
ព្រះតេជព្រះគុណ ពិន សែម ព្រះចៅអធិការវត្តរាជបូព៌ នៅក្នុងខេត្តសៀមរាប។ រូបថត ហ្វេសប៊ុក
សៀមរាប៖ តាមការបញ្ជាក់ពីសមត្ថកិច្ចការដាក់វិន័យបែបហិង្សាដោយការវាយនឹងរំពាត់នៅវត្តរាជបូព៌ ខេត្តសៀមរាប កើតចេញពីការគេចវេះមិនចូលរៀន ខ្ជិលធ្វើការងារក្នុងវត្តមិនចូលរួមធ្វើអនាម័យ និងចេញក្រៅវត្តរហេតរហូត ដោយគ្មានវិន័យ។ ទោះបីមានការប្រៀនប្រដៅបែបហិង្សាក្តី ក៏មានមតិមួយចំនួនលើកឡើងពីគុណសម្បត្តិគួរកោតសរសើររបស់ព្រះចៅអធិការវត្តនោះ ក្នុងផ្នែកសាសនា និងការអប់រំ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានបញ្ចេញមតិយល់ឃើញផ្សេងគ្នា បន្ទាប់ពីមានការបង្ហោះវីដេអូពីអំពើហិង្សា វាយនឹងរំពាត់ទៅលើព្រះសង្ឃមួយចំនួននៅក្នុងវត្តរាជបូព៌ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ការបញ្ចេញវីដេអូនេះធ្វើឱ្យមានការរិះគន់លើអំពើហិង្សានោះ រហូតដល់មានការចុះធ្វើអធិការកិច្ចសម្របសម្រួល និងការធ្វើកិច្ចសន្យាពីសំណាក់ព្រះចៅអធិការវត្តព្រះតេជគុណ ពិន សែម។
ទោះយ៉ាងណា ការរិះគន់ពីលោក ផែង វណ្ណៈ ទៅលើការដាក់វិន័យហិង្សានេះ ត្រូវបានគេចាត់ទុកការរិះគន់នេះជាការប្រមាថទៅលើសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។ លោក ផែង វណ្ណៈ ដែលគេមើលឃើញមានភាពសកម្មលើបណ្តាញហ្វេសប៊ុកជាមួយគេហទំព័រនោះ ក្រសួងព័ត៌មានបានលុបអាជ្ញាប័ណ្ណពីម្សិលមិញ។
ក្រសួងព័ត៌មានបញ្ជាក់ថា បុគ្គល ផែង វណ្ណៈ បានជេរប្រមាថចំពោះព្រះសង្ឃធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម។
បើតាមកំណត់ហេតុសម្របសម្រួលចុះថ្ងៃទី ១៣ មីនា ព្រះសង្ឃដែលរងការប្រៀនប្រដៅបែបហិង្សាមានចំនួន ៩ អង្គ។ អំពើហិង្សានោះកើតឡើងដោយសារតែការល្មើសវិន័យរបស់វត្ត។ យ៉ាងណាក៏ដោយ ព្រះតេជគុណ ពិន សែម ព្រះជន្ម ៨០ ព្រះវស្សា បានសន្យាថា នឹងឈប់ប្រើអំពើហិង្សា ដើម្បីអប់រំភិក្ខុ និងសាមណេរ ហើយប្រៀនប្រដៅតាមបែបអហិង្សាវិញ។ ព្រះអង្គក៏បានសន្យាថា មិនមានការគុំកួន ស្អប់ខ្ពើម ឬរើសអើងដល់ភិក្ខុសាមណេរដែលប្រព្រឹត្តខុសទាំងនោះឡើយ។
អគ្គស្នងការដ្ឋានគរបាលជាតិកាលពីថ្ងៃទី ១៧ ខែមីនា បានចេញសេចក្ដីបំភ្លឺអំពីករណីនេះដោយបញ្ជាក់ថា៖ «ផ្អែកតាមការបំភ្លឺរបស់ភិក្ខុ និងសាមណេរចំនួន ៨ អង្គ បានឱ្យដឹងថា ព្រះអង្គបានទទួលនូវការដាក់វិន័យពីសំណាក់ព្រះគ្រូចៅអធិការវត្ត ពិតប្រាកដមែន ព្រោះព្រះអង្គបានល្មើសនឹងវិន័យផ្ទៃក្នុងរបស់វត្ត ដូចជាការគេចវេះចូលរៀន ខ្ជិលច្រអូសធ្វើការងារក្នុងវត្ត មិនចូលរួមធ្វើអនាម័យ ចេញក្រៅវត្តរហេតរហូតគ្មានវិន័យ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ភិក្ខុ និងសាមណេរទាំងនោះទទួលការដាក់វិន័យ ដោយខ្លះទទួលការពិន័យដោយវាយនឹងរំពាត់ផ្ដៅពី ១ រំពាត់ រហូតដល់ ១០០ រំពាត់។ ការអនុវត្តវិន័យនេះ ព្រះគ្រូចៅអធិការពុំបានអនុវត្តផ្ទាល់ទេ គឺបានបញ្ជាឱ្យព្រះសង្ឃព្រះនាម ហន សុខហេង ជាអ្នកវាយ រីឯព្រះគ្រូចៅអធិការគង់មើលរហូតដល់ការដាក់វិន័យត្រូវបានចប់សព្វគ្រប់។
ព្រះគ្រូចៅអធិការ ព្រះនាម ពិន សែម មានសង្ឃដីកាថា ព្រះអង្គពិតជាបានដាក់ពិន័យ ដោយមានទាំងការស្តីបន្ទោស និងប្រើរំពាត់ផ្តៅវាយទៅលើភិក្ខុ និងសាមណេរនៅក្នុងវត្តរាជបូព៌ ដែលប្រព្រឹត្តខុសវិន័យម្ដងហើយម្ដងទៀត។ អ្នកដែលវាយនោះ គឺជាសាមណេរណាដែលបានកែប្រែខ្លួនរួចហើយ។ ការដាក់វិន័យនេះ ព្រះអង្គមានបំណងឱ្យព្រះសង្ឃគ្រប់អង្គគង់ក្នុងវត្តនេះទទួលបានកិត្តិយស សេចក្តីថ្លៃថ្នូរ និងចៀសផុតពីការផ្ដន្ទាទោសដោយច្បាប់រដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហានេះ មានការលើកឡើងខុសៗគ្នា ដោយអ្នកខ្លះអះអាងថា ព្រះតេជគុណ ពិន សែម មិនគួរប្រើវិធីសាស្ត្របែបហិង្សា ដើម្បីធ្វើការអប់រំទេ។ ប៉ុន្តែក៏មានមតិលើកឡើងថា ការធ្វើបែបនេះ គឺជាវិន័យដែលមានចែងក្នុងវត្ត ហើយជាវិធីសាស្ត្របុរាណមួយដែលធ្លាប់ប្រើជាយូរមកហើយ។ ក្រៅពីនេះក៏មានមតិកោតសរសើរដល់ព្រះអង្គដែលចេញលិខិតកិច្ចសន្យាឈប់ប្រើអំពើហិង្សាតទៅទៀត។
ព្រះតេជគុណ រិន សារ៉ូ ព្រះជន្ម ៤២ វស្សា គឺជាសិស្សរបស់ព្រះតេជគុណ ពិន សែម ធ្លាប់បានគង់នៅវត្តរាជបូព៌អស់រយៈពេល ៦ ឆ្នាំ ដែលបច្ចុប្បន្ននេះ កំពុងបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង ផ្នែកសង្គមវិទ្យា។ ព្រះអង្គបានរៀបរាប់ថា នៅឆ្នាំ ១៩៩៣ ព្រះតេជគុណ ពិន សែម ទទួលបានឋានៈជាព្រះមហាវិមលធម្មពីសម្ដេចព្រះនរោត្តម សីហនុ ដោយសារតែកិច្ចប្រឹងប្រែងផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ព្រះអង្គត្រូវទៅគង់នៅវត្តឧណ្ណាលោម ប៉ុន្តែព្រះអង្គមិននិមន្តទៅទេ សុខចិត្តត្រឡប់ទៅគង់នៅវត្តរាជបូព៌វិញ។
ព្រះតេជគុណ រិន សារ៉ូ បានបញ្ជាក់ថា៖ «ប៉ុន្តែលោកមិននៅទេ ដោយសារតែលោកស្រណោះវត្តរាជបូព៌ដែលខ្ទេចខ្ទាំអស់។ បើទៅនៅវត្តឧណ្ណាលោម នៅភ្នំពេញ លោកឡើងតែឋានៈតែអត់បានធ្វើការពេញដៃពេញជើង។ ដូច្នេះលោកត្រឡប់មកវត្តបូព៌វិញ ហើយរៀបចំឱ្យមានសាលាបាលីនៅឆ្នាំ ១៩៩៥»។
