តាកែវ៖ មន្ត្រី​នគរ​បាល​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​អះ​អាង​កាល​ពី​​អាទិត្យ​ថា​ មាន​ទីតាំង​លួច​លាក់​ដាំ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ ចំនួន​ ៦ ​កន្លែង ​ត្រូវ​បាន​សមត្ថ​កិច្ច​ការិ​យា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​​ តាកែវ ចុះ​បង្ក្រាប​ដោយ​កាប់​និង​ដុត​បំផ្លាញ​ចោល​នូវ​ដើម​កញ្ឆា​សរុប​ជាង ៤​ ០០០ ដើម​នៅ​នឹង​កន្លែង​។

លោក ​វង់ ​សុខ​ជា ​នាយកា​រិយា​ល័យ​ស្ដីទី​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត តា​កែវ ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ប្រតិ​បត្តិ​ការនេះ​បានធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​ដោយ​ចាប់​ផ្ដើម​ពីថ្ងៃ​ទី ១៧ ​ដល់ ​ថ្ងៃទី ​១៨ ​ខែ មេសា​ ឆ្នាំ ​២០២០ ​ដោយ​មាន​ការ​សហ​ការ​ពី​នគរ​បាល​មូល​ដ្ឋាន​ឃុំ​ព្រៃ​អំពក​និង​ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ស្រុក​គិរី​វង់​។

លោក​បាន​បញ្ជាក់​ថា៖ «​លទ្ធ​ផល​ក្នុង​ប្រតិប​ត្តិការ​រយៈ​ពេល ​២ ​ថ្ងៃនេះ​ សមត្ថ​កិច្ច​យើង​បាន​រក​ឃើញ​ហើយ​កាប់​ និង​ដុត​បំផ្លាញចោ​ល​នៅ​នឹង​កន្លែង​នូវ​ដំណាំ​កញ្ឆា​ សរុប​ចំនួន​ ៤ ២៨៥ ដើម ​ព្រម​ទាំង​រុះរើ​បំផ្លាញ​ចោល​អាង​ស្ដុក​ទឹក​ធ្វើ​ពី​កៅ​ស៊ូតង់​ចំនួន​ ៨​ ដែល​ក្រុម​ទុ​ច្ច​រិត​បាន​លួច​សាង​សង់​ និង ​ដាំ​ដុះ​នៅ​លើ​ទីតាំង ​៦ ​កន្លែង​ លើ​ផ្ទៃដី​សរុប​ចំនួន ​២ ១០៧ ម៉ែត្រ​កា​រ៉េ ក្នុងភូមិ​សាស្ត្រ​នៃ​ឃុំ​ទាំង​ ២ ​ខាង​លើ​នេះ»​។

បើ​តាម ​លោក សុខ​ជា ប្រ​តិប​ត្តិការ​នៅ​ថ្ងៃ​ដំបូង (១៧ មេសា) សមត្ថ​កិច្ច​បាន​ចុះ​ស្រាវ​ជ្រាវ​នៅទី​តាំង​ចាស់ ​ក្នុង​ឃុំ​ព្រះ​ បាទ​ជាន់​ជុំ ដោយ​រកឃើញ​​កញ្ឆា ​៥៣៥​ ដើម​ និង​ដក​យក​មក​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ព្រម​ទាំង​រុះរើ​កម្ទេច​ចោល​អាង​ស្ដុក​ទឹក​ធ្វើ​ពី​តង់​កៅស៊ូ​ចំនួន ១ ដែល​ក្រុម​ជន​មិន​ស្គាល់​មុខ ​បាន​សាង​សង់​ និងដាំ​ដុះ​ដោយ​ខុស​ច្បាប់​លើ​ផ្ទៃដី​ ១៣២​ ម៉ែត្រ​ការ៉េ នៅ​តំបន់​ ថ្ម​ស​ង្ក្រា​ន្ត​ ក្បែរ​ជើងភ្នំ ​ព្រះបាទជាន់ជុំ។

លុះ​ថ្ងៃ​បន្ទាប់ (១៨ មេសា) សមត្ថ​កិច្ច​បាន​បន្ត​ចុះ​ស្រាវ​ជ្រាវ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រៃ​ អំពក ​ដោយ​បាន​រក​ឃើញ​ដំណាំ​កញ្ឆា ​ចំនួន ​៣ ៧៥០​ ដើម​ ដែលគេ​លួច​ដាំ​នៅលើ​ទីតាំង​ចំនួន​​ ៥​ កន្លែង​ក្នុង​តំបន់​ដុប​មហាឥសី ហើយ​បាន​កាប់​និង​ដុត​បំផ្លាញចោ​ល​ នៅនឹង​កន្លែង​ព្រមទាំង​រុះរើ​បំផ្លាញ​ចោល​អាង​ស្តុក​ទឹក​ធ្វើ​ពី​តង់​កៅស៊ូ​ចំនួន​ ៧។

