ភ្នំពេញៈ ​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប​) បាន​ទុក​ឱសានវាទ​ដល់​ម្ចាស់​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ដែល​បង្ក្រាប និង​ដកហូត​បាន​កាលពី​ថ្ងៃទី​ ២ ខែ​មេសា សរុប​ចំនួន ៥៩ ៤០២ លីត្រ ឱ្យចូល​ខ្លួន​ទៅ​ដោះស្រាយ​នៅត្រឹម​ថ្ងៃ​ពុធ ទី​ ៨ ខែ មេសា ឆ្នាំ​ ២០២០ បើ​មិន​ដូច្នោះ​ទេ​នឹង​ចាត់​វិធានការ​បន្ត​តាមច្បាប់​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៥ ខែមេសា អគ្គនាយកដ្ឋាន ក.ប.ប បាន​បើក​យុទ្ធនាការ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ (​មេតាណុល​) សរុប​បាន​ចំនួន ៦៤១៧៨ ​លីត្រ​មក​រក្សាទុក​ដើម្បី​អនុវត្តតាម​នីតិវិធី​។ ក្នុងនោះ​អាល់កុល​ក្លែងក្លាយ​សរុប​ចំនួន​ ៥៩៤០២ លីត្រ​ត្រូវ​បាន​រកឃើញ និង​ឃាត់ទុក​បណ្តោះអាសន្ន​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​អគ្គនាយកដ្ឋាន ក.ប.ប បាន​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) ​សរុប​បាន​ ៦៤ ១៧៨ ​លីត្រ​។ ប៉ុន្ដែ​ដោយសារ​ធាតុ​មេតាណុល​នេះ​មាន​ការលំបាក​ក្នុង​ការរក្សាទុក យើង​ក៏បាន​ទាក់ទង​ទៅខាង​ស្ថានីយ​ប្រេងឥន្ធនៈ​ធំៗ​ដែរ ប៉ុន្ដែ​គេ​មិនមាន​កន្លែង​សម្រាប់​រក្សាទុក​។ ដូច្នេះ​ជា​នីតិវិធី​យើង​កំពុង​គោរព​ស្នើសុំ​ព្រះរាជអាជ្ញា​ដើម្បី​កម្ទេចចោល​»​។

ដោយ​សង្កេតឃើញ​ក្នុងពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយចំនួន​ឆ្លៀតឱកាស​នាំចូល និង​ចែកចាយ​អាល់កុល​ក្លែងក្លាយ​ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ លោក អូន បាន​បញ្ជា​ដល់​មន្ត្រី​ក្រោមឱវាទ​ឱ្យ​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ជាបន្ទាន់​ការធ្វើ​ចរាចរណ៍ ចែកចាយ នូវ​សារធាតុ​អាល់កុល​ក្លែងក្លាយ​ទូទាំងប្រទេស​។

ជា​លទ្ធផល​តាមរយៈ​វិធានការ​នេះ​កាលពី​ថ្ងៃទី​ ២ ខែ មេសា ឆ្នាំ​ ២០២០ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ​ដែនដី និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល និង​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​បាន​ដឹកនាំ​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន ក.ប.ប ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​អាល់កុល​ក្លែងក្លាយ​ចំនួន ២ ​កន្លែង​គឺ​ស្ថិតនៅ​ទីតាំង​ទី​ ១ ​នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​តាំងទី​ ២ ស្ថិតនៅ​ផ្លូវ​ ០១A បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ស្ងួងពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយ​ការត្រួតពិនិត្យ និង​យោង​លទ្ធផល​វិភាគ អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ចំនួន ៧៦៣ ប៊ីដុង និង ២២៤ ​ធុង សរុប​ស្មើនឹង ៥៩ ៤០២ ​លីត្រ​ ត្រូវ​បាន​ព្រះរាជអាជ្ញារង​សម្រេច​ឱ្យ​អគ្គនាយកដ្ឋាន ក.ប.ប ធ្វើការ​ដកហូត​មក​រក្សាទុក​ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​»​។

ក្រោយ​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​ទាំង​ ២ ​ទីតាំង​ខាងលើ​នៅ​ថ្ងៃទី​ ៣ ខែ​មេសា អគ្គនាយកដ្ឋាន ក.ប.ប បានចេញ​សេចក្ដី​ជូនដំណឹង​ដល់​ម្ចាស់​អាល់កុល​ក្លែងក្លាយ​ទាំង​ ២ ​ទីតាំង​ខាងលើ​ឱ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​នៅ​អគ្គនាយកដ្ឋាន ក.ប.ប ឱ្យបាន​មុន​ថ្ងៃទី​ ៨ ខែ​ មេសា ឆ្នាំ​ ២០២០ ​ជា​កំហិត​។ ក្នុងករណី​ម្ចាស់​ទំនិញ​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​ទេ អគ្គនាយកដ្ឋាន ក.ប.ប នឹង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ផាន អូន បញ្ជាក់ថា​៖ «​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​ម្ចាស់​ទីតាំង​ទាំង​ ២ ​ខាងលើ​នៅ​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ និង​ពន្យល់​ហេតុផល​ដល់​សមត្ថកិច្ច​នៅឡើយ​ទេ​។ ដូច្នេះ​យើង​ទុក​ឱសានវាទ​ដល់​ពួកគាត់​ដល់​ថ្ងៃទី ៨ ខែ​មេសា​នេះ​»​។

អគ្គនាយកដ្ឋាន ក.ប.ប បាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អាជីវករ​លក់ដុំ និង​លក់រាយ​ទាំងអស់​មេត្តា​ចូលរួម​សហការ និង​ស្វែងយល់​អំពី​ការប្រកប​អាជីវកម្ម​ដោយការ​ទទួលខុសត្រូវ​ខ្ពស់ ចៀសវាង​ការធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ និង​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​ផង​៕

វីដេអូ៖