
អាកាស្វាយបត់ចំនួន ២៥ ដើមត្រូវបានរឹបអូសនៅក្នុងផ្ទះមួយស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថត ប៉ូលិស
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន ៨ នាក់ត្រូវបានឃាត់ខ្លួន និងអាវុធចំនួន ២៨ ដើមត្រូវបានរឹបអូសនៅក្នុងការបង្ក្រាបក្រុមប្រដាប់អាវុធអនាធិបតេយ្យនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តចំនួន ២ ផ្សេងទៀត ខណៈដែលសមត្ថកិច្ចនៅតែកំពុងបន្តធ្វើការស៊ើបអង្កេតដើម្បីស្វែងរកមេខ្លោង និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតនៅក្នុងរឿងនេះ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ និងមន្ត្រីនគរបាលមូលដ្ឋាន។
លោក ប៉ិន ថារ៉ាន់ នាយប៉ុស្ដិ៍សង្កាត់ពន្សាំងក្នុងខណ្ឌព្រែកព្នៅដែលបានសហការចុះស្រាវជ្រាវដល់ទីតាំងកើតហេតុកាលពីថ្ងៃទី ២៦ ខែកញ្ញាជាមួយសមត្ថកិច្ចជំនាញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីលាក់ទុកអាវុធខុសច្បាប់នេះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ការចុះបង្ក្រាបនេះបានស្រាវជ្រាវរកឃើញអាវុធប្រភេទ អាកាស្វាយបត់ចំនួន ២៥ ដើមហើយករណីនេះត្រូវបានស្នងការរាជធានីភ្នំពេញជាអ្នកដោះស្រាយផ្ទាល់។
លោកបន្ដថា៖ «អ្នកលាក់ទុកអាវុធនេះជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះតែម្ដងហើយបានយកទៅលាក់ទុកក្នុងផ្ទះរបស់គាត់ ដោយកប់ទុកក្នុងដីមានចម្ងាយប្រមាណ ៤ ម៉ែត្រនៅក្រោយផ្ទះ»។
បើតាមលោក ថារ៉ាន់ ការចុះបង្ក្រាបករណីលាក់ទុកអាវុធខុសច្បាប់នេះស្នងការនគរបាលរាជធានីភ្នំពេញជាអ្នកស្រាវជ្រាវដឹងហើយបានសហការជាមួយមន្ដ្រីមូលដ្ឋានចុះបង្ក្រាបតែម្ដង។
លោក ថារ៉ាន់ បានឲ្យដឹងទៀតថាការស្រាវជ្រាវរកឃើញអាវុធដែលកប់លាក់ទុកក្នុងដីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ន ឡេង ជាម្ចាស់ផ្ទះ និងជាអ្នកកប់លាក់ទុកអាវុធក្នុងដីទាំង ២៥ ដើម។ លោកបានបន្ដថា៖ «គាត់ (ជនសង្ស័យ) ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ពន្សាំងនេះតែម្ដង គាត់មិនមែនជាមន្ដ្រីអីទេ។ គាត់ធ្លាប់រៀនជំនាញផ្នែកអគ្គិសនី ហើយគាត់មិនទាន់មានប្រពន្ធទេ»។

អាវុធអាកាស្វាយបត់ដែលជនសង្ស័យលាក់ទុក។ រូបថត ប៉ូលិស
គិតរហូតមកដល់ថ្ងៃម្សិលមិញសំណុំរឿងពាក់ព័ន្ធនឹងការលាក់ទុកអាវុធខុសច្បាប់នេះ សមត្ថកិច្ចពាក់ព័ន្ធបានឃាត់ខ្លួនមនុស្សចំនួន ៨ នាក់ ហើយនិងរឹបអូសបានកាំភ្លើងចំនួន ២៨ ដើមដែលមានបណ្តាញពាក់ព័ន្ធនៅក្នុងរាជធានី និងខេត្តចំនួន ៣ ក្នុងនោះមានរាជធានីភ្នំពេញខេត្ដកំពត និងពោធិ៍សាត់ដែលបានចាប់ផ្តើមប្រតិបត្តិការចាប់តាំងពីថ្ងៃទី ២៨ ខែកញ្ញាមក។ នេះបើយោងតាមរបាយការណ៍សំយោគស្តីពីលទ្ធផលបង្ក្រាបក្រុមប្រដាប់អាវុធអនាធិបតេយ្យរបស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងទៀតថាអាវុធដែលដកហូតបានគឺជាប្រភេទកាំភ្លើងអាកាស្វាយបត់ចំនួន ២៨ ដើមដែលអាវុធទាំងនេះត្រូវបានជនសង្ស័យកប់លាក់ទុកនៅក្នុងដីស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ២៥ ដើមនៅភូមិតេជោក្បាលដំរី ខេត្តកំពតចំនួន ២ ដើម និងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ចំនួន ១ ដើម។
លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការរាជធានីមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ចំណែកលោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានបដិសេធធ្វើអធិប្បាយថា តើអាវុធទាំងនេះជាអាវុធដែលត្រូវបានគេជួញដូរ ឬក៏ជាអាវុធរបស់ក្រុមចលនាបះបោរណាមួយនោះទេ ដោយលោកគ្រាន់តែថ្លែងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការមិនទាន់អាចបង្ហាញអ្វីបាននៅឡើយទេ។
លោកបញ្ជាក់ថា៖ «ករណីនេះកំពុងស៊ើបអង្កេត អត់ទាន់ហ៊ានបញ្ជាក់ទេ ព្រោះកំពុងតែស្រាវជ្រាវបង្ក្រាប»៕