ស្ទឹងត្រែង: សមត្ថកិច្ច​ជំនាញ​ខេត្តស្ទឹងត្រែង​ចាប់​បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ ១ ​គ្រឿង​នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​ដោយ​រឹបអូស​ឈើ​បេង​បាន​ ១៣៨ ​ដុំ​ស្មើ​ ១,៩០១ ​ម៉ែត្រគុប​ ​ប៉ុន្ដែ​អ្នកបើករថយន្ត​បាន​រត់​​គេចខ្លួន ខណៈ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ​ក៏បាន​រឹបអូស​សម្ភារ​ខុសច្បាប់​មួយចំនួន​ផង​​ដែរ ពេល​ចុះ​ល្បាត​ព្រៃ​នៅ​ឃុំ​កោះស្នែង ស្រុក​បុរី​អូរស្វាយសែនជ័យ ។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង ចាប់បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​ ១ ​គ្រឿង​កាល​ថ្ងៃទី​ ៩ ខែ​មីនា​ឆ្នាំ​នេះ​។

លោក​បន្តថា រថយន្ត​ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់​នោះ​ម៉ាក​សាំងយ៉ុង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-94 14 ជា​របស់​ជនសង្ស័យ​ម្នាក់​ (​មិន​បង្ហាញ​អត្តសញ្ញាណ​) ​ដែល​ប្រកប​មុខរបរ​ដឹកឈើ​មក​លក់​ឲ្យ​សិប្បកម្ម​កែច្នៃ​ឈើ​ ១ ​កន្លែង​ក្នុង​ខេត្ត​ស្ទឹងត្រែង ប៉ុន្ដែ​អំឡុងពេល​បង្ក្រាប​នោះ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​បង្ក្រាប​រថយន្ត​នេះ​សមត្ថកិច្ច​បានប្រគល់​ទាំង​ឈើ និង​រថយន្ត​ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។ ឈើ​ទាំងនេះ​គឺ​ប្រភេទ​ឈើ​បេង​មាន​ចំនួន ១៣៨ ​ដុំ​ស្មើ​ ១,៩០១ ​ម៉ែត្រគុប ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខ្ញុំ​កំពុង​ធ្វើ​របាយការណ៍​លម្អិត​បន្ថែម​ និង​ស៊ើបអង្កេត​រក​ម្ចាស់​ឈើ និង​អ្នកបើកបរ​រថយន្ត​នេះ​មក​ផ្តន្ទាទោស​តាមច្បាប់​»​។

លោក វ៉ា សុផាន់ នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​ដឹក​ចេញ​ពី​ឃុំ​ស្រែគ​ថ្មី ឆ្លងកាត់​តាម​ឃុំ​ភ្លុក ឃុំ​កំភុន ឃុំ​សាមឃួយ ស្រុក​សេសាន ចូលមក​ទម្លាក់​ឈើ​ឲ្យ​ម៉ូយ​ក្នុង​ទីរួម​ខេត្ត​ស្ទឹងត្រែង ប៉ុន្ដែ​មិនទាន់​បាន​ដល់​គោលដៅ​ផង​ស្រាប់តែ​សមត្ថកិច្ច​ស្ទាក់​ឃាត់​តាមផ្លូវ​តែម្ដង​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង​ស៊ើប​ដឹង​ច្បាស់​ហើយ​ទើប​ដេញតាម​ពីក្រោយ មក​ស្ទាក់​ចាប់បាន​នៅ​ទីប្រជុំជន​ភូមិ​រាជានុគោល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ប៉ុន្ដែ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​ហើយ​។ យើង​បាន​យក​ឡាន និង​ឈើ​នោះ​ប្រគល់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រួចរាល់​ហើយ គាត់​មន្ត្រី​ជំនាញ​ចាត់ចែង​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

ករណី​ដោយឡែក​មួយទៀត​នៅ​ថ្ងៃ​ដដែល​នោះ​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ចំនួន​ ៥ ​នាក់​បាន​ចុះ​ល្បាត​នៅ​ចំណុច​តំបន់​ជួរ​ពស់ព្រៃ ដោយបាន​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ ១ ​ករណី ហើយ​ពេល​បន្ត​ល្បាត​នៅ​ចំណុច​អូរ​ស្លឹក​ក៏បាន​ប្រទះឃើញ​មាន​អាចម៌​ដំរីព្រៃ​ និង​បាន​ដកហូត​ខ្សែ​អន្ទាក់​ចំនួន​ ១០ ​ខ្សែ គោយន្ត​កន្រៃ្ត ១ ​គ្រឿង និង​ដកហូត​កាំភ្លើង​កែច្នៃ​បាន​ចំនួន​ ២ ​ដើម​។ នេះ​បើតាម​របាយការណ៍​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​។

តាម​របាយការណ៍​នេះ​កាំភ្លើង​ច្នៃ​ ២ ​ដើម​ត្រូវបាន​ដកហូត​នៅ​ចំណុច​ត្រពាំង​ស្លុង​ក្នុង​ភូមិ​ជាំធំ ឃុំ​កោះស្នែង ខណៈ​មន្ត្រី​ឧទ្យានុរក្ស​បាន​សហការ​ជាមួយ​ប្រជា​ការពារ​រិទ្ធីសែនជ័យ​ ២ និង​ប្រជាការពារ​ឃុំ​កោះស្នែង ស្រុក​បុរីអូរស្វាយ​សែនជ័យ​ចុះ​ល្បាត​ច្រករបៀង​អភិរក្ស​ជីវចម្រុះ​។ រីឯ​ព្រាន​ដែល​កាន់​កាំភ្លើង​ច្នៃ​ទាំងនេះ​ត្រូវ​បានធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​បន្តសកម្មភាព ប៉ុន្តែ​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​។ ​ចំណែក​អ្នកបើក​គោយន្ដ​កន្រៃ្ត​ដឹកឈើ​គ្រឿងផ្ទះ​ ១ ​គ្រឿង​ក៏បាន​ធ្វើ​កិច្ចសន្យា​ដែរ ខណៈ​ឃើញ​មាន​ដឹកឈើ​ ៥ ​បន្ទះ​ (​ក្ដារអាររួច​)​។

របាយការណ៍​បន្ថែមថា លើសពីនេះ​មន្ត្រី​ឧទ្យានុរក្ស​ឧទ្យានជាតិ​វីរជ័យ​បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរចិនតុង និង​អូរព្រុល បាន​ជួប​មនុស្ស​ចំនួន​ ៥ ​នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​កាប់​ព្រៃ​ធ្វើ​ចម្ការ និង​ដកហូត​បាន​រណារយន្ត​ ២ ​គ្រឿង​ និង​បាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ដោះ​ខ្សែ​អន្ទាក់​ ១២ ​ខ្សែ​ដែល​ជន​មិន​ស្គាល់មុខ​បាន​រាយ​ទាក់​សត្វ​នៅ​ចំណុច​អូរព្រុល​នោះ​៕