ក្រចេះ មន្ត្រីនគរបាលខេត្តក្រចេះបានអះអាងកាលពីម្សិលមិញថា ករណីស្ទាក់វាយស្លាប់អ្នកកាសែត នៅស្រុកស្នួលខេត្តក្រចេះកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែកុម្ភៈ នៅភូមិជើងឃ្លេ ឃុំ ២ ធ្នូ ស្រុកស្នួលនោះ សមត្ថកិច្ចមានតម្រុយខ្លះហើយ ខណៈដំណើរការស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញាសង្ស័យកំពុងបន្ដនៅឡើយ។
លោក សួស ចំរើន ស្នងការរងផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានថ្លែងថា មន្ត្រីនគរបាលខេត្តក្រចេះ និងស្រុកស្នួលបានស៊ើបអង្កេតករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី ភេទប្រុសអាយុ ១៨ ឆ្នាំជាអ្នកកាសែតនៅក្នុងស្ថាប័នព័ត៌មានបាត់ដំបងប៉ុស្តិ៍ បន្ទាប់ពីគាត់ត្រូវបានវាយសម្លាប់នាពេលរាត្រី។
លោកបានបញ្ជាក់ថា៖ «ទាក់ទងនឹងរឿងឃាតកម្មហ្នឹងយើងកំពុងតែធ្វើការ។ យើងកំពុងស៊ើបសួរអ្នកពាក់ព័ន្ធ ហើយយើងចាប់ផ្តើមមានតម្រុយ និងពន្លឺតិចៗហើយ។យើងមិនទាន់ដឹងច្បាស់លាស់ពីមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់នៅឡើយទេ»។
លោកបន្ថែមថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា បានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅភូមិជើងឃ្លេ ឃុំ ២ ធ្នូ ស្រុកស្នួល។
លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានថ្លែងដែរថា មន្ត្រីនគរបាលស្រុកស្នួលបាននិងកំពុងស៊ើបអង្កេតហើយបានសាកសួរ អ្នកពាក់ព័ន្ធ ប៉ុន្តែលោកថា វាមានការលំបាកក្នុងការស៊ើបអង្កេត ដោយសារមិត្តភក្ដិជនគ្រោះបានអះអាងថា ខ្លួនមិនបានដឹងពីមូលហេតុ មុនពេលមានការព្រួតវាយរហូតដល់ស្លាប់បែបនេះ។
លោកថា៖ «យើងកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងករណីឃាតកម្មនេះដែលបានកើតឡើងក្នុងអំឡុងម៉ោងជាង ១២ យប់ បន្ទាប់ពីពួកគាត់បានចូលរួមរាំធុងបាស់។ មានតែជនរងគ្រោះម្នាក់គត់បានដឹងរឿងហ្នឹង ប៉ុន្តែគួរឲ្យសោកស្តាយគាត់បានបាត់បង់ជីវិត។ មិត្តភក្ដិទាំង ២ នាក់ដែលបានឌុបជនគ្រោះបានឆ្លើយថាខ្លួនមិនដឹងមូលហេតុអ្វីទេ»។
លោកបានបន្ថែមថា នៅមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបគ្នា ៣ នាក់ ទៅលេងរាំធុងបាស់នៅចំណុចគីឡូ ៩០ ក្នុងភូមិជើងឃ្លេ ឃុំ ២ ធ្នូ ស្រុកស្នួល។ លុះដល់មុនពេលកើតហេតុបន្ដិចពួកគេបានជិះម៉ូតូបំណងវិលត្រឡប់មកផ្ទះវិញ ដោយមានឈ្មោះ នី ធីរ៉ា ជាអ្នកឌុប និងឈ្មោះ ប៉ែ នៅកណ្ដាល ចំណែកជនរងគ្រោះដែលស្លាប់ជិះក្រោយគេ។លុះមកដល់កន្លែងកើតហេតុស្រាប់តែលេចមុខក្រុមជនដៃដល់ស្ទាក់ចាំវាយ និងយកដុំថ្មមកគប់លើពួកគេ បណ្ដាលឲ្យជនរងគ្រោះដែលអង្គុយខាងក្រោយធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវគេព្រួតវាយរហូតដល់ស្លាប់នៅនឹងកន្លែងតែម្ដង។
