ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ប្រមាណ​ ២ ​សប្ដាហ៍​កន្លងទៅ​បាន​សហការ​គ្នា​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនខិលខូច​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល អាល់កុល​ក្លែងក្លាយ និង​សម្ភារ​ធ្វើតេស្ត​ជំងឺ​កូវីដ​ ១៩​ ក្លែងក្លាយ​ដែល​ច្បាប់​ហាមឃាត់​បាន​ចំនួន ១៦ ​នាក់ និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​បាន​លោក គឹមឃឿនបាន បញ្ជាក់ថា​៖ «​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ និង​ចែកចាយ​ផលិតផល​ និង​ឧបករណ៍​តេស្ត​រក​កូវីដ ​១៩ ក្លែងក្លាយ​ដែល​ច្បាប់​បាន​ហាមឃាត់ យើង​ឃាត់ខ្លួន​បាន​ចំនួន ១៦ ​នាក់​។ គិត​មកដល់​ល្ងាច​មិញ​ (​ថ្ងៃ​ពុធ​) យើង​បាន​ណែនាំ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចំនួន​ ១១ នាក់​បញ្ជូន​ទៅ​តុលាការ ៣ ​នាក់ និង​ ២ ​នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ​»​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម​ក៏​ថ្លែង​​កាលពី​ម្សិលមិញ​ដែរ​ថា រយៈពេល​ប្រហែល​ ២ ​សប្ដាហ៍​នេះ​សមត្ថកិច្ច​ជំនាញ​បាន​សហការគ្នា​ស្រាវជ្រាវ​ប្រមូល​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) នៅ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​រួម​នឹង​ការដឹកជញ្ជូន​ចូលមក​តាម​ព្រំដែន​បាន​ចំនួន ៤ ៧៧៦ ​លីត្រ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុង​រក្សាទុក​អាល់កុល​ក្លែងក្លាយ​នេះ​នៅក្នុង​ឃ្លាំង​របស់​អគ្គនាយកដ្ឋាន និង​កំពុង​បន្ត​នីតិវិធី​របស់​តុលាការ​ចំពោះ​អាល់កុល​នេះ​ថា តើ​ត្រូវ​កម្ទេចចោល ឬ​ក៏​ត្រូវ​ទុក​ប្រើ​ក្នុង​មុខព្រួញ​ក្នុង​វិស័យ​ឧស្សាហកម្ម​?»​។ បើតាម​លោក អូន អាល់កុល​ក្លែងក្លាយ​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ច្រើន​ជាងគេ​នៅ​រាជធានី​ភ្នំពេញ និង​មួយចំនួន​ទៀត​នៅ​ខេត្ដ​សៀមរាប​។ ចំណែក​ខេត្ដ​មួយចំនួន​ទៀត​សមត្ថកិច្ច​ជំនាញ​កំពុង​អនុវត្ដ​ស្រាវជ្រាវ​បន្ត​។

លោក លីវ សុផាណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ដែរ​ថា ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ពាក់ព័ន្ធ​នឹង​ការលក់​អាល់កុល ម៉ាស់​ឡើង​ថ្លៃ​ និង​ឱ្យ​អាជ្ញាធរ​ចុះ​ស្រាវជ្រាវ​ពិនិត្យ​នាពេល​ថ្មីៗ​នេះ​សមត្ថកិច្ច​ជំនាញ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​បាន​សហការ​គ្នា​ស្រាវជ្រាវ​ពិនិត្យ និង​បាន​ឃាត់ខ្លួន​ជនខិលខូច​ដែល​បាន​ផ្សព្វផ្សាយ​បន្លំ​លើ​ករណី​ជំងឺ​កូវីដ​១៩​នេះ​ដោយ​បាន​ឃាត់ខ្លួន និង​រឹបអូស​ផលិតផល​ក្លែងក្លាយ អាល់កុល​ក្លែងក្លាយ​ជា​បន្តបន្ទាប់​។

សមត្ថកិច្ច​កំពុង​ពិនិត្យ​អាល់កុល​ដឹក​តាម​រថយន្ត​នៅ​ផ្លូវ​ ៦០ ​ម៉ែត្រ​។ រូបថត ក្រសួង​ពាណិជ្ជកម្ម

លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​ការឃាត់​ខ្លួន​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​ក្លែងក្លាយ​ទាក់ទិន​នឹង​ការ​តេស្ត​ជំងឺ​កូវីដ​ ១៩​ នេះ អ្នកសង្ស័យ​មួយចំនួន​ក្រោយ​ការសួរនាំ ដោយសារ​តែ​ពួកគាត់​មាន​កំហុស​តិចតួច​លើ​ការនិយាយ​ផ្សព្វផ្សាយ សមត្ថកិច្ច​បាន​និយាយ​ណែនាំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្ដែ​អ្នក​មួយចំនួន​ទៀត​ដែល​ផ្សព្វផ្សាយ និង​លក់​ផលិតផល​ហាមឃាត់​ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩​នេះ​ត្រូវបាន​ឃាត់ខ្លួន​ហើយ​បញ្ជូន​ទៅ​តុលាការ​»​។

តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​កាលពី​ថ្ងៃទី​ ១ ខែ​មេសា សមត្ថកិច្ច​បាន​ចាប់​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) នៅតាម​បណ្តោយ​វិថី​សម្តេច​តេជោ​ ហ៊ុន សែន​ (​ផ្លូវ​៦០ ម៉ែត្រ​) បាន​ចំនួន ១០០ ប៊ីដុង​ ស្មើនឹង ៣ ០០០ ​លីត្រ​ផងដែរ​។

លោក​ ផាន អូន បានឱ្យ​ដឹងថា សារធាតុ​មេតាណុល​ជា​សារធាតុពុល​នឹង​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​បាន​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ថែម​ទៀតផង​។ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គប្បី​ទិញ​ទំនិញ​ជាពិសេស​អាល់កុល និង​ជែលលាងដៃ​ដែល​មាន​ស្លាកសញ្ញា​សម្គាល់​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការទិញ​របស់​ក្លែងក្លាយ និង​គ្មាន​គុណភាព​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។

គួរ​បញ្ជាក់ថា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​ ១ ​ខែមេសា​បាន​បញ្ជូន​ជនជាតិ​ចិន ២ ​នាក់​ ទៅ​តុលាការ​ក្រោយពី​ឃាត់ខ្លួន​ពួកគេ​ក្នុង​ករណី​លក់ និង​ចែកចាយ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូវីដ​ ១៩ ដែល​ក្រសួង​សុខាភិបាល​ហាមឃាត់​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការលក់​ផលិតផល​ក្លែងក្លាយ​ក្នុង​ករណី​ជំងឺ​កូវីដ ១៩​ នេះ​ នៅឡើយ​។ លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​មិនទាន់​អាច​បញ្ជាក់​បាន​ចំពោះ​ការចោទប្រកាន់ ឬ​ការឃុំខ្លួន​ក្នុង​ករណី​ណាមួយ​នៅឡើយ​ទេ​»៕