ភ្នំពេញៈ សមត្ថកិច្ចជំនាញប្រឆាំងការសម្អាតប្រាក់ អំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងការបើកកុងធនាគារ ដើម្បីទទួលប្រាក់ដែលមិនដឹងប្រភពច្បាស់លាស់ ព្រោះប្រាក់បែបនេះអាចពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។
បទល្មើសសម្អាតប្រាក់មានទម្រង់ជាច្រើនទៅតាមសំអាងនៃបទល្មើស ឬបទល្មើសដើមដូចជាបទល្មើសគ្រឿងញៀន ឆបោក និងចាប់ជំរិតជាដើម។ ប៉ុន្តែមិនមែនគ្រប់សំអាងនៃបទល្មើសសុទ្ធតែជាបទល្មើសសម្អាតប្រាក់នោះទេ ដរាបណាផលនៃបទល្មើសនេះមិនត្រូវបានបង្វែរ ឬបំប្លែងនៅក្នុងសកម្មភាពអ្វីមួយ។ បទល្មើសពីក្រៅប្រទេសមួយចំនួនត្រូវបានបង្វែរមកកម្ពុជាដែលពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ នេះបើតាមសមត្ថកិច្ចជំនាញ។
លោក ផាន សុភ័គ្រ មន្ត្រីជំនាញស៊ើបអង្កេតនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃអគ្គស្នងការនគរបាលជាតិថ្លែងថា ប្រជាពលរដ្ឋត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួនដោយប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវឱ្យអ្នកដទៃខ្ចីទៅប្រើប្រាស់ឡើយ បើទោះជាអ្នកនោះជាសាច់ញាតិ ឬមិត្តភក្តិស្គាល់គ្នាក៏ដោយ។ ស្រដៀងគ្នានេះមិនត្រូវឈរឈ្មោះបើកកុងធនាគារ ឬឱ្យអ្នកដទៃខ្ចីកុងធនាគារ ដើម្បីទទួលប្រាក់បញ្ញើនោះទេ ព្រោះវាអាចជាប់ពាក់ព័ន្ធនឹងអំពើលាងសម្អាតប្រាក់ទុច្ចរិតពីបរទេស។
លោកថ្លែងថា៖ «បើសិនជាអត្តសញ្ញាណរបស់គាត់ដូចជាអត្តសញ្ណាណប័ណ្ណ ឬក៏ខ្លួនគាត់ត្រូវបានគេពឹងពាក់ឱ្យទៅឈរឈ្មោះបើកអាជីវកម្ម ឬគណនេយ្យធនាគារ អ្នកដែលពឹងពាក់រាប់ទាំងបងប្អូនមិត្តភក្តិ អ្នកស្គាល់គ្នានោះសូមឱ្យគាត់ប្រុងប្រយ័ត្ន ហើយសួរនាំឱ្យបានច្រើនថា តើអាជីវកម្មនោះធ្វើអ្វី លក់អ្វី សេវាអី ហេតុអ្វីដាក់ឈ្មោះខ្ញុំឱ្យឈរឈ្មោះអាជីវកម្មនោះទូទាត់លុយរបៀបណា»។ «ពេលដែលគាត់ឈរឈ្មោះនោះគាត់ត្រូវប្រយ័ត្នថា គាត់កំពុងឈរឈ្មោះជាអ្នកលាងលុយនៅក្នុងអាជីវកម្មនោះ ព្រោះអ្នកដែលពឹងគាត់អាចជាឧក្រិដ្ឋជនដែលបានលុយពីអំពើពុករលួយបានពីការជួញដូរគ្រឿងញៀនដែលលុយនោះឧទាហរណ៍ថា ១០ ឬ ២០ ម៉ឺនដុល្លារគាត់មិនដឹងយកទៅណា គាត់ទម្លាក់ចូលក្នុងអាជីវកម្ម។
