សៀមរាបៈ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​រួមសហការ​ជាមួយ​អាជ្ញាធរ​ស្រុក​វ៉ារិន បាន​ចុះបង្ក្រាប​ទីតាំង​ឡ​ដុត​ធ្យូង​ ៦ ​កន្លែង​ នៅ​ភូមិកញ្ចន់រុន ឃុំ​ប្រាសាទ បន្ទាប់ពី​មាន​បណ្ដឹង​ពី​អ្នកភូមិ​ផ្សេង​ទៀតថា បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​រស់នៅ​របស់​ពួកគេ ដោយសារ​តែ​ក្លិន​ឈ្ងៀម​នៃ​ផ្សែង​ចេញពី​ឡធ្យូង​ទាំងនោះ​។

លោក សាន សុង នាយប៉ុស្តិ៍​ឃុំ​ប្រាសាទ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី ២៣ ខែ​មករា​ ថា ឡ​ដុត​ធ្យូង​ទាំង ៦ ​នោះ​កំពុង​ដំណើរការ​ដុត​បាន​រយៈពេល​ចន្លោះ​ពី​ ១០ ​ថ្ងៃ​ទៅ ២ ​សប្ដាហ៍​មកហើយ​ ខណៈ​ឡធ្យូង​ជាង​ ៣០ ​កន្លែង​ទៀត​នៅក្នុង​ឃុំ​នេះ​កំពុង​រៀបចំ​គរ​អុស​នៅក្នុង​ឡ ដើម្បី​ដុត​ធ្វើ​ជា​ធ្យូង ហើយ​ខ្លះទៀត​ត្រូវ​បាន​គេ​ប្រមូល​ធ្យូង​ចេញ​ពី​ឡ​អស់ហើយ​។

លោក​ សុង ​ថ្លែងថា​៖ «​ក្រុមមន្ត្រី​ជំនាញ​មិនបាន​ប្រើ​វិធានការ​ក្ដៅ​វាយកម្ទេច​ឡធ្យូង​ទាំង​ ៦ ដែល​កំពុង​ដំណើរការ​ដុត​ជិត​បាន​សម្រេច​នោះទេ ដោយ​បារម្ភ​ខ្លាច​នៅពេល​វាយកម្ទេច​អាច​មាន​ការផ្ទុះ​បែក​ផ្កាភ្លើង​ ឬ​រងើកភ្លើង​ខ្ទាត​ចេញពី​ឡ​ទាំងនោះ​ទៅ​បង្ក​ឲ្យ​ឆេះ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។ ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡធ្យូង​ទាំងនោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផលិត​អុស​ធ្យូង​ដោយ​ប្រើឡ​ទាំងនោះ​តទៅទៀត​ និង​ត្រូវ​រុះរើ​ឡ​ទាំងនោះ​ចេញ​ក្រោយពី​ប្រមូលផល​ធ្យូង​រួច​»​។

បើ​តាម​លោក​ សុង ក្រុមមន្ត្រី​ជំនាញ​នៅ​ថ្ងៃទី​ ២៣ ខែ​មករា បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អ្នកភូមិ​ផ្សេងទៀត​ដែល​ប្រកបមុខរបរ​ឡ​អុស​ធ្យូង​នេះ​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជាបន្ទាន់​ដោយ​ប្រាប់ថា មុខរបរ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា​។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ថ្លែងថា ឡ​ដុត​ធ្យូង គឺជា​ផ្នែក​មួយ​នៃ​ការបង្ក​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា ព្រោះ​ឈើ​ ឬ​អុស​ដែល​អ្នកភូមិ​បាន​កាប់​យកមក​ដើម្បី​ដុត​ផលិត​ធ្វើជា​ធ្យូង​នោះ ភាគច្រើន​គឺមាន​ការ​លួច​កាប់​ចេញ​ពី​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​របស់​រដ្ឋ​។ កន្លងមក ដីព្រៃ​របស់​រដ្ឋ​ដែល​រង​ការកាប់បំផ្លាញ​ទាំងនោះ​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​លួច​ទន្ទ្រាន​យក​មក​ធ្វើជា​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់​ថែមទៀត​។

