មណ្ឌលគិរី: ជនសង្ស័យ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​កាប់​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​ប្រមាណ​ជាង​ ៦០ ​ហិកតា​ នៅក្នុង​តំបន់​ឃុំ​ដាក់ដាំ ស្រុង​អូររាំង ខេត្តមណ្ឌលគិរី ដោយ​ពួកគេ​បាន​កាប់​ឈើ​រាប់ម៉ឺន​ដើម​ជីកដី​កប់ ដើម្បី​បំបាត់​ភ័ស្តុតាង​នៃ​បទល្មើស​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​។

លោក អ៊ុំ វណ្ណសុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ការបង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នេះ​បាន​ធ្វើឡើង​ក្រោយពី​ប្រជាសហគមន៍​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ខ្លួន​មុន​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះទៅ​ដល់​តំបន់​នោះ​។

លោក អ៊ុំ វណ្ណសុភៈ ថ្លែងថា​៖ «​ជនសង្ស័យ​ទាំងអស់​បាន​នាំគ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​គ្រឿងចក្រ​ចំនួន ២ ​គ្រឿង​អេស្កាវ៉ាទ័រ និង​ត្រាក់ទ័រ និង​ម៉ូតូ ២ ​គ្រឿង​។ បច្ចុប្បន្ន​វត្ថុតាង​បទល្មើស​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រមូល​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​»​។

លោក អ៊ុំ វណ្ណសុភៈ ថ្លែងថា សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ក្រុម​ជនល្មើស​ដែល​បាន​កាប់រំលំ​ដើមឈើ​រាប់ម៉ឺន​ដើម ហើយ​បាន​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូសឆាយ​ដីព្រៃ​យ៉ាង​អនាធិបតេយ្យ​នៅ​ទីតាំង​នោះ​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ក្រោយពី​ការបង្ក្រាប​កាលពី​ថ្ងៃទី​ ១៥ ខែតុលា​។

លោក អ៊ុំ វណ្ណសុភៈ បញ្ជាក់ថា​៖ «​នៅពេល​នេះ​មន្ត្រី​ជំនាញ​យើង​កំពុង​ធ្វើការ​វាស់វែង​ឈើ ឬ​រាប់​ចំនួន​ដើមឈើ និង​កំពុង​វាស់វែង​ដីព្រៃ​ដែល​ជនល្មើស​បាន​ឈូសឆាយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​បាន​ទទួល​របាយ​ការណ៍​ជាក់លាក់​ទេ​។ ដូច្នេះ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​ចំនួន​ដើមឈើ​ដែល​គេ​កាប់​ហ្នឹង និង​ទំហំ​ដី​គេ​ឈូសឆាយ​បានទេ ដោយ​រង់ចាំ​ទទួល​ព័ត៌មាន​ច្បាស់​សិន​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​បាន​បិទ​មិន​អាច​ទាក់ទង​បាន​។

លោក ផង់ ហៀក នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ដាក់ដាំ ស្រុក​អូររាំង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ជនល្មើស​បាន​កាប់​ដើមឈើ​រាប់ម៉ឺន​ដើម ហើយ​បាន​យកទៅ​កប់​នៅក្នុង​ដី ដើម្បី​បំបិទ​ភ័ស្តុតាង​លាក់បាំង​សមត្ថកិច្ច​»​។

លោក​បន្តថា ឈើ​ទាំងអស់​នេះ​ត្រូវ​បាន​កប់​ក្នុង​ដី​មួយ​ចំនួន និង​ខ្លះទៀត​បម្រុង​នឹង​កប់ ប៉ុន្ដែ​សមត្ថកិច្ច​ចុះមក​បង្ក្រាប​ទាន់ ទើប​ពួកគេ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​។ ពួកគេ​បាន​បន្សល់ទុក​គ្រឿងចក្រ និង​ម៉ូតូ​នៅនឹង​កន្លែង​ប្រព្រឹត្ត​បទល្មើស ដោយ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ទាំងអស់​នេះ​។

លោក ផង់ ហៀក បញ្ជាក់ថា​៖ «​ឈើ​ទាំងអស់​ហ្នឹង មិនមែន​ជា​ឈើ​ប្រណីត​អី​ទេ គឺ​គ្រាន់តែ​ឈើ​ធម្មតា​ដែល​កាប់​ឆ្ការព្រៃ ហើយ​គេ​ដុត ប៉ុន្ដែ​ដុត​ឈើ​ហ្នឹង​វា​អត់​ឆេះ វា​ឆេះ​តែ​មែក​តូចៗ អ៊ីចឹង​នៅ​សល់​ដើមឈើ​រាង​ធំៗ​ល្មម​។ អ៊ីចឹង​ពួកគេ​ខ្លាច​បែកការណ៍​ដល់​សមត្ថកិច្ច​ក៏​បាន​កាយ​ដី​ជីក​កប់​ឈើ​ហ្នឹង​។ ជនល្មើស​មិនមែន​កាប់​ឈើ​ទេ គោលដៅ​គេ​គឺ​ទន្ទ្រាន​យក​ដី ប៉ុន្ដែ​យើង​បង្ក្រាប​ទាន់ពេល​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ពីថ្ងៃ​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​តាម​ចាប់​ជនល្មើស​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។ ករណីនេះ​អាច​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ព្រោះ​ជនល្មើស​បាន​ឈូសឆាយ​ដីព្រៃ​យ៉ាងច្រើន ប៉ុន្ដែ​អាជ្ញាធរ​​មូលដ្ឋាន​បែរជា​មិនបាន​បង្ក្រាប​បាន​ទាន់ពេលវេលា​។

លោក ម៉េងលី បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​សហគមន៍​ថា បទល្មើស​ទន្ទ្រាន​ដីព្រៃ​កើតឡើង​ជា​ហូរហែ ហើយ​សកម្មភាព​បង្ក្រាប​ធ្វើបាន នៅពេល​ដែល​មាន​មន្ត្រីជាន់ខ្ពស់ ឬ​មន្ត្រី​ថ្នាក់ជាតិ​ចុះបង្ក្រាប​ផ្ទាល់ ឬ​ចុះទៅ​ចង្អុលបង្ហាញ​ផ្ទាល់ អាហ្នឹង​បាន​មន្ត្រី​ថ្នាក់ក្រោម​ចុះ​អនុវត្ត អ៊ីចឹង​គឺ​បញ្ហា​កើតឡើង​ដដែល​»៕

វីដេអូ៖