កំពង់ស្ពឺៈ ជនត្រូវចោទចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីម្សិលមិញតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកំពង់ស្ពឺពាក់ព័ន្ធបទចោទទន្ទ្រានយកដីរដ្ឋ កាប់ព្រៃឈើ បំផ្លិចបំផ្លាញបង្គោលព្រំដីព្រៃសហគមន៍ប្រព្រឹត្តនៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច។
លោក សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រោយកម្លាំងនគរបាលបានអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទទាំង ៤ នាក់ កាលពីថ្ងៃទី ២០ ខែកញ្ញា នោះរហូតមកទល់ពេលនេះសមត្ថកិច្ចបានបញ្ជូនទៅតុលាការរួចហើយ។
លោកបានបញ្ជាក់ថា៖ «យើងបានបញ្ជូនទៅតុលាការនៅព្រឹកនេះ [ថ្ងៃចន្ទម្សិលមិញ] តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការពាក់ព័ន្ធករណីទន្ទ្រានយកដីរដ្ឋ កាប់ព្រៃឈើបំផ្លិចបំផ្លាញបង្គោលព្រំដីព្រៃសហគមន៍»។
លោក សម សាមួន បានឱ្យដឹងថា ជនត្រូវចោទ ៤ នាក់នោះរួមមាន ទី១ ឈ្មោះ សៀង ណាក់ ភេទប្រុស អាយុ ៤៣ ឆ្នាំ។ ទី២ ឈ្មោះ ម៉ាក់ ឯម ភេទប្រុស អាយុ ៦៧ ឆ្នាំ។ ទី៣ ឈ្មោះ យួន ណម ភេទ ប្រុស អាយុ ៤១ ឆ្នាំ និងទី៤ ឈ្មោះ សួន សុខុម ភេទប្រុស អាយុ ៣៧ ឆ្នាំ។ ជនត្រូវចោទទាំង ៤ នាក់រស់នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនដែលចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកំពង់ស្ពឺបានចោទប្រកាន់អ្នកទាំង ៤ នាក់ពីបទ «កាប់រានព្រៃហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃឈើ ដកបំផ្លាញបង្គោលព្រំប្រទល់ព្រៃឈើ និងដកបំផ្លាញកូនឈើដែលបានដាំ (កូនបេង)» ប្រព្រឹត្តនៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺកាលពីអំឡុងឆ្នាំ ១៩៨៨, ១៩៩៣, ១៩៩៧ និងឆ្នាំ ១៩៩៩។
ចៅក្រមស៊ើបសួរ ងួន វុទ្ធី បានចោទប្រកាន់ជនត្រូវចោទក្នុងបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្ដិ និងផ្ដន្ទាទោសតាមមាត្រា ៩៥ ចំណុច ៣, មាត្រា ៩៧ ចំណុច ៦ និងមាត្រា ៩៥ ចំណុច ២ នៃច្បាប់ស្ដីពីព្រៃឈើ។
លោកស្រី ចាត សូរស្មី អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «កាលណាចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យនាំខ្លួនមានន័យថា បានចោទប្រកាន់ជនត្រូវចោទរួចហើយ។
ដូច្នេះការងារនេះគឺយោងទៅតាមដីការបស់ចៅក្រម»។
លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកំពង់ស្ពឺមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ។ ចំណែកទូរស័ព្ទលោក ឈុន សំបូរ ក្រឡាបញ្ជីរបស់លោក ងួន វុទ្ធី មិនមានអ្នកទទួលទេកាលពីម្សិលមិញ។ ក៏ប៉ុន្ដែដីកាបង្គាប់ឱ្យនាំខ្លួនខាងលើបានបញ្ជាក់ថា ជនត្រូវចោទទាំង ៤ នាក់នេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «កាប់រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើ ដកបំផ្លាញបង្គោលព្រំប្រទល់ព្រៃឈើ និងដកបំផ្លាញកូនឈើដែលបានដាំ (កូនបេង)»។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) ដែលបានអង្កេតលើករណីនេះបានឱ្យដឹងកាលពីម្សិលមិញថា ជនត្រូវចោទទាំង ៤ នាក់នេះបានលួចលក់ដីសហគមន៍ ដកបង្គោលព្រំដីសហគមន៍នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា៖ «ពួកគាត់ជាពលរដ្ឋសាមញ្ញទេ ប៉ុន្ដែពួកគាត់បានទន្ទ្រានយកដីសហគមន៍ទៅលក់ឱ្យឈ្មួញ។ ករណីនេះកើតឡើងយូរហើយ តុលាការបានចេញដីកាកោះហៅឱ្យជនត្រូវចោទទាំង ៤ នាក់ចូលខ្លួនមកឆ្លើយបំភ្លឺជាច្រើនលើក ប៉ុន្ដែពួកគាត់មិនព្រមចូលខ្លួន ទើបចៅក្រមចេញដីកាបង្គាប់ឱ្យនាំខ្លួនតែម្ដង»។
ជាមួយគ្នានេះលោក ជា ហ៊ាន បានស្នើឱ្យតុលាការបន្តស្រាវជ្រាវ និងផ្ដន្ទាទោសដល់អ្នកពាក់ព័ន្ធនឹងករណីនេះថែមទៀត គឺមិនត្រូវបញ្ចប់ត្រឹមការឃាត់ខ្លួនជនប្រព្រឹត្តល្មើសប៉ុណ្ណេះទេ។
លោកថា៖ «បច្ចុប្បន្នករណីទន្ទ្រានយកដីសហគមន៍ ដីរដ្ឋនេះមិនមែនកើតមានឡើងតែនៅក្នុងតំបន់ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺទេ ប៉ុន្ដែនៅតំបន់ដទៃៗទៀតក៏កំពុងកើតមានឡើងយ៉ាងគំហុកផងដែរ»៕