លោក សែម ឌីយ៉ា និពន្ធនាយកស្ថាប័នព័ត៌មានបាត់ដំបងប៉ុស្តិ៍ បានអះអាងកាលពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ស៊ន សិទ្ធី បានបម្រើការក្នុងអង្គភាពរបស់លោកអស់ពេលជិត ១ ឆ្នាំមកហើយ។ លោកថា ជនរងគ្រោះភាគច្រើនបានសរសេរអត្ថបទសង្គម ដោយកម្រសរសេរអត្ថបទទាក់ទងនឹងរឿងបទល្មើសព្រៃឈើណាស់។
លោកបានបញ្ជាក់ថា៖ «យើងសោកស្តាយនៅពេលទទួលព័ត៌មានពីគ្រោះថ្នាក់នេះ។នគរបាលបានប្រាប់ថា ឲ្យអ្នកសារព័ត៌មានយើងនៅឲ្យស្ងៀមសិនទុកឲ្យសមត្ថកិច្ចគេធ្វើការ។នៅពេលយើងនិយាយព័ត៌មានថា ដូច្នេះឬដូច្នោះ វាអាចធ្វើឲ្យសមត្ថកិច្ចលំបាកស៊ើបអង្កេត ដោយសារវាអាចធ្វើឲ្យជនសង្ស័យមួយចំនួនអាចរត់គេចខ្លួន។ លោកថា អាចមានអ្នកពាក់ព័ន្ធប្រមាណ ២០ នាក់»។
ករណីស្រដៀងគ្នាដែរ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំនេះ លោកស៊ីម ឈីវឈានពិសិដ្ឋ អ្នកយកព័ត៌មាននៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាពត្រូវបានគេព្រួតគ្នាវាយរហូតសន្លប់ ខណៈលោកចុះទៅយកព័ត៌មានពីការឈូសបំផ្លញព្រៃលិចទឹកជុំវិញបឹងពារាំងក្នុងខេត្តសៀមរាប ហើយ ៤ ថ្ងៃក្រោយមកលោកបានប្ដឹងទៅតុលាការខេត្តនេះ។
លោក ស៊ីម ឈីវឈានពិសិដ្ឋ បញ្ជាក់កាលពីម្សិលមិញថា រហូតទល់ពេលនេះសំណុំរឿងនេះសាលាដំបូងខេត្តសៀមរាបមិនទាន់លើកមកជំនុំជម្រះនៅឡើយទេ។
ដោយឡែកកាលពីថ្ងៃទី ១៦ ខែមករាឆ្នាំនេះដែរ អ្នកកាសែតបម្រើការឲ្យអង្គភាព KH TV អនឡាញប្រចាំខេត្តរតនគិរីម្នាក់ឈ្មោះ អ៊ុច សាវ័ន្ត ត្រូវបានគេបើករថយន្តបុកបណ្ដាលឲ្យរបួសធ្ងន់នៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ករណីស្ទាក់វាយអ្នកកាសែត នៅស្រុកស្នួលខេត្តក្រចេះ អាចកើតពីជម្លោះដោយសារតែមានការរាយការណ៍ថា នៅពេលរាំធុងបាស់ មានការឈ្លោះគ្នារវាងជនរងគ្រោះ និងអ្នកដទៃ។
លោកបញ្ជាក់ថា៖ «វាទាក់ទងនឹងជម្លោះផ្ទាល់ខ្លួន មិនមែនវិជ្ជាជីវៈទេ»។លោកបានឲ្យដឹងដែរថា កាលពីឆ្នាំមុន មិនមានករណីហិង្សាទាក់ទងនឹងការប្រកបវិជ្ជាជីវៈនោះទេ តែមានបណ្តឹងទាក់ទងរឿងបុគ្គល ហើយបើតាមលោកដឹងគឺមាន៣បណ្តឹងទាក់ទងនឹងអ្នកកាសែត ដែលបណ្តឹង ១ ត្រូវគេប្តឹងអ្នកកាសែត ខណៈ ២ បណ្ដឹងគឺអ្នកកាសែតប្តឹងគេវិញ។
ដោយឡែកការចាប់ខ្លួនអ្នកកាសែតមាន ៣ ករណី ទាក់ទងនឹងរឿងឆបោក និងការបាញ់គំរាម ខណៈការឃត់ខ្លួនមាន ៤ ករណីទាក់ទងនឹងការឆបោកនិងផ្សាយព័ត៌មានមិនពិត ប៉ុន្តែលោកថា ករណីទាក់ទងអ្នកកាសែតក្នុងឆ្នាំ ២០១៨ មានលក្ខណៈល្អជាងឆ្នាំ ២០១៧៕