ពោធិ៍សាត់ៈ បុរស​ម្នាក់​ដែល​បាន​ជេរប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​ជន​នោះ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។

លោក​វរសេនីយ៍ឯក​ ម៉ូ លីដា ស្នងការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​បទបញ្ជា​របស់​លោក​ ម៉ៅ ធនិន្ទ អភិបាល​នៃ​គណៈអភិបាលខេត្ត​ពោធិ៍សាត់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង កាលពី​រសៀល​ថ្ងៃទី​ ៣ ខែ​កុម្ភៈ ​បាន​ចុះ​ឃាត់ខ្លួន​ឈ្មោះ​ មុត សាមៀន ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ​ ពាក់ព័ន្ធ​ករណី​ជេរប្រមាថ​ថ្នាក់ដឹកនាំ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ ការចាប់​ខ្លួន​នេះ​ធ្វើ​ឡើង ខណៈ​ដែល​បុរស​រូបនេះ​កំពុង​ស្ថិត​ក្នុង​រោង​អាពាហ៍ពិពាហ៍​មួយ​ដែល​ជា​អ្នក​ថតរូប​មង្គលការ​ស្ថិត​ក្នុង​ភូមិ​ផ្ចិកជ្រុំ ឃុំ​ប្រមោយ ស្រុក​វាលវែង​។

លោក​បាន​បន្តថា ក្រោយពី​ចាប់ខ្លួន​បុរស​នោះ​សមត្ថកិច្ច​ស្រុក​វាលវែង​បាន​បញ្ជូន​ជាង​ថតរូប​ឈ្មោះ​ មុត សាមៀន ដែល​ពាក់ព័ន្ធ​នឹង​ការបង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​នៅ​រសៀល​ថ្ងៃទី​ ៥ កុម្ភៈ ហើយ​។ បន្ទាប់ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ធ្វើការ​សាកសួរ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​រួចមក សមត្ថកិច្ច​ក៏បាន​សម្រេច​ធ្វើការ​ដោះលែង​ជន​នោះ​។

លោក​បញ្ជាក់ថា​៖ «​គាត់​បាន​បង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​របស់គាត់​»​។ គាត់​បាន​និយាយ​នៅលើ​ហ្វេសប៊ុក​ថា​ «​ទាល់តែ​ខ្មែរ​ងាប់​បាន​ការពារ នាយករដ្ឋមន្ត្រី​នេះ​ដូច​អត់​គ្រប់ទឹក​។ មួយ​ទៀត​ស្តាប់​ប្រសាសន៍​ដ៏ថ្លៃថ្លា​របស់​សម្តេច​អំពី​កូរ៉ូណា​តិច​មើល៍ ស្មាន​តែ​ក្មេង​អត់​ដែល​ចូល​សាលា​»​។

មន្ត្រី​នគរបាល​រូបនោះ​បន្ថែម​ថា បុរស​នេះ​ក៏​មាន​សារ​ជា​សំឡេង​ផងដែរ ហើយ​ខ្លួន​បាន​ទទួល​សារភាព​ហើយ​ថា​ខ្លួន​បាន​សរសេរ​មែន​។

លោក​បន្ថែមថា​៖ «​បន្ទាប់ពី​បាន​ឃុំខ្លួន​ ៤៨ ​ម៉ោង​រួចហើយ​ឯកឧត្តម​អគ្គរង​ [​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​] ខាង​សន្តិសុខ​ និង​ឯកឧត្តម​អភិបាលខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​បាន​ឯកភាព​ធ្វើការ​អប់រំ​ និង​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។ គាត់​ក៏បាន​សុំទោស​ជា​សាធារណៈ ហើយ​យើង​ក៏បាន​ធ្វើ​កំណត់ហេតុ​ឲ្យ​ឪពុកម្តាយ​ធានា និង​អប់រំ និង​ឈប់​បរិហារ​ជា​សាធារណៈ​លើ​បុគ្គល​ហើយ​បាន​ឲ្យ​ត្រឡប់​ទៅវិញ​»​។

លោក​ អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា​ការចាប់ខ្លួន​បុរស​ខាងលើ​អាច​ធ្វើឲ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់ ដោយសារ​តែ​ប្រទេស​ប្រជាធិបតេយ្យ​អនុញ្ញាត​ឲ្យ​មាន​ការរិះគន់​ដើម្បី​ធ្វើការ​ស្ថាបនា​។ ដូច្នេះ​មន្ត្រី​សាធារណៈ​សមត្ថកិច្ច​ត្រូវតែ​មាន​ការកម្រិត​នៃ​ការអត់ធ្មត់​ខ្ពស់​ចំពោះ​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ការបែងចែក​ឲ្យ​ច្បាស់លាស់​រវាង​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​ និង​បទល្មើស​។

លោក​ថា​៖ «​អាជ្ញាធរ​គួរតែ​ពិចារណា​ផងដែរ​ទៅលើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ពលរដ្ឋ​។ អ្វី​ទៅជា​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ ហើយ​អ្វី​ទៅ​ជា​បទល្មើស​។ ពីព្រោះ​នៅក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ការរិះគន់​គឺ​ដើម្បី​ស្ថាបនា​គឺ​ចៀស​មិន​ផុត​នោះទេ ហើយ​បើ​គ្មាន​ការរិះគន់​ទេ​ក៏​មិន​មាន​ការរីកចម្រើន​ដែរ​។ នៅ​ក្នុង​ន័យ​នេះ​មន្ត្រី​សាធារណៈ​ ឬ​ក៏​អាជ្ញាធរ​សាធារណៈ​គួរតែ​មាន​ការកម្រិត​នៃ​ការអត់ធ្មត់​ខ្ពស់ ហើយ​ពិចារណា​ថា តើ​អ្វី​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​ពលរដ្ឋ​ដើម្បី​ឲ្យ​វា​មាន​លម្ហ​សិទ្ធិសេរីភាព​»៕