ពាក់ព័ន្ធការវាយនឹងរំពាត់ ដើម្បីអប់រំនោះ ព្រះតេជគុណ រិន សារ៉ូ បញ្ជាក់ថា កាលពីព្រះអង្គគង់នៅវត្តនោះ ក៏មានការវាយអប់រំដែរ។ តែជាទូទៅវាយលើដៃ និងខ្នង មិនមែនវាយគូទដូចការបង្ហោះតាមបណ្ដាញសង្គមទេ ហើយអ្នកវាយ គឺព្រះសង្ឃជាកូនសិស្ស មិនមែនព្រះតេជគុណ ពិន សែម អ្នកវាយទេ។ ដូច្នេះលោកមិនច្បាស់ថា រូបដែលបង្ហោះនោះពិតជាបានថតចេញពីវត្តរាជបូព៌ ឬយ៉ាងណា។
ការវាយអប់រំនោះមិនមែនធ្វើឡើងគ្រប់ពេលដែលខុសទេ គឺសរុបម្តង បន្ទាប់ពីព្រះសង្ឃអង្គនោះ ប្រព្រឹត្តកំហុស ៤ ឬ ៥ ដង ហើយគេចវេះមិនចូលខ្លួនមកជម្រះបញ្ជី ឬសួរនាំពីអ្នកគ្រប់គ្រង។
ព្រះអង្គពន្យល់ពីវិន័យនៅវត្តរាជបូព៌ដូច្នេះថា៖ «នៅវត្តបូព៌នេះ ១ អាទិត្យគេប្រជុំម្ដង ដើម្បីបូក ឬដកការប្រព្រឹត្តខុស ដោយមានការកសង្ឃជាអ្នករាយការណ៍។ ការកសង្ឃគេចែកជា ៦ ផ្នែក រួមមានបរិស្ថាន កិច្ចវត្ត អាហារភោជន ផ្នែកចាត់ព្រះសង្ឃទៅបុណ្យជាដើម។ ប្រសិនបើព្រះសង្ឃអង្គណាខុសក្នុងផ្នែកណាមួយ ការកសង្ឃនឹងអប់រំ ហើយយកបញ្ជីស្នាមឡើងទៅលើ ហៅព្រះសង្ឃអង្គនោះជួបតេជគុណ ពិន សែម ហើយតេជគុណទូន្មាន»។ ព្រះអង្គបន្តថា ការវាយអប់រំនោះមិនមានព្រះសង្ឃអង្គណាមានការគុំកួនអ្វីទេ ព្រោះចាត់ទុកថា ជាការអប់រំ។
ព្រះអង្គមើលឃើញស្នាព្រះហស្តរបស់ព្រះតេជគុណ ពិន សែម ធំធេងមិនអាចបរិយាយបាន រួមមានការបង្កើតសាលាភាសាបាលី ការបង្កើតស្ថានីយវិទ្យុអប់រំតាមបែបពុទ្ធសាសនា ការឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃក្នុងការស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាទាំងក្នុង និងក្រៅប្រទេស។
គុណសម្បត្តិ ១ ទៀត គឺការមិនបំភ្លេចកូនសិស្សរបស់លោក ទោះសិស្សនោះ ដល់ទីណា ក៏លោកតែងទាក់ទងសួរសុខទុក្ខ។ ព្រះអង្គក៏ជាអ្នកអភិរក្សសិល្បៈវប្បធម៌ខ្មែរ ដូចជាចម្លាក់ស្បែកធំ និងរបាំបុរាណ និងជាអ្នកស្រឡាញ់បរិស្ថានផងដែរ។
ព្រះអង្គបន្ថែមថា៖ «អ៊ីចឹងហើយបានអាត្មាពិចារណាទៅថា ពិបាករកលោកតាចាស់ទុំណាដែលនៅមាននៅក្នុងស្រុកយើង។ សព្វថ្ងៃគេបំបួសហើយ ទៅណាទៅៗ យើងរៀនក៏ដោយ មិនរៀនក៏ដោយ ស្រេចនឹងចិត្តយើង គ្មានអ្នកណាគេហៅជេរទេ។ អ៊ីចឹងហើយបានអាត្មាពិភាក្សាជាមួយព្រះសង្ឃផ្សេងទៀតថា យើងនៅមានសំណាងដែលចាស់ប្រហែលយើងហើយ នៅមានលោកគ្រូតាមជេរប្រដៅដល់កូរ៉េ ដល់អាមេរិក»។
លោក ថន វណ្ដុង ប្រធានអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ដែលធ្លាប់បានបួសរៀនក្នុងព្រះពុទ្ធសាសនាអស់រយៈពេល ២០ ឆ្នាំ បានថ្លែងថា លោកធ្លាប់បានទៅស្នាក់នៅបណ្ដោះអាសន្នមួយរយៈពេលខ្លីនៅវត្តរាជបូព៌។ លោកមើលឃើញគុណសម្បត្តិដ៏ច្រើនលើសលប់របស់ព្រះតេជគុណ ពិន សែម ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួយអប់រំដល់យុវជនរាប់សែននាក់។