លោក​ថា​៖ «​ការធ្វើ​អាជីវកម្ម​ឡ​ដុត​ធ្យូង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ឬ​គ្មាន​បទដ្ឋាន​បច្ចេកទេស វា​មិន​គ្រាន់តែ​បង្ក​ឲ្យ​មានទំនាស់​ផ្លូវច្បាប់​ប៉ុណ្ណោះ​ទេ​ថែមទាំង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​ធនធាន​ព្រៃឈើ​ជាតិ សុខភាព​សាធារណៈ និង​បរិស្ថាន​ផងដែរ​»​។

លោក​បន្តថា ក្លិន​ឈ្ងៀម​នៃ​ជ័រ​ឈើ ផ្សែង ព្រមទាំង​ផេះផង់ ដែល​ភាយ​ពី​ក្នុង​ឡ​ដុត​ធ្យូង​ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​នោះ វា​បង្ក​ឲ្យ​មាន​ការបំពុល​នៅក្នុង​ខ្យល់​ដែល​អាច​បង្ក​ឲ្យ​កើតមាន​ជំងឺ​ផ្លូវដង្ហើម និង​ជំងឺឆ្លង​ផ្សេងៗ​តាមរយៈ​ការ​ស្រូបយក​ខ្យល់​ដែលមាន​ជាតិពុល​នោះ​។

លោក​បន្តថា ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​មិន​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ប្រក​បរបរ​ឬ ធ្វើ​អាជីវកម្ម​ឡ​ដុត​ធ្យូង​នោះទេ ប្រសិនបើ​ពួកគាត់​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​បច្ចេកទេស និង​ច្បាប់​ពោលគឺ​ពួកគាត់​ត្រូវ​ប្រើប្រាស់​ឈើ​ដែល​ដកហូត​ចេញពី​ចម្ការ​ព្រៃដាំ​របស់​ពួកគាត់ និង រៀបចំ​ឡ​ដុត​ធ្យូង​ដែល​មាន​បទដ្ឋាន​បច្ចេកទេស និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

ជុំវិញ​ករណីនេះ អ្នកស្រី ជី នឿត អាយុ​ ៤៤ ​ឆ្នាំ​ រស់នៅ​ភូមិកញ្ចន់រុន ឃុំ​ប្រាសាទ ដែល​មាន​ឡ​ដុត​ធ្យូង​ចំនួន​ ២ ដែល​អាច​ផលិត​ធ្យូង​បាន​ប្រមាណ​ជាង ៣០០ ​គីឡូក្រាម ​ក្នុង​ ១ ​ឡ​នោះ​បាន​និយាយថា អ្នកស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការផ្អាក​លើ​មុខរបរ​នេះ​មួយរយៈ​នោះទេ​ដោយហេតុថា អាជ្ញាធរ​បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​បំផុត​លើ​មុខរបរ​នេះ​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ក្រៅពី​មុខរបរ​ដាំ​ដំឡូងមី មុខរបរ​ឡដុត​ធ្យូង​ជា​មុខរបរ​បន្ទាប់បន្សំ ដែល​អាចជួយ​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់ខ្ញុំ ព្រោះ​ពួកយើង​មិន​ចង់​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅ​ខេត្ត​ផ្សេង ឬ​ប្រទេស​ជិតខាង ចោល​កូន ចោលផ្ទះ​សំបែង និង​ស្រែចម្ការ​នោះទេ​»​។

អ្នកស្រី នឿន ​បាន​បន្តថា​នៅលើ​ដីស្រែ​ចំនួន ៣,៥ ​ហិកតា​​ របស់​អ្នកស្រី​មាន​ដើមឈើ​មួយចំនួន​ដែល​អ្នកស្រី​អាច​កាប់​យកមក​ដុត​ផលិត​ធ្វើជា​ធ្យូង​បាន ដូច​ជាដើម​ចំបក់ ដើម​សង្កែ ដើម​ថ្លុង និង​ត្បែង​។ ជាទូទៅ​ប្ដី​របស់​អ្នកស្រី តែងតែ​កាប់​ឈើ​ទាំងនោះ​នៅ​រដូវវស្សា ហើយ​ដឹក​យក​មក​គរ​ទុក​នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​ទុក​ដុត​ផលិត​ជា​ធ្យូង​នៅក្នុង​រដូវប្រាំង ព្រោះ​ក្រោយពី​ការកាប់​រួច ដើមឈើ​ទាំងនោះ​អាច​ដុះ​លូតលាស់​ថ្មី ដែល​អាច​ឲ្យ​ពួក​អ្នកស្រី​កាប់​យក​មក​ធ្វើ​ជា​ធ្យូង​នៅ​ឆ្នាំក្រោយ​ទៀត​បាន​៕