កណ្ដាលៈ នគរបាលខេត្តកណ្តាលកំពុងតាមចាប់ជនម្នាក់ ខណៈគូកនម្នាក់ទៀតត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទ និងឃុំខ្លួននៅពន្ធនាគារខេត្ត ប៉ុន្មានម៉ោងបន្ទាប់ពីចាប់ខ្លួនបានកាលពីថ្ងៃទី ២៧ ធ្នូ ពាក់ព័ន្ធធ្វើគុតព្រះចៅអធិការវត្តចេតិយថ្មី ក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលពីថ្ងៃទី ១៩ ធ្នូ ។
លោក ចៅ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលប្រាប់ពីម្សិលមិញថា ជនឈ្មោះ ឡៅ ទ្រី ហៅ ឃាង អាយុ ៥១ ឆ្នាំ ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារខេត្ត ពីថ្ងៃទី ២៧ ធ្នូ ដែលជាថ្ងៃចាប់ខ្លួនពាក់ព័ន្ធករណីធ្វើគុតព្រះចៅអធិការវត្តចេតិយថ្មី ព្រះនាម ភោគ ធារិទ្ធ ប្រព្រឹត្តកាលពីយប់ថ្ងៃ ១៩ ធ្នូ។
លោកបានបន្តថា បន្ទាប់ពីមានហេតុការណ៍នេះលោកស្នងការនគរបាលខេត្តកណ្តាល ឈឿន សុចិត្ត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ទើបសមត្ថកិច្ចរបស់លោកខិតខំរហូតចាប់ខ្លួនជនសង្ស័យបានតែម្តង។ ប៉ុន្តែលោកថា រឿងនេះមិនទាន់អាចបកស្រាយឱ្យបានទេ ព្រោះសមត្ថកិច្ចកំពុងតាមរកបក្ខពួករបស់ជនសង្ស័យដែលបានគេចខ្លួន។
លោកថ្លែងថា៖ «លោកព្រះរាជអាជ្ញារងឯក ស៊ុន រស្មី បានចោទ ហើយចៅក្រមស៊ើបសួរឯកភាព និងចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ ជនម្នាក់នេះ [ឡៅ ទ្រី] ត្រូវចោទពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មតាមមាត្រា ២៨ និងម្នាក់ទៀតចោទបទឃាតកម្មគិតទុកជាមុនតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ»។
តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌនេះប្រសិនបើតុលាការរកឃើញជនសង្ស័យពិតជាបានប្រព្រឹត្តមែននឹងត្រូវជាប់ពន្ធនាគារអស់ ១ ជីវិត។ រីឯមាត្រា ២៨ បានចែងថា អ្នក ផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។
ដោយឡែកលោក ដួង តេង អធិការនគរបាលស្រុកពញាឮប្រាប់ពីម្សិលមិញដែរថា ជនសង្ស័យឈ្មោះ ឡៅ ទ្រី មានប្រពន្ធ ២ នាក់ ដែលម្នាក់រស់នៅក្នុងស្រុកពញាឮ និងប្រពន្ធម្នាក់ទៀតរស់នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ ជននេះត្រូវបានចាប់ខ្លួននៅស្រុកពញាឮតែម្តង។
លោក ដួង តេង រំឭកប្រាប់ថា ព្រះចៅអធិការព្រះនាម ភោគ ធារិទ្ធ មានព្រះជន្ម ៥៣ ព្រះវស្សា ត្រូវបានប្រទះឃើញសុគតពីព្រឹកថ្ងៃទី ២០ ខែធ្នូ នៅវត្តចេតិយថ្មី លើគ្រែក្នុងបន្ទប់ដែលព្រះអង្គសិង។
បើតាមលោក ដួង តេង ក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថា កាលពីខែតុលា រូបគេបានទូរស័ព្ទណាត់ជួបឈ្មោះ ស្រេង ស្រ៊ុន (អ្នកគេចខ្លួន) នៅហាងម្លប់ស្វាយជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារហ្លួង។ ពេលនោះរូបគេបានប្រាប់ ស្រេង ស្រ៊ុន ថា គេធ្លាប់ឈ្លោះគ្នាជាមួយចៅអធិការវត្តចេតតិយថ្មី ហើយបានសួររកអ្នកស៊ីឈ្នួលសម្លាប់មនុស្ស។
ពេលនោះ ស្រេង ស្រ៊ុន ថា កុំភ័យឱ្យតែលុយមក។ បន្ទាប់មកក៏ព្រមគ្នាក្នុងតម្លៃ $៧ ០០០។
ប៉ុន្តែក្រោយមក ឈ្មោះ ស្រេង ស្រ៊ុន ប្ដូរមកទារថ្លៃ ១ ម៉ឺនដុល្លារ ព្រោះត្រូវធ្វើគ្នា ៣ នាក់។ ពេលនោះខ្លួនបានកក់លុយឱ្យ ៣ ពាន់ដុល្លារ។ លុះដល់ល្ងាចថ្ងៃទី ១៩ ខែធ្នូ ស្រេង ស្រ៊ុន បានទូរស័ព្ទប្រាប់ថាបានផ្តាច់ជីវិតចៅអធិការរួច និងបានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែក។ លុះដល់ថ្ងៃទី ២០ ធ្នូ រូបគេ (ឡៅ ទ្រី) បានបើករថយន្តម៉ាកព្រូសយកលុយ ៧ ពាន់ដុល្លារទៀតឱ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ ។
លោក ដួង តេង បានបន្តថាតាមចម្លើយឈ្មោះ ឡៅ ទ្រី គឺផែនការធ្វើគុតព្រះសង្ឃនេះ ព្រោះចង់យកផ្ទះ និងតូបផ្សារនៅផ្សារមាន់អាំងរាជធានីភ្នំពេញ និងដី ២ ឡូត៍ទៀតនៅផ្សារត្រាចខេត្តកំពង់ឆ្នាំង។ មុនពេលធ្វើគុតខ្លួនបានយកលុយ ១១ ៥០០ ដុល្លារ ពីព្រះអង្គដោយប្រាប់ថាយកលុយទៅសង់ផ្ទះឱ្យតែតាមពិតរូបគេមិនបានសង់ផ្ទះឱ្យទេ។
លោកថា ឈ្មោះ ឡៅ ទ្រី ប្រាប់សមត្ថកិច្ចទៀតថា រូបគេបានដឹងថា ព្រះចៅអធិការរងគ្រោះនឹងសឹកនៅដំណាច់ឆ្នាំ ២០២០ នេះដើម្បីទៅកាន់កាប់ និងគ្រប់គ្រងផ្ទះសំបែងព្រះអង្គវិញ។ ហេតុដូច្នេះហើយទើបខ្លួនរៀបចំផែនការសម្លាប់ដើម្បីបំបិទមាត់ព្រះអង្គតែម្ដង៕