កណ្តាលៈ អាជ្ញាធរ​ស្រុក​ខ្សាច់កណ្តាល​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដែលមាន​សមាជិក​ ១៨ ​រូប​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ជនសង្ស័យ ដែល​បាន​លួច​យកលុយ​កឋិន​ ២២ ​លាន​រៀល​នៅ​វត្ត​​ម៉ែបាន ស្ថិតក្នុង​ភូមិ​ម៉ែបាន ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល​។

អភិបាលស្រុក​ខ្សាច់កណ្តាល​លោក ប៊ុន ផេង បាន​ឱ្យ​ដឹងថា ការបង្កើត​គណៈកម្មការ​ថ្មី​នេះ គឺ​ដើម្បី​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​រកមុខ​ចោរ​យកមក​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ និង​រៀបចំ​ផ្ទៃក្នុង​នៅ​វត្ត​ម៉ែបាន​ឱ្យ​បាន​ល្អ​ប្រសើរឡើង​វិញ​។

យោងតាម​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ បាន​ឱ្យ​ដឹងថា សមាសភាព​ក្នុង​គណៈកម្មការ​ថ្មី​នេះ​មាន​លោក ប៊ុន ផេង អភិបាលស្រុក​ជា​ប្រធាន ព្រះឃោសធម្ម លន់ សុគន្ធា ជា​អនុប្រធាន ព្រមទាំង​មាន​សមាជិក​ជាច្រើន​រូប​ទៀត ដែល​មកពី​ការិយាល័យ​សង្គមកិច្ច នគរបាល​ស្រុក អាវុត្ថហត្ថ​ស្រុក មន្ត្រី​ធម្មការ និង​សាសនា​ស្រុក រួមទាំង​មេភូមិ មេប៉ុស្តិ៍​ផងដែរ​។

លោក ប៊ុន ផេង ប្រាប់ថា មកដល់​រសៀល​ថ្ងៃទី​ ២៤ ខែធ្នូ សមត្ថកិច្ច​នៅ​មិនទាន់បាន​រកឃើញ​ជន​សង្ស័យ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​។

លោក ផេង ថ្លែងថា​៖ «​រឿង​នេះ​ឥឡូវ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត ហេតុនេះ​ខ្ញុំ​មិនអាច​អធិប្បាយ​បាន​ទេ​ពេល​នេះ​»​។

អធិការ​ស្រុក​ខ្សាច់កណ្តាល​លោក ម៉ែន សុខឃឿន បានឱ្យ​ដឹងថា ក្នុង​វត្ត​ម៉ែបាន​បាត់​លុយ​អស់​រយៈពេល​ប្រមាណ​ជា​ ៣ ​ឆ្នាំ​មកហើយ ដែល​សម្រាប់​ឆ្នាំនេះ​បាត់អស់ ២២ ​លាន​រៀល និង ៤៦០ ​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក សុខឃឿន ថ្លែងថា​៖ «​រឿង​បាត់​លុយ​ហ្នឹង​តាម​ទទួល​ព័ត៌មាន​មក​ឮថា​បាត់​រាល់​ឆ្នាំ ឱ្យ​តែ​ធ្វើ​កឋិន​ហើយ បាត់ ធ្វើ​កឋិន​ហើយ​បាត់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​ហ្នឹង តែ​ឆ្នាំ​មុនៗ​យើង​មិនដឹង​បាត់អស់​ប៉ុន្មាន​ទេ ដឹង​តែ​ឆ្នាំ​ថ្មី​ហ្នឹង​ទេ​»​។

ស្រដៀង​គ្នា​នោះដែរ កាលពី​ថ្ងៃទី​ ២២ ខែធ្នូ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​លួច​លុយ​ ១២ ​លាន​រៀល​ នៅ​វត្ត​មុន្នី​ហែមវ័ន្ត​ប៉ោយចារ ស្ថិត​នៅ​ភូមិ​ប៉ោយចារ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​៕