កម្លាំងនគរបាលជំនាញនៃលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី ១១ ខែសីហា បានឆ្មក់ចូលបង្ក្រាបទីតាំងរោងចក្រផលិតបារីអត់ច្បាប់មួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានចាប់ឃាត់ខ្លួន បុគ្គលិក ១៨ នាក់ នៃរោងចក្រនោះយកទៅសួរនាំ។
យោងតាមប្រភពពីមន្ត្រីនគរបាលជំនាញម្នាក់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងរោងចក្រផលិតបារីខុសច្បាប់នេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី ១២ សីហា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រោងចក្រផលិតបារីអត់ច្បាប់នេះ ត្រូវបានគេរាយការណ៍ថា បានបើកដំណើការលួចលាក់អស់រយៈពេល ២ ឆ្នាំមកហើយ និងមានកម្មករសរុបជាង ១០០ នាក់។
ប្រភពបានបន្តថា៖ «ក្រុមហ៊ុនរោងចក្រនេះឈ្មោះ ប៊ីភីអេ បូព៌ា អាស៊ី ឯ.ក បានផលិតបារីក្លែងបន្លំស្លាកសញ្ញាពាណិជ្ជកម្មរបស់ក្រុមហ៊ុន បារីម៉ាកល្បីៗជាច្រើនរបស់ប្រទេសចិន ប៉ុន្តែនៅពេលនេះ យើងមិនដឹងថា ផលិតផលក្លែងគុណភាព និងស្លាកសញ្ញាពាណិជ្ជកម្មទាំងនោះ បានចរារណ៍ទៅក្នុងទីផ្សារណាខ្លះនោះទេ»។
ប្រភពពីមន្ត្រីនគរបាលជំនាញ នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដដែលនោះបានបន្តថា ក្នុងប្រតិបត្តិការនោះ ក្រុមសមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុគ្គលិកចំនួន ១៨ នាក់ ក្នុងនោះ មានជនជាតិចិន ១៤ នាក់ ជនជាតិវៀតណាម ៣ នាក់ និងអ្នកបកប្រែភាសាចិនម្នាក់ ជាជនជាតិខ្មែរ យកទៅសួរនាំ ដែលរហូតមកទល់ពេលនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណរបស់ម្ចាស់ក្រុមហ៊ុនរោងចក្រផលិតបារីអត់ច្បាប់នោះនៅឡើយទេ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចូលរួមសហការផ្នែកច្បាប់ នៅក្នុងប្រតិបត្តិការនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយការឆែកឆេរ មន្ត្រីជំនាញ បានរកឃើញផលិតផលបារីក្លែងបន្លំ ស្លាកសញ្ញាពាណិជ្ជកម្ម របស់ក្រុមហ៊ុនបារីម៉ាកល្បីៗជាច្រើនប្រភេទរបស់ប្រទេសចិន ដែលក្នុងនោះរួមមាន ម៉ាក W (រូបគោជល់) , Yun Yam (រូបនាគ) , Lyqun, Yu Xi , Peony , Furong Wang , Nanjing , Shuang Xi (A 701) , Shuang Xi (រូបចៀម) និងម៉ាក Shuang Helen។
លោក ណូរ៉ា បញ្ជាក់ថា៖ «ក្រោយការត្រួតពិនិត្យ ក្រុមមន្ត្រីជំនាញបានធ្វើការដកហូតនូវសម្ភារ បម្រើការក្នុងសិប្បកម្ម រួមជាមួយវត្ថុធាតុដើមសម្រាប់ផលិតបារី និងផលិតផលបារី មួយចំនួនយកទៅពិសោធន៍ និងទុកជាវត្ថុតាង។ ចំណែកសម្ភារ និងវត្ថុធាតុដើមសម្រាប់ផលិតបារី និងផលិតផលបារី ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ត្រូវបានចាក់សោរឃ្លុំបេទុកនៅក្នុងរោចក្រនោះទាំងអស់។ បន្ទាប់មកក្រុមសមត្ថកិច្ចជំនាញក៏បានសម្រេចបិទទ្វាររោងចក្រនេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើការស៊ើបអង្កេត»។
ទន្ទឹមនឹងនេះក្រុមមន្ត្រីជំនាញ ក៏បានតម្រូវឲ្យផ្នែករដ្ឋបាលក្រុមហ៊ុនរោងចក្រនេះ ធ្វើការទូទាត់បើកប្រាក់បៀវត្សរិ៍ និងប្រាក់អត្ថប្រយោជន៍មួយចំនួនទៀតដល់ក្រុមកម្មករជនជាតិខ្មែរជាង ១០០ នាក់ ដែលបម្រើការនៅក្នុងរោងចក្រនោះ ខណៈក្រុមហ៊ុនរោងចក្រមួយនេះ ត្រូវបិទទ្វាររហូតដល់មានការសម្រេចជាថ្មី ពីគណៈកម្មការជំនាញ។ នេះបើតាម លោក ណូរ៉ា។
លោក វេជ្ជបណ្ដិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានសម្ដែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ ដែលបានស្រាវជ្រាវនិងបង្ក្រាបទីតាំងរោងចក្រផលិតថ្នាំជក់អត់ច្បាប់នេះ។
ជាមួយគ្នានេះ លោកបានអំពាវ និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ត្រូវពង្រឹងការអនុវត្តច្បាប់ ដោយចុះស្រាវជ្រាវ និងបង្ក្រាបរាល់សកម្មភាពនៃការធ្វើពាណិជ្ជកម្មថ្នាំជក់ (បារី) ខុសច្បាប់នៅកម្ពុជាបន្ថែមទៀត ខណៈផលិតផលថ្នាំជក់ ឬបារីក្លែងបន្លំស្លាកសញ្ញាពាណិជ្ជកម្មជាច្រើន ដែលគ្មានស្លាកសញ្ញាព្រមានសុខភាពជាប់នឹងកញ្ចប់បារី កំពុងត្រូវបានចរាចរណ៍ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយខុសច្បាប់។
លោកថ្លែងថា៖ «យើងចង់ឃើញមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចូលរួមពង្រឹងការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា»៕