យោង​តាម​របាយ​ការណ៍​របស់​ការិ​យាល័​យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តតា​កែវ ដែ​ល​ភ្នំពេញ ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យដឹង​ថា​ ចាប់ពី​ដើម​ខែ ​មករា ឆ្នាំ​ ២០២០ ​មក​ទល់​នឹង​ថ្ងៃទី​ ១៨ ​ខែមេសា ​សមត្ថកិ​ច្ច​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ ២០ ​នាក់​ពាក់​ព័ន្ធ​ ករណី​ជួញ​ដូរ​រក្សាទុក​ និង​ដាំ​​កញ្ឆា​ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។

យ៉ាង​ណា​ក្ដី លោក​ សុខ​ជា បាន​បញ្ជាក់​ថា៖​ «បើទោះជា​សមត្ថ​កិច្ច​យើង​ចុះ​ស្រា​វជ្រាវ​ និង​ បង្ក្រាប​ជា​ប្រចាំ​និង​ឃាត់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​បញ្ជូន​ទៅ​តុលា​ការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នាគា​រ​ ជា​បន្ត​បន្ទាប់​ក៏ដោយ​ ​ក៏​ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​នេះ​នៅតែ​បន្ត​មាន​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ និង ​ឃុំ​ព្រៃ​អំពក ​នៃ​ស្រុក​គិរីវង់​ នេះ​ដដែល​​ ព្រោះ​ភូមិ​សាស្ត្រ​ឃុំ​ទាំង ​២ ​នេះ ស្ថិត​នៅ​ជាប់​មាត់​បឹង​ និង ​កូន​ភ្នំ​តូចៗ​​ជា​ច្រើន​ហើយ​ជាប់​តំបន់​ព្រំ​ដែន ​កម្ពុជា-​វៀត​ណាម»​។

លោក​ ​ញ៉ា​ង ​សង់ ​នាយ​នគរ​បាល​ប៉ុស្តិ៍ ឃុំ​ព្រៃ​អំពក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ពលរដ្ឋ​ក្នុង​ឃុំ​ ព្រៃ​អំពក ​មិន​និយម​ធ្វើស្រែ​ចម្ការ​នោះ​ទេ ពួកគេ​និយម​ធ្វើ​របរ​នេ​សាទ​ប្រមាញ់ ​និងដាំ​ដំណាំ​កញ្ឆា​ដែល​ជា​មុខរបរ​បន្សល់​ពី​បុព្វ​បុរស​របស់​ពួក​គេ​ជាច្រើ​ន​ជំ​នាន់​មក​ហើយ។​

លោក​បាន​បន្ត​ថា​ នៅក្នុង​ទសវត្ស​រិ៍​ឆ្នាំ ​១៩៨០ ​ដល់​ ១៩៩០ ​ប្រជា​ជន​ក្នុង​ឃុំ​នេះ​ភាគ​ច្រើន​បាន​ដាំ​ដំណាំ​កញ្ឆា​ ដើម្បី​​ដោះដូរ​​ស្រូវ​អង្ករ ​និង ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ។ ប៉ុន្តែ ​ក្រោយ​ពេល​រាជរ​ដ្ឋាភិបា​ល​ដាក់​បញ្ចូល​ដំណាំ​កញ្ឆា​ជា​ប្រភេទ​រុក្ខជាតិ​ញៀន​ និង ​បាន​ហាម​ដាំ​នោះ មាន​អ្នក​ភូមិ​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើជា​កម្មក​រសំណង់ និង​ធ្វើជា​កម្មករ​តាម​រោង​ចក្រ​ ​នៅ​បណ្ដា​ខេត្ត​ក្រុង​នានា ​​ប៉ុន្តែ​ មាន​ខ្លះ​នៅ​បន្ត​លួច​ដាំ​កញ្ឆា​ក្នុង​ព្រៃ​ជាប់​ជើង​ភ្នំ និង ​តាម​មាត់​បឹង​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​របស់​ពួកគេ​ដើម្បី​លាក់​បាំង​ពី​សមត្ថ​កិច្ច​។

លោក​សង់​ បាន​បញ្ជាក់​ថា៖​ «បើ​យើង​គ្រាន់​តែ​ពិនិត្យ​នៅ​តាម​ចម្ការ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ក្នុង​ភូមិគឺ​យើង​មិន​អាច​រកឃើ​ញ​ដំណាំ​កញ្ឆា​ទាំង​នោះ​ទេ​ ព្រោះ​ពួក​គាត់​មិន​ដាំ​លាយឡំ​​ជា​មួយ​ដំណាំ​ហូប​ផ្លែ​ដូច​មុន​ទៀត​ឡើយ។​ដូច្នេះ​ហើយ​ទើប​រាល់​ការ​រក​ឃើញ​ទីតាំង​លួច​ដាំ​ដំណាំ​កញ្ឆា​នេះ​សមត្ថ​កិច្ច​យើង​កម្រ​បាន​ជួប​និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើសបា​ន​ណា​ស់»​៕