ភ្នំពេញ: មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) បាន​ដុត​បំផ្លាញ​បង្គា​ ៤៤៩ ​កេស ទម្ងន់​ជាង​ ១១ ​តោន បន្ទាប់ពី​ចាប់បាន​នៅ​ភ្នំពេញ​កាលពី​ចុង​ខែ​ឧសភា​ពី​ក្រុម​ឈ្មួញ​ដែល​លួច​​នាំចូល​ពី​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក ខណៈ​ឈ្មួញ ៣ ​នាក់​ តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ព្រមាន​ឲ្យ​ឈប់​ប្រព្រឹត្ត​។

លោក ហេង មាលី ប្រធាន​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប​) ​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​មិនអាច​​និយាយ​ទូរស័ព្ទ​បានទេ​។

ក៏ប៉ុន្តែ​លោក គង់ វុទ្ធី អនុប្រធាន​ការិយាល័យ​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ដុត​កម្ទេចចោល​បង្គា​ក្លាស្សេ​ចំនួន​ ៤៤៩ ​កេស ​ដែល​មាន​ទម្ងន់​ជាង​ ១១ ​តោន​ នៅ​ទីលាន​ចាក់សំរាម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣០ ខែឧសភា​។

លោក​បន្តថា ពិធី​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​នគរបាល​រាជធានីភ្នំពេញ​ទទួល​ផ្នែក​បទល្មើស​សេដ្ឋកិច្ច និង​សម្របសម្រួល​ដោយ​លោក សេង ហៀង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំណែក​រថយន្ត ៣ ​គ្រឿង​ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ល្មើស​នេះ​​ត្រូវ​បាន​យកមក​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន ក.ប.ប បណ្ដោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​បង្គា​ទាំង​ ១១ ​តោន​នេះ ​យើង​បាន​រកឃើញ​សារធាតុ​ម្យ៉ាង​ដូច​ចាហួយ ប៉ុន្ដែ​សារធាតុ​នេះ​មិន​បង្ក​ផលប៉ះពាល់​សុខភាព​មនុស្ស​ទេ គឺ​គ្រាន់តែ​បន្លំ​បរិមាណ​មាន​ន័យថា ដាក់​ឲ្យ​វា​កាន់តែ​ធ្ងន់ ចំណេញ​គីឡូ​។ ក្រុម​ឈ្មួញ​ទាំងនេះ មិនមែន​ជា​លក្ខណៈ​ក្រុមហ៊ុន​ទេ​គឺ​ពួកគាត់​ជា​អ្នក​ទទួល​ទិញ​រាយ​ពី​វៀតណាម​ដោយ​គ្មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ ហើយ​ដឹក​យកមក​លក់​នៅ​ភ្នំពេញ​»​។

លោក គង់ វុទ្ធី បន្ថែម​ថា ជនល្មើស​ ៣ ​នាក់ ​ដែល​ជា​ឈ្មួញ​ម្ចាស់​បង្គា​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អប់រំ​ណែនាំ ព្រមទាំង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ព្រមាន និង​បញ្ឈប់​សកម្មភាព​ជួញដូរ​ទំនិញ​ខុសច្បាប់​ក៏​ដូចជា​ផលិតផល​ដែលមាន​សារធាតុ​គីមី​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។

លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានទទួល​ព័ត៌មាន​ពី​ការដុត​បំផ្លាញ​បង្គា​ទាំង​ ១១ ​តោន​នេះ ប៉ុន្ដែ​កម្លាំង​លោក​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទេ ដោយ​គ្រាន់តែ​បាន​ចូលរួម​បង្ក្រាប​ករណីនេះ​។

លោក​ថា​៖ «​ខ្ញុំ​ដឹងថា មន្ត្រី​ជំនាញ​យើង​យក​បង្គា​ទៅ​ដុតចោល​នៅ​ទីតាំង​ចាក់សំរាម​ខណ្ឌដង្កោ​ហ្នឹង ប៉ុន្ដែ​សមត្ថកិច្ច​ខ្ញុំ​អត់​បាន​ចូលរួម​ទេ គឺ​ពួកខ្ញុំ​បាន​ចូលរួម​តែ​កិច្ចការ​បង្ក្រាប​ឡាន​ដឹក​បង្គា​កាលពី​ថ្ងៃទី​ ២៩ ខែ​ឧសភា កន្លងទៅ ហើយ​ក៏​បានប្រគល់​សំណុំរឿង​ឲ្យ​មន្ត្រី​ជំនាញ​ចាត់ចែង​»​។

តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​ (​ក.ប.ប) ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៩ ឧសភា មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប សហការ​ជាមួយ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផ្នែក​បទល្មើស​សេដ្ឋកិច្ច ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន​ ៣ ​គ្រឿង​នៅលើ​ផ្លូវជាតិ​លេខ​ ៤ និង​ផ្លូវជាតិ​លេខ​ ៣ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល​ និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

បើ​តាម​អគ្គនាយកដ្ឋាន ក.ប.ប. ក្រោយ​ត្រួតពិនិត្យ​លើ​ទំនិញ​ទាំងអស់​នេះ​សមត្ថកិច្ច​បាន​រកឃើញ​បង្គា​មាន​ចាក់​បញ្ចូល​នូវ​សារធាតុ​ម្យ៉ាង​ដែល​ស្រដៀង​ចាហួយ ហើយ​បាន​រឹបអូស​យកមក​ដុតបំផ្លាញ​ចោល​តែម្ដង​៕

វីដេអូ៖