លោកថ្លែងថា ក្រោមការដឹកនាំរបស់ព្រះតេជគុណ ពិន សែម ធ្វើឱ្យវត្តរាជបូព៌មិនត្រឹមតែជាកន្លែងបណ្ដុះបណ្ដាលផ្នែកពុទ្ធចក្រទេ ថែមទាំងជាកន្លែងបណ្ដុះបណ្ដាលបែបអាណាចក្រ ផ្នែកវប្បធម៌ និងបេតិកភណ្ឌជាច្រើនទៀតដូចជាល្ខោនស្បែកធំ ល្ខោនស្រមោលជាដើម។
ទោះយ៉ាងណា លោកថា ការអប់រំតាមបែបហិង្សាមិនទាន់ត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនាទេ ព្រោះព្រះពុទ្ធអប់រំមនុស្សឱ្យប្រកាន់ធម៌អហិង្សា។ ប៉ុន្តែថា តើការដាក់វិន័យរបស់ព្រះតេជគុណ ពិន សែម ត្រូវ ឬខុសនោះ វាអាស្រ័យលើមតិមហាជន។
លោកថ្លែងថា៖ «ជារួម ទោះយើងចង់ឱ្យកូនចៅ សិស្សគណរបស់យើងល្អប៉ុនណាក៏ដោយ យើងត្រូវធ្វើអ្វីមួយដែលមិនប្រាសចាកពីច្បាប់ព្រះពុទ្ធសាសនា។ បើនិយាយពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺយើងប្រាសចាកពីច្បាប់សកលដែរ ព្រោះសិទ្ធិមនុស្សការវាយដំ ការគំរាម ការប្រើហិង្សា ដោយវាចា ដោយចិត្ត និងកាយវិការជារឿងដែលយើងត្រូវចៀសវាង»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា លោកក៏មិនលើកទឹកចិត្តឱ្យប្រើអំពើហិង្សាជាវិធីសាស្ត្រក្នុងការអប់រំនោះទេ។ កាលពីមុន វិធីសាស្ត្រនេះត្រូវបានយកមកប្រើប្រាស់មែន តែសម័យបច្ចុប្បន្ននេះ គួរតែលុបបំបាត់ ហើយយកការពន្យល់មកជំនួសវិញ។
ចំណែកលោក ចាន់ សុផល អ្នកវិភាគម្នាក់ក៏បានតាមដានបញ្ហានេះ និងបានចែករំលែកការយល់ឃើញរបស់លោកតាមបណ្ដាញសង្គមហ្វេសប៊ុក។ លោកសរសេរថា រឿងវិធីសាស្ត្រកែប្រែមនុស្សវាជារឿងបែបបច្ចេកទេស គឺប្រៀបដូចជាការប្រើប្រាស់ថ្នាំអ្វីឱ្យត្រូវនឹងអ្នកជំងឺ។ លោកថា បើពេទ្យវិញ ជួនកាលអាចសម្រេចចិត្តកាត់ជើងអ្នកជំងឺ ដើម្បីកុំឱ្យដំបៅរីកសម្លាប់អ្នកជំងឺ។
ក្នុងហ្វេសប៊ុកបង្ហោះមួយដាច់ដោយឡែក លោកបានរៀបរាប់ពីការអប់រំកូនដោយប្រើរំពាត់ ដោយថា លោកមានរំពាត់នៅក្បែរខ្លួន នៅពេលកូនទាំង ៣ របស់លោករៀនអនឡាញជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែកម្របានវាយពួកគេណាស់ លើកលែងតែកូនពៅដែលបានកុហកម្តងជា ២ ដង ដោយកូនលួចមើលរឿងតុក្កតា មិនឆ្លងឆ្លើយនឹងគ្រូរហូតដល់គ្រូផ្តាច់ចេញពី Zoom និងរាយការណ៍ប្រាប់មកលោក ឬម្ដាយ។ លោកបានព្រមាន ២-៣ ដងហើយ តែកូននៅតែខិលខូច។
នៅចុងបញ្ចប់នៃសំណេរ លោក ចាន់ សុផល សរសេរថា៖«ខ្ញុំយល់ឃើញថា ការកំណត់យកវិធីសាស្ត្រ ឬស្តង់ដាតាមប្រទេសអ្នកមានមកអនុវត្តនៅប្រទេសក្រីក្រ ដោយខុសបុរេលក្ខខណ្ឌ អាចនាំឱ្យមានបញ្ហា។ សិទ្ធិ និងសេរីភាព ងាយក្លាយជាភាពសេរីជ្រុល អនាធិបតេយ្យ គ្មានវិន័យ និងកង្វះការទទួលខុសត្រូវ»៕