កំពង់ចាមៈ កាលពីថ្ងៃម្សិលមិញ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបូមឈាមសត្វជ្រូកចំនួន ១០ ក្បាល ដើម្បីយកទៅធ្វើតេស្ដរកមេរោគជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរាជធានីភ្នំពេញ បន្ទាប់ពីសត្វជ្រូកទាំងនោះត្រូវបានគេលួចនាំចូលកម្ពុជាពីប្រទេស វៀតណាម ដោយខុសច្បាប់ ហើយត្រូវមន្ត្រីបង្ក្រាបបានស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ យោងតាមគេហទំព័ររបស់មន្ទីរកសិកម្មខេត្តកំពង់ចាមបានចុះផ្សាយកាលពីថ្ងៃ ២៤ ខែមេសា។
គេហទំព័រដដែលនេះបានឲ្យដឹងថាអាជ្ញាធរបានឃាត់រថយន្ត ១ គ្រឿង ដឹកជ្រូកចំនួន ១០ ក្បាល ចេញពីប្រទេសវៀតណាម និងបានយករថយន្ត និងសត្វជ្រូកទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល។
គេហទំព័រនេះថា៖ «ប្រសិនបើមន្ត្រីជំនាញរកឃើញវីរុសជំងឺប៉េស្ដជ្រូកអាហ្រ្វិកកើតមានក្នុងជ្រូកទាំងនោះ ត្រូវដុតបំផ្លាញតែម្ដង រួចមន្ត្រីជំនាញនឹងអនុវត្តបន្តតាមនីតិវិធី»។
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍នៅម្សិលមិញថា ការលួចនាំចូលជ្រូកពីប្រទេស វៀតណាម នៅថ្ងៃទី ២៤ នេះ គឺជាករណីទី៣ ហើយដែលមន្ត្រីរបស់លោកបានបង្ក្រាបបាន ដោយលើកទី១ មានជ្រូកចំនួន ២៥ ក្បាល និងលើកទី៣ មានចំនួន ៤៥ ក្បាល បន្ទាប់ពីក្រសួងបានហាមឃាត់ឈប់ឱ្យនាំសត្វជ្រូកចេញពីវៀតណាមតាំងពីអំឡុងខែកុម្ភៈមក។
កន្លងមកអ្នកបើកឡានដឹកជ្រូកចូលខុសច្បាប់ទាំងនោះ គ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីកុំឱ្យពួកគេប្រព្រឹត្តខុសជាលើកទី២ ម្ដងទៀត។ នៅខេត្តត្បូងឃ្មុំក៏ទើបបង្ក្រាបបានរថយន្តដឹកជ្រូកខុសច្បាប់ចំនួនពីរគ្រឿងចេញពីប្រទេស វៀតណាម ដែរ ជំងឺប៉េស្ដជ្រូកនេះរាលដាលចេញពីប្រទេស វៀតណាម៕