កំពង់ស្ពឺ: មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ​នៅថ្ងៃទី ២៣ មេសានេះ ​បាន​ឃាត់​រថ​យន្ត​ ១ ​គ្រឿង​ដឹក​ឈើ​ប្រភេទ​សុ​ក្រំ​ ​ជាង ​២ ​ម៉ែ​ត្រ​គុប ​នៅ​ភូមិ​ គោក​ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ​ បន្ទាប់ពី​ជន​សង្ស័យ​បាន​ដឹក​ពី​ខេត្ត​ពោធិ៍​សាត់​ បម្រុង​​បន្ត​ទៅ​ខេត្ត​កំពង់​ឆ្នាំង ​ប៉ុន្ដែ​អ្នក​បើក​បរ​បាន​គេច​ខ្លួន​បាត់។ នេះ​បើតា​ម​រ​បាយការណ៍​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ កំពង់​ស្ពឺ។

តាម​របាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​​ថា ការ​បង្ក្រា​បរថ​យន្ត​ដឹក​ឈើ​គ្មាន​ច្បាប់​អនុ​ញ្ញាត​របស់​សមត្ថ​កិច្ចនេះ ធ្វើ​ឡើង​នៅថ្ងៃទី​ ២៣ ​មេសា​នេះ នៅ​ចំណុច​តាម​ផ្លូវ​លេខ ​៤៤ ក្នុង​ភូមិ​គោក ​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់។

របាយ​ការណ៍​បន្ត​ថា កម្លាំង​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱ​រ៉ា​ល់​ដឹក​នាំ​ដោយ​លោក សោម ពុទ្ធ​តារា មេបញ្ជា​ការ បា​ន​​សហការ​ជាមួយ​រដ្ឋ​បាល​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ និង ​កង​រាជអាវុ​ធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាប់​រថយន្ត​ទួរីស​ពណ៌​​សម្បក​ឪឡឹក​ដឹក​ឈើ​ជ្រុង​ប្រភេទ​ សុ​ក្រំ​ គ្មាន​ច្បាប់

ប៉ុន្ដែ​ភ្លាមៗ​នោះ​អ្នក​បើក​ប​ររថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់។

ចំណែកវ​ត្ថុតាង​ដែល​រឹប​អូស​បានរួ​ម​មាន​ឈើ​និង​រថ​យន្ត​ហើយ​បាន​យក​ទៅទុក​បណ្តោះ​អា​សន្ន​ស្នាក់​ការ​កងរា​ជអា​វុធ​ហត្ថ​ស្រុក​ឱ​រ៉ា​ល់។ ប៉ុន្តែ​ បន្ទាប់​ម​ក បាន​ប្រគល់​មន្ត្រី​ជម្រ​កស​ត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ដែល​មាន​​​ស្នាក់​ការ ​ក្នុង​ភូមិ ​ក្រាំង​ពង្រ​ង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​ ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចាត់​វិធាន​ការ​បន្ត​តាម​និតិ​វិធី​​ច្បាប់។នេះ​បើតា​ម​របា​យ​កា​រ​ណ៍​ដដែ​ល​នេះ។​

លោ​ក​​ សោម​ ពុទ្ធ​តារា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱ​រ៉ា​ល់​ បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃនេះ​ថា ​ករណី​នេះ​សមត្ថ​កិច្ច​របស់​លោក​បាន​បញ្ជូន​ទៅ​ឲ្យ​ខាង​រដ្ឋ​បាល​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ាល់​រួច​ហើយ​។

​​លោក ហ៊ុល ម៉ា​រ៉ា អនុ​ប្រធាន​ការិយា​ល័យ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ឱ​រ៉ា​ល់​បាន​ថ្លែងនៅថ្ងៃ២៣ មេសានេះ​ថា លោក​បាន​ទទួ​ល​ព័ត៌​មាន​នេះ​ហើយ​ ដោយ​មន្ត្រី​ជំនាញ​បាន​ទៅ​យក​ទាំង​រ​ថយន្ត និង​ឈើ​ប្រមា​ណ​ជាង ​២ ម៉ែ​ត្រគុ​ប​មក​រក្សាទុក​នៅ​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ព្រម​ទាំង​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​​ទៀត​។

លោក​បន្ត​ថាស​មត្ថ​កិច្ច​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​បើក​បរ​រ​ថយន្ត​និង​ម្ចាស់​ឈើ​ដើម្បីផា​កពិ​ន័យ​​តាម​ច្បាប់។ ជន​ល្មើស​បាន​ដឹក​ឈើ​ទាំ​ងនេះ​ពី​ខេត្ត​ពោធិ៍​សាត់​បម្រុង​បន្ត​ដំណើរ​ទៅ​ខេត្ត​កំពង់​ឆ្នាំង ប៉ុ​ន្ដែ​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់​នៅ​តាម​ផ្លូវ​។

លោក​បញ្ជាក់​ថា៖«ឈើ​ទាំង​អស់​នេះ គេ​អាច​កែច្នៃ​ធ្វើជា​ទ្វារ ប​ង្អូ​ច ព្រោះ​ជន​ល្មើស​កាត់​វា​ជា​កំណាត់ៗ​ដាក់​តម្រៀប​នៅ​ក្នុង​​រថ​យន្ត​តូ​រី​ស (១២ ​កៅអី) ហើយ​បិទ​ស្កុ​ត​កញ្ចក់​ពណ៌​ខ្មៅ​ទៀត។ ពេល​នោះ ​សមត្ថ​កិច្ច​យើង​គាត់​មាន​ភ្នា​ក់​ងារ​សម្ងាត់ បា​ន​រាយ​ការណ៍​ពី​សកម្ម​ភាព​ជន​ល្មើស ​ទើប​បង្ក្រាប​បាន​តែ​ម្ដង​»៕