ស្វាយរៀងៈ មនុស្ស​ប្រមាណ ១៣០ នាក់​ជា​ជនជាតិចិន​ និង​វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ឃាត់ខ្លួន​សាកសួរ​កាលពី​ថ្ងៃទី ២៧ ខែមេសា ពាក់ព័ន្ធ​រឿង​ឆ្លងដែន​ខុសច្បាប់​តាម​ព្រំប្រទល់​កម្ពុជា-វៀតណាម ដោយ​មាន​មេខ្យល់​ជា​អ្នកដឹកនាំ។

លោក តូច ប៉ូលីវ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ មេសា​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​បន្តដំណើរ​ការសាកសួរ ជនបរទេស​ទាំងពីរ​ជាតិសាសន៍​នៅក្នុង​ផ្ទះសំណាក់ ឋានសួគ៌​បួន​រដូវ​ស្ថិត​នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

លោក ប៉ូលីវ៉ា ថ្លែងថា៖ «ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ១៩​រាតត្បាត​ខ្លាំង ម្ល៉ោះហើយ​យើង​មិនអាច​សួរ​ពួកគេ​ផ្ទាល់​តាមរបៀប​ដែល​យើង​ធ្លាប់ធ្វើ​ពីមុន​បានទេ អ៊ីចឹង​ហើយ​បាន​ជា​ការងារ​វា​យូរ»។

លោក​ថ្លែង​ថា រហូត​មក​ដល់​ពេលនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​ប្រមូល​បាន​ព័ត៌មាន​លម្អិត​ពី​ជនបរទេស​ទាំងនោះ​ទេ ដោយសារ​ដំណើរការ​សាកសួរ​លើ​ជនបរទេស​ទាំងអស់​នោះ​មិនទាន់​បានបញ្ចប់។

ចិន និង វៀតណាម ប្រមាណ១៣០នាក់ ឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងបាវិត កាលពីថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០២១។ រូបថត FB

លោក ប៉ូលីវ៉ា ថ្លែងថា៖ «បន្ទាប់ពី​ស្រង់​សាវតា​ជាតិ​ពួកគេ​អស់​គ្នា​ហើយ​នោះ​គឺ​អាជ្ញាធរខេត្ត​នឹងធ្វើ​ការទំនាក់ទំនង​ជា​មួយ​ភាគី​ដៃគូ​ថា​នឹង​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត។ ការងារ​យ៉ាងណា​ទៀត​នោះ​គឺ​អាជ្ញាធរខេត្ត​នឹង​ប្រជុំពិភាក្សា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​បន្តទៀត»។

ទោះយ៉ាងណា​ក៏ដោយ លោក ប៉ូលីវ៉ា ថ្លែង​ដោយយោង​តាម​ព័ត៌មាន​បឋម​ថា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​មួយចំនួន​បាន​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូលមក​ខេត្តស្វាយរៀង។

យោងតាម​មន្ត្រី​អាវុធហត្ថ​នៅ​ក្រុង​បាវិត​មួយរូប​ថ្លែង​ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី ២៩ ខែមេសា​នេះ បានឱ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ទៀបភ្លឺ​ថ្ងៃទី ២៧ មេសា ខណៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បាវិត​បាន​ដើរល្បាត​ក៏ប្រទះឃើញ ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ស្រី-ប្រុស ប្រមាណ​ជាង ១០០ នាក់​កំពុង​ចុះ​ពីលើ​ម៉ូតូ​សំដៅ​ផ្ទះសំណាក់​ឋានសួគ៌​បួន​រដូវ។

លោក ស្រី វុត្ថា មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​ទទួល​ការងារ​ព្រហ្មទណ្ឌ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃទី ២៨ មេសា​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ក្រោយពី​ធ្វើ​កំណត់ហេតុ​ចប់ ហើយ​នឹង​ពន្លាត​ដែនដី​នៃ​ការស៊ើបអង្កេត​បន្តទៀត ប្រសិន​បើ​រកឃើញ​ថា​មាន​ជន​ពាក់ព័ន្ធ៕