កំពង់ចាម៖ សមត្ថកិច្ច​ចម្រុះ​បាន​សហការ​គ្នា​បង្ក្រាប​ល្បែង​ស៊ី​សង ជល់​មាន់​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ដូនដុំ ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដោយ​ឃាត់​ខ្លួន​អ្នក​លេង​ចំនួន ១១ នាក់ និង​បាន​រឹប​អូស​សម្ភារ​មួយ​ចំនួន​ដូចជា​ម៉ូតូ ទូរស័ព្ទ និង​លុយ​កាល​ពី​ម្សិលមិញ​នេះ។

លោក រឿង សេងនាង អធិការ​រង​ស្រុក​ជើង​ព្រៃ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២ ខែ​ឧសភា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឃាត់​ខ្លួន​រួច​ហើយ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​មក​អធិការ​ស្រុក ដើម្បី​ណែនាំ​អប់រំ​កុំ​ឱ្យ​ប្រព្រឹត្ត​លេង​ល្បែង​ស៊ីសង​បន្ត​ទៀត ហើយ​បាន​ដោះលែង​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន។

លោក សេងនាង ថ្លែង​ថា៖ «សមត្ថកិច្ច​យើង​ឃាត់​ខ្លួន​ពួក​គេ ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​កម្មវិធី​ជល់​មាន់​នៅ​ក្រៅ​ប្រទេស និង​បាន​ភ្នាល់​ដាក់​លុយ​ហើយ​វេរ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ជា​សកម្មភាព​ល្មើស​ច្បាប់ និង​បំពាន​ទៅ​នឹង​វិធានការ​ក្រសួង​សុខាភិបាល​ក្នុង​អំឡុង​ពេល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

លោក រឿង សេងនាង បាន​បញ្ជាក់​ថា មនុស្ស​ទាំង ១១ នាក់​នេះ មិន​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នោះ​ទេ គ្រាន់​តែ​ណែនាំ​អប់រំ​រួច ហើយ​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន ដោយឡែក​សម្ភារ និង​ម៉ូតូ​របស់​ជន​សង្ស័យ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​អធិការដ្ឋាន​ស្រុក​ជើងព្រៃ រង់ចាំ​ព្រះរាជ​អាជ្ញា​សម្រេច ដើម្បី​ប្រគល់​ឱ្យ​ទៅ​ពួក​គាត់​វិញ។

លោក រឿង សេងនាង ថ្លែង​ថា៖ «ខ្ញុំ​រង់ចាំ​ការ​សម្រេច​ពី​ខាង​លើ ព្រោះ​គាត់​ប្រាប់​ថា អប់រំ​ប្រគល់​ឱ្យ​វិញ ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម​នីតិវិធីការ​ដឹកនាំ​សម្របសម្រួល​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប គឺ​ដោយ​មាន​លោក​ព្រះរាជអាជ្ញា​រង​ចូលរួម»។

កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​កាល​ពី​ថ្ងៃទី ១ ខែ​ ឧសភា ឆ្នាំ ២០២១ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​សង្ស័យ​មាន​អ្នក​លេង​ល្បែង​ស៊ីសង​ជល់​មាន់​លួច​លាក់​ និង​បង្ក្រាប​បាន​ពេល​ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​មើល​តាម​ទូរទស្សន៍ និង​ចាប់​យក​វត្ថុតាង រួមមាន​ម៉ូតូ​ចំនួន ១៦ គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន ៨ គ្រឿង ប្រាក់​រៀល​ចំនួន​ជាង ៣ លាន ១ សែន និង​ប្រាក់​ដុល្លារ​ចំនួន ៣១០ ដុល្លារ៕