ភ្នំពេញៈ លោក ស ថេត អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិនិង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បង្កើត​ក្រុម​អន្ដ​រាគមន៍​ពិសេស​ ៣ ក្រុម ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​និង​ទប់​ស្កាត់​ការ​ជិះ​បញ្ច្រាស​ទិសក្នុង​រាជ​ធានី​ភ្នំពេញ​ ជា​អ្វីដែ​ល​អ្នក​តាម​ដាន​បញ្ហា​នេះថា​ជា​រឿ​ងល្អ​ ប៉ុន្តែស្នើ​ឲ្យមា​នកា​ររឹ​ត​ប​ន្ដឹង​កា​រអ​នុវត្ត​ច្បាប់​ចរាចរណ៍​ថែម​ទៀត។

ដោយ​បានសរសេរ​​លើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី ១១ ខែកុម្ភៈ​ លោក ស ថេត បាន​បញ្ជាក់​ថា ការ​សម្រេចបង្កើត​ក្រុម​អន្ដរា​គមន៍​ពិសេស​នេះគឺមាន​ការ​ឯក​ភាព​ពីលោក ឃួង ស្រេង អភិ​បាល​រាជ​ធានីភ្នំ​ពេញដើម្បី​ចល័ត​នៅ​គ្រប់​គោល​ដៅ​ដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍។

លោកស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​​បាន​រៀប​រាប់​ថាការងារដែល​ក្រុម​អន្ដ​រាគមន៍​នេះ​នឹង​អនុវត្ត​រួម​មាន ​ចល័ត​ទៅ​គ្រប់​គោល​ដៅដែល​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ ទប់​ស្កាត់​ការ​ជិះ​បញ្រ្ចាស​នៅ​ម៉ោង​កក​ស្ទះ ​និងសុំ​ឲ្យ​កម្លាំង​សម្រួល​ចរាចរណ៍​ពេល​ស្ទះ​ខ្លាំងឲ្យ​បាន​ធូរ​ស្បើយ​។ក្រៅ​ពី​នោះ លោក ​ស ថេត បាន​ណែនាំ​​​នគ​របាល​ចរាចរណ៍​ថា មិន​ត្រូវ​ឈរ​លើ​ថ្នល់​មើល​ការ​កក​ស្ទះ​ឡើយ។

ប៉ុន្តែត្រូវ​ជិះ​ម៉ូតូ​ចល័ត​ទៅ​គ្រប់កន្លែង​ដែល​ស្ទះ​ ហើយ​សម្រួល​ដោះ​ស្រាយ​បញ្ហា​ស្ទះ​ភ្លាមៗ​។ ​ជាមួយ​នេះ ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​នៅ​តាម​ច្រក​ចេញ​រាជ​ធានី​ភ្នំពេញ​ក្នុ​ងពេល​មាន​ពិធី​បុណ្យ​ជាតិ​សំខាន់ៗ​។ត្រូវ​លុប​បំបាត់​សកម្ម​ភាព​ពួន​ស្ទាក់​ដើម្បី​ចាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ចរា​ចរណ៍ ​មិន​ត្រូវ​ពិន័យ​លើស​ការ​កំណត់​ និងមិន​ត្រូវ​ឆ្លើយ​ដាក់​កូន​ចៅ​ពេល​មាន​បញ្ហា​ ជាដើម។

ដោយឡែក​ កាល​ម្សិល​មិញ លោក​ ស ថេត ​បាន​បញ្ជាក់​បន្ថែម​ថា នគរបាល​៣ក្រុម​នេះគឺ​ជាកម្លាំង​ជំនួយ​ចល័តនៃ​កង​កម្លាំង​អន្ដរាគមន៍​ចរាចរណ៍​ផ្លូវ​គោក​ដើម្បី​បញ្ចៀស​​បញ្ហា​នៅ​កន្លែង​​កក​ស្ទះ​ខ្លាំង​​ដោយ​​ត្រូវ​ចេញ​ចល័ត​ក្នុង ​១ ​ថ្ងៃ ៣ លើក។

លោក​ថា​៖ «ការ​បង្កើត​គឺបង្កើត​ហើយប៉ុន្ដែ​បើ​អ្នក​ប្រើ​ប្រាស់​លើ​ទ្រូង​ថ្នល់​មិន​គោរពច្បាប់​មិន​ដឹង​ធ្វើ​ម៉េច​ទេ​។ វា​សំខាន់​​​គឺ​អ្នក​ដែល​ជិះឡាន​ជិះ​ម៉ូតូទាល់តែ​គោរព​ច្បាប់​ចរាចរណ៍ បើ​នៅ​តែ​មិន​គោរព​ ទោះ​បី​ដាក់ប៉ូលិស ១ ម៉ឺន​នាក់​​ទៀត​ក៏ទៅ​មិន​រួច​ដែរ»។

លោក​បន្ថែ​មថា​៖ «សំខាន់​ណាស់ត្រូវ​ជួយ​ប្រាប់​ពលរ​ដ្ឋ សិស្សា​នុសិស្ស​ មន្រ្ដី​រាជ​ការ​ឲ្យ​គោរ​ពច្បាប់។ ការ​បត់ ការ​មិន​គោរព​ភ្លើង​ស្តុប ការ​វ៉ា​ជែង កុំ​ល្មើស​ច្បាប់​ទៅ​វា​ស្រួល​ហើយ»។

