​អនុ​វត្ត​វិធាន​ការ​ទប់​ស្កាត់​ជា​បន្តប​ន្ទាប់។​ ក្នុង​ករណី​ដែល​មាន​ការកាប់​ឆ្ការ​ព្រៃ​ ដាំ​ដំ​ណាំ​ ​សង់​​ខ្ទម​ ​និង​បោះ​បង្គោល​របង​ហ៊ុំ​ព័ន្ធ​ជា​ដើម ​យើង​អនុវ​ត្ត​ឲ្យ​បា​នម៉ឺ​ងមា​ត់ ចំពោះ​អ្នក​ប្រ​ព្រឹត្ត ​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​»​។​

លោក​ស្រី ​ជៀប ​សុធារី​ ​មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះ​សី​ហនុ​លើក​ឡើង​ថា​ ​ដី​នៅ​តំបន់​ដែល​ពល​រដ្ឋ​កំពុង​ទន្ទ្រាន​យក​នោះ ​ភាគ​ច្រើន​​គឺ​ជា​តំបន់​ដែល​បាន​កាន់​កាប់​ដោយ​ក្រ​សួង​បរិស្ថាន​។​ ​

លោក​ស្រី​ថា​ ​គ្រាន់​តែ​កន្លង​មក​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​មិន​បាន​ដឹង​និង​បាន​ទិញ​ដី​នេះ​តៗ​គ្នា​ជា​យូរ​ម​ក​ហើយ​ ស្រាប់​តែ​ក្នុង​ពេល​បច្ចុ​ប្បន្ន​ ​ដី​នៅ​ក្នុង​ខេត្ត​នេះ ​ចាប់​ផ្តើម​ឡើង​ថ្លៃ​យ៉ាង​គំ​ហុក​ ក៏​បណ្តាល​ឲ្យ​ពល​រដ្ឋ​ទាំង​នោះ ​ចូល​ទៅ​សាង​សង់​លើ​ដី​ទាំង​នោះ​តែ​ម្តង​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អាជ្ញាធ​រខេត្ត មាន​វិធាន​ការ​យ៉ាង​ដូ​ច្នេះ​។​

លោក​ស្រី​បញ្ជាក់​ថា​៖​ «​បើ​សិន​ជា​មាន​កា​រ​រុះ​រើ​ពី​ពល​រដ្ឋ​ហើយ​នោះ ​ក៏​សុំ​គ្រប់​គ្រង​ដី​នេះ​ឲ្យ​បា​ន​​ ​ព្រោះ​រាល់​ថ្ងៃ​នេះ ​ប្រ​ជា​ពល​រដ្ឋ​នៅ​តែ​មាន​មន្ទិ​ល​សង្ស័យ​ជុំវិញ​​ការ​បណ្តេញ​ពួក​គាត់​ចេញ ​ហើយ​បែរ​ជា​យក​ដី​របស់​ពួក​គាត់​ ប្រគល់​ទៅ​ឲ្យ​អ្ន​កវិ​និយោគ​ បុគ្គល​ ​ឬ​ក្រុម​ហ៊ុន​ណា​ផ្សេ​ង។​ ​ពល​រដ្ឋ​ បា​ន​ចាញ់​បោក​គេ​ហើយ​ ដែ​ល​ទិ​ញ​ដីនេះ ហើយ​វា​ ​គឺ​ជា​រឿង​អយុ​ត្តិ​ធម៌​សម្រា​ប់​ពួ​ក​គា​ត់​»​៕​