ក្នុងករណីបែបនេះអ្នកដែលឈរឈ្មោះគឺលាងលុយឱ្យហើយ លាងផលនៃបទល្មើសគ្រឿងញៀន ហើយឧក្រិដ្ឋជនរួចខ្លួន»។ សមត្ថកិច្ចសង្កេតឃើញមានច្រើនករណីដែលពលរដ្ឋត្រូវបានគេពឹងពាក់ឱ្យទៅបើកគណនេយ្យធនាគារដោយមានការពឹងពាក់ពីមិត្តភក្តិ បងប្អូន ឬការអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់កុងធនាគាររបស់ខ្លួន។ ក្រៅពីនេះប្រជាពលរដ្ឋក៏ត្រូវបានគេពឹងពាក់ឱ្យទៅទទួលបញ្ញើពីសំណាក់អ្នកដទៃដែលករណីបែបនេះអាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬបទល្មើសគ្រឿងញៀន។ លោកថា៖ «កុំទៅឈរឈ្មោះឱ្យគេកុំទៅទទួលវត្ថុឱ្យគេ កុំទៅផ្ញើរបស់ជំនួសគេ កុំឱ្យគេខ្ចីលេខគណនេយ្យរបស់យើងប្រើដាច់ខាតទាំងអស់នេះត្រូវប្រយ័ត្នឱ្យមែនទែន»។
សមត្ថកិច្ចកម្ពុជាទទួលបានការស្នើសុំកិច្ចសហការពីនគរបាលប្រទេសផ្សេងទៀតក្នុងការស៊ើបអង្កេតករណីឆបោក ឬបទល្មើសផ្សេងទៀតដែលប្រព្រឹត្តនៅបរទេស ហើយផលនៃបទល្មើសនោះត្រូវបានបង្វែរមកកម្ពុជា។ ក្នុង ១ សប្ដាហ៍ការស្នើសុំកិច្ចសហការពីបរទេសលើករណីបែបនេះអាចមានម្ដង ឬ ២ ដង តែបើគិតសរុបក្នុង ១ ឆ្នាំវាមានចន្លោះពី ៥០ ទៅ ៦០ ករណី។ បទល្មើសឆបោកពីក្រៅប្រទេសមានទាំងនៅប្រទេសក្នុងតំបន់អាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាមេរិក។
លោក សុភ័គ្រ ថ្លែងថា៖ «ចំណុចនេះថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិជាពិសេសឯកឧត្តម ឌី វិជ្ជា ជំរុញ និងបើកចំហកិច្ចសហប្រតិបត្តិការស៊ើបអង្កេតជាមួយប្រទេសជាមិត្ត។ រាល់ករណីបែបនេះគឺយើងធ្វើភ្លាម។ ប៉ុន្តែប្រទេសមួយចំនួនពិបាកធ្វើការដោយសារតែពួកគេទាមទារឯកសារច្រើនពេកដូចជាឯកសារដីកា និងលិខិតផ្លូវការពីក្រសួងការបរទេស»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានថ្លែងថា ក្រុមឧក្រិដ្ឋជនមានល្បិចច្រើនណាស់ ជាពិសេសក្នុងសម័យដែលមានបច្ចេកវិទ្យាជឿនលឿនដូចបច្ចុប្បន្នក្នុងការលួងពលរដ្ឋឱ្យចាញ់ការបោកបញ្ឆោត ជាពិសេសនៅប្រទេសដែលមានប្រព័ន្ធច្បាប់នៅទន់ខ្សោយហើយការយល់ដឹងរបស់ពលរដ្ឋលើបញ្ហានេះនៅមានកម្រិត។
លោកថ្លែងថា៖ «ដូច្នេះវាជាការចាំបាច់ណាស់ដែលត្រូវមានការអប់រំផ្សព្វផ្សាយបន្ថែមឱ្យពលរដ្ឋយល់ដឹងអំពីបញ្ហាហ្នឹង ហើយពលរដ្ឋទៀតសោត គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្លាក់ចូលក្នុងការបោកបញ្ឆោតផ្សេងៗ។ ការបោកបញ្ឆោតរបស់គេមានច្រើនរូបមន្ត ដូចជាការវិនិយោគ ការលេងភាគហ៊ុន ឬឱ្យកម្ចីដែលមានការប្រាក់ខ្ពស់។ ទាំងនេះសុទ្ធតែជារូបមន្តក្នុងការបោកបញ្ឆោត។ ប៉ុន្តែយើងជាស្ថាប័នសាធារណៈ ឬជាអង្គការក្ដីត្រូវបន្តការអប់រំលើបញ្ហានេះដើម្បីការពារពលរដ្ឋរបស់យើងកុំឱ្យចាញ់បោកគេ»៕