​កណ្តាលៈ​ កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ ក្រសួង​មហា​ផ្ទៃ ​សហ​ការ​ជា​មួយ​នគរ​បាល​ប្រឆាំង​សេដ្ឋ​កិច្ច​ នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល ​និង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​កាល​ពី​ម្សិល​មិញ​បាន​ចុះ​បង្ក្រាប​ទី​តាំង​ស្តុក​បារី​ក្លែង​ក្លាយ​ ១​ កន្លែង​ ស្ថិត​នៅ ​ភូមិ​កំពង់​សំណាញ់ ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ​ខេត្ត​កណ្តាល រក​ឃើញ​បារី​ ESSE​ ក្លែង​ក្លាយ​សរុប​មាន​ចំនួន​ ៣៥ ​តោន​។

លោក​ ឡុង​ ស្រេង​ អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ ថ្លែង​ប្រាប់​ភ្នំពេញ​បុស្ដិ៍ម្សិល​មិញ​ថា ​ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​ហ៊ុន​ខ្មែរ​ ធីប​ថប​ អ៊ី​មិច​។

លោក​ ថ្លែង​​បន្ដថា៖​«​ឥឡូវ​​យើង​កំពុង​បិទ​ឃ្លុំបេ​សិន ​សរុប​បារី​ទាំង​អស់​មាន​ ៣៥តោន​​ ដោយ​ឡែក​ មាន​សម្ភារផលិត​បារី​ ESSE ​ប្រមាណ​ ១២​ តោន​ទៀត​»​។​

លោក​ ឡុង​ ស្រេង​ អះ​អាង​ថា​ម្ចាស់​ផ​លិត ​និង​ ស្ដុប​បារី​ក្លែង​ក្លាយ​​នេះ​ គឺ​ជាជន​ជាតិ​ចិន ​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ នគរ​​បាល​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ២ នាក់​ ចាត់ការ​ទៅ​តាម​ នីតិ​វិធី​ច្បាប់​ ហើយ​រឹបអូស​បា​រីក្លែង​ក្លាយ​ប្រមាណ​ជាង​ ៣៥​ តោន​ផង​ដែរ​។​

លោក​ឡុ​ង​ ស្រេង បាន​បន្ត​ទៀត​ថា ​រោង​ចក្រ​ផលិត​បារី​នេះ ​បាន​ផលិត​បារី​ម៉ាក​ ESSE​ ម៉ាក​ MALBORROW​ និង​បារី​ចិន ​​ជា​ច្រើន​ម៉ាក​ទៀត​ ដោយ​​បាន​យក​ទៅ​លក់​ទាំង​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​៕