ទន្ទឹម​នឹង​នេះ លោកស្នង​ការ​ក៏បាន​លើក​ឡើង​ដែរ​ថា អ្នកលក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​ ក៏ជា​មូល​ហេតុ​មួយ​​ នាំ​ឲ្យ​​ស្ទះ​ចរាចរណ៍​ផងដែ។

លោក​ថា៖ «យើង​មិន​ចង់​ទៅ​រើ​ទៅ​អីគា​ត់ទេ ប៉ុន្ដែ​អប់រំ​ណែនាំ​ពួកគាត់​កុំ​ឲ្យ​ដាក់​លក់​លើ​ចិញ្ចើម​ថ្នល់​អ៊ីចឹង​។បើ​របស់​អស់​លោក​ឆ្ងាញ់​ល្អ ដាក់​លក់​តែ​ក្នុង​ផ្ទះក៏គេ​ទៅ​តាម​ទិញ​ដែរ​។ទុកចិញ្ចើម​ផ្លូវ​សារធាណៈនេះឲ្យ​អ្នក​ថ្មើរ​ជើង​ដើរ ប៉ុន្ដែ​កន្លែង​ខ្លះមិន​គោរព​ទេ។ អ៊ីចឹង​ធ្វើ​ម៉េច​ត្រូវ​ជួយ​ចូល​រួម​គោរព​ច្បាប់​សណ្ដាប់​​ធ្នាប់​សាធារណៈ» ។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្កា​ររបួស​អាស៊ី​ប្រចាំ​កម្ពុជា (AIP) បានមើល​ឃើញថា​ មូលហេតុនៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធា​នីភ្នំពេញ​គឺ​បណ្ដាល​មក​ពី​បញ្ហាមួយ​ចំនួ​ន​ដូចជា កំណើ​ន​យាន​យ​ន្ដ បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​បញ្ហា​មនុស្ស​មិន​គោ​រព​ច្បាប់​ចរា​ចរណ៍​ជាដើម។

លោក​បាន​ថ្លែង​ថា​៖ «ឥរិយាបថ​នៃ​ការ​មិន​គោរព​ច្បាប់​របស់​ពលរដ្ឋ​យើង​ក៏ជា​បញ្ហា​ដែរ។ដូច​ជា ​ពេល​ពួកគាត់​ចត​រថយន្ដតាម​ភោជនីយ​ដ្ឋាន​គឺ​ពួក​គាត់យក​ចិញ្ចើម​ថ្នល់​ទៅ​ប្រើ​ប្រាស់​ខ្លួន​ឯងនិង​ឥរិយា​បថ​មួយ​ចំនួន​ទៀតដូចជា​ មិន​គោរព​សញ្ញា​ភ្លើង​ស្ដុប​ និង​ការ​ជិះ​បញ្ច្រាស​ទិស​ជា​ដើម​»។«រដ្ឋាភិបាល​គួរ​អប់រំ​ពលរដ្ឋ​យើង​ឲ្យ​ងាក​មក​ប្រើ​ប្រាស់​មធ្យោ​បាយ​ធ្វើដំណើរ​សា​ធា​រណៈ​វិញ​ ដើម្បី​បញ្ចៀស​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នេះ» ។

លោកស្រី លឹម សុខជា ទីប្រឹក្សា​ជាន់ខ្ព​ស់​អង្គការ​សម្ព័ន្ធ​ដើម្បីសុ​វត្ថិភាព​ចរាចរណ៍​ផ្លូវគោកបាន​លើក​ឡើង​ថា ការ​បង្កើត​​ក្រុម​អន្ដរាគមន៍​នេះ​ គឺ​ជាកត្ដា​ល្អ​ហើយ ប៉ុន្ដែ​សមត្ថកិច្ច​គួរ​មាន​ការ​រឹត​បន្ដឹង​ច្បាប់​បន្ថែម​ដើម្បីឈាន​ទៅ​ប្ដូរ​ឥរិយាបថ​របស់​ពលរដ្ឋ។

លោក​ស្រីបន្ដ​ថា​៖ «ការបង្កើត​ក្រុម​អន្ដរាគមន៍​នេះ​គឺ​ប្រសើរ​ហើយ តែ​យើង​ចង់​ដឹង​ថា​ តើ​គាត់​អនុវត្ដ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​។​ អាហ្នឹង​ចាំ​យើង​មើល​លទ្ធផល​បន្ដ​ទៀត​។បើ​ធ្វើ​សកម្មភាព​នេះ​បាន​ជោគជ័យ​មែនបណ្ដា​ខេត្ដ​ផ្សេង​ទៀត​គួរ​តែ​សិក្សា​យក​គំរូ​តាម»។

ប៉ុន្តែចំ​ពោះ​បញ្ហា​កក​ស្ទះ​ចរា​ចរណ៍​នៅ​រាជធានីភ្នំពេញ​​ លោក​ស្រី សុខ​ជា បាន​យល់ថា បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​នូវ​សីល​ធម៌ និង​សុជី​វធម៌នៃ​ការ​បើកបរ​របស់​ពលរដ្